ភ្នំពេញៈ ស្ថាន​ទូត​អូស្ត្រាលី​ សហ​ការ​ជាមួយ​ក្រសួង​សាធា​រណការ​ និង​ដឹក​ជញ្ជូន បើក​សម្ពោធ «កម្មវិធី​ភាព​ជា​ដៃគូ ដើម្បី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ (P4I)» ដែល​នឹង​ពន្លឿន​ការ​អភិវឌ្ឍ ហេដ្ឋា​រចនា​សម្ព័ន្ធ ដែល​មាន​គុណ​ភាព ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ឱ្យ​មាន​បរិយា​បន្ន និង​ភាព​ធន់នៅ​កម្ពុជា​។

P4I របស់​រដ្ឋា​ភិបាល​អូស្ត្រា​លី គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​រួម​លើការ​ជំរុញ​ឱ្យ​មានការ​ស្តារ​ឡើង​វិញ នៅក្នុង​តំបន់​ពីជំងឺ​កូវីដ​ ១៩​ តាម​រយៈ​ការ​អភិឌ្ឍ​ប្រកប​ដោយ​បរិយា​បន្ន និង​និរន្ត​រ​ភាព

P4I ផ្តល់​ជំនួយ​ជាង​ ១២០​ លាន​ដុល្លារ​អូស្ត្រា​លី (ជាង​ ៨៦ ​លាន​ដុល្លារ​អាមេរិក)​ ដើម្បី​សហកា​រជាមួយ​ប្រទេស​កម្ពុជា ឥណ្ឌូ​នេស៊ី ឡាវ ម៉ាឡេ​ស៊ី ហ្វីលី​ពីន ថៃ ទីម័រ​ខាង​កើត និង​វៀត​ណាម ព្រមទាំង​អាស៊ាន នៅ​ក្នុ​ងវិស័យ​ដឹក​ជញ្ជូន ថាមពល ភស្តុភាក​ម្ម និង​ទូរគម​នាគ​មន៍។

លោក Pablo Kang ឯក​អគ្គរាជ​ទូត​អូស្ត្រា​លី ប្រចាំ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នេះ​នាថ្ងៃទី ​៣១ ខែ​ឧសភាថា គំនិតផ្តួច​ P4I នេះ នឹង​ពង្រឹង​បន្ថែម លើ​ទំនាក់​ទំនង​រយៈ​ពេល​៧០​ឆ្នាំ​កម្ពុជា-អូស្ត្រា​លី និង​ពន្លឿន​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ ដែល​មាន​គុណ​ភាព ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិយា​បន្ន និង​ភាព​ធន់​នៅ​កម្ពុជា​។

លោក​ថ្លែង​ថា៖ «អូស្ត្រា​លីមាន​កេរ្តិ៍​ឈ្មោះដ៏​យូរ​អង្វែង និង​គួរ​ឱ្យ​ជឿជាក់​ ក្នុង​ការ​ផ្តល់​ជំនួយ ទៅដល់​ការ​អភិវឌ្ឍន៍​ហេដ្ឋា​រច្ចនា​សម្ព័ន្ធ ដែល​មាន​គុណ​ភាព នៅ​ក្នុង​តំបន់ និង​ក្នុង​ប្រទេស​កម្ពុ​ជា»​។

លោក​ Kang ថ្លែង​ថា កម្ពុជា​ក៏បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​ទាញ​យក​ជំនាញ​ និង​បទ​ពិសោធ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​អូស្ត្រាលី​ ដើម្បី​ឆ្លើយ​តប ទៅនឹង​តម្រូវ​ការ​ជាច្រើន​បែប ក្នុង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ និង​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ស្តារ​សេដ្ឋ​កិច្ច ប្រកប​ដោយ​បរិយា​បន្ន និង​ភាព​ធន់​ពីវិបត្តិ​ជំងឺ​កូវីដ ​១៩​។

លោកប​ញ្ជាក់ថា​៖ «យើង​នឹង​រង់ចាំ​មើល​នូវ​ផល​ប្រយោជន៍​របស់​ភាព​ជាដៃ​គូ ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​មួយ​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា​»។

លោក Kang សរសេរ​នៅ​លើ Twitter បន្ទាប់​ពីពិធី​នេះថា៖«កម្ម​វិធី P4I ប្រចាំ​តំបន់​ក្រោម​ជំនួយ​ជាង​ ១២០​ លាន​ដុល្លារ​អូស្ត្រា​លីនេះ កំពុង​តែ​ដំណើរ​ការ​លើការ​ស្ដារ​វិស័យ​សំណល់​រាវ ការ​ធ្វើ​និយ័ត​កម្ម​ទូរ​គមនាគ​មន៍ ការ​អនុវត្ត​ច្បាប់​ស្តីពីភាព​ជាដៃ​គូរវាង​រដ្ឋនិង​ឯក​ជន និង​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង នូវស្តង់​ដារផ្លូវ​នៅ​កម្ពុជា​»។

ស្ថាន​ទូត​អូស្ត្រា​លី​ប្រចាំ​កម្ពុជា​ បញ្ជាក់​ក្នុង​សេចក្តី​ប្រកាសព័ត៌​មាន​នាថ្ងៃទី​ ៣១ ខែ​ឧសភាថា នៅកម្ពុជា​ P4I កំពុង​ធ្វើ​ការ «យ៉ាង​សកម្ម» ជា​មួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​ នូវ​ការ​ផ្តល់​ថវិកា និង​ការស្តារ​ថ្លៃ​ចំណាយ​នៅ​ក្នុង​វិស័យ​សំណល់​រាវ ការ​ពង្រឹង ការ​គ្រប់​គ្រង​ការ​វិនិយោគ​សាធា​រណៈ និង​ការ​បង្កើន​នូវ​សមត្ថ​ភាព របស់​ក្រសួង​សេដ្ឋ​កិច្ច ដើម្បី​ទាក់​ទាញ​ការ​វិនិ​យោគ ពីវិស័យ​ឯក​ជន​ដែល​មាន​គុណភា​ព ក្នុង​វិស័យ​ហេដ្ឋា​រចនា សម្ព័ន្ធ​តាម​រយៈ​ភាព​ជា​ដៃគូ​រវាង​រដ្ឋា​ភិបាល​និង​ឯក​ជន​។

P4I ក៏កំពុង​ធ្វើ​កិច្ច​ពិភាក្សា​ជាមួយ​ក្រសួង​សាធា​រណ​ការ ក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ស្តង់​ដារ​ផ្លូវ និង​រៀប​ចំ​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ​គ្រប់​គ្រង​សំណល់​រាវ ហើយ​ក៏កំពុង​តែធ្វើ​ការ​ជាមួយ​នឹង និយតករ​ទូរគ​មនាគ​មន៍​កម្ពុជា ក្រសួង​រ៉ែនិង​ថាមព​ល និង​ក្រសួង​ស្ថាប័ន​ផ្សេងៗ​ទៀត ដើម្បី​ពង្រីក កិច្ច​សហការ​របស់​ប្រទេស​អូស្ត្រាលី​ ជាមួយ​ប្រទេស​កម្ពុជា នៅ​ក្នុង​វិស័យ ទូរ​គមនា​គមន៍ និង​វិស័យ​ថាមព​ល។​

សេចក្តី​ប្រកាសព័ត៌​មាន​ដដែល​បាន​ដក​ស្រង់​សំដី លោក ផែង សុវិជ្ជា​នោ រដ្ឋលេខា​ធិការ ក្រសួង​សាធា​រណការ ដែល​ថ្លែ​ង​ក្នុង​ពិធីនេះ​ថា ប្រទេស​មួយៗ តែង​ជួប​ប្រទះ​នូវ​បញ្ហា នៃកំណើន​ចំនួន​ប្រជា​ជន ការ​កើន​ឡើងនៃ​នគគរ​រូបនីយ​កម្ម និង​ហានិភ័យ​នៃ​បម្រែ​បម្រួល អាកាស​ធាតុ​មួយ​ចំនួន ដែល​ទាម​ទារ​ឱ្យ​មាន​ដំណោះ​ស្រាយ។

នៅក្នុង​ឆ្នាំដែល​ប្រទេ​សកម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន កម្ពុជា​កំពុង​តែផ្តោត​សំខាន់​ទៅ​លើការ​ពង្រឹង​នូវ​តំណភ្ជាប់​តាម​ព្រំដែន ដើម្បី​ពង្រីក​ទីផ្សារ និង​ពង្រឹង​វិស័យ​ពាណិជ្ជ​កម្ម។

លោក​ថ្លែង​ថា៖«ដើម្បី​អនុវត្ត​សកម្ម​ភាព​នេះ យើង​ត្រូវ​ការការ​វិនិយោ​គ និង​ការ​អភិវឌ្ឍ​ជាច្រើន នៅក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ។ យើង​ស្វាគមន៍​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី ដើម្បី​កសាង សមត្ថ​ភាព​របស់​ប្រទេស​កម្ពុជា​ដើម្បី​រៀបចំ និង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ ដែល​មាន​បរិយា​បន្ន និង​ភាព​ធន់​សម្រាប់​ផល​ប្រយោជន៍​របស់​ប្រជា​ជន​កម្ពុជា​»។

សេចក្តី​ប្រកាសព័​ត៌មាន​ដដែល​បញ្ជាក់​ថា P4I ផ្តល់​នូវ​លទ្ធភាព​បាន​រហ័សក្នុង​ការទទួលបាន​នូវ​អ្នក​បច្ចេក​ទេស​ដែល​មាន​សមត្ថ​ភាព​ខ្ពស់​មក​ពីប្រទេស​អូស្ត្រាលី ក្នុង​តំបន់​ និង​ជុំវិញ ពិភព​លោក ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​នូវការ រៀបចំ​ការ​ផ្តល់​ថវិកា និង​ការ​ធ្វើ​អភិបាល​កិច្ច ទៅ​លើការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​។

កម្មវិធី​នេះ ក៏ផ្តល់​ជំនួយ​ទៅ​ដល់​ការ​បង្កើត​ភាព​ជាដៃគូ​ថ្មីៗ រវាង​ស្ថាប័ន​រដ្ឋ ដែល​ពាក់​ព័ន្ធ​នឹង​កិច្ច​​ការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​កម្ពុជា និង​អូស្ត្រា​លី ដើម្បី​ចែក​រំលែក ចំណេះ​ដឹង និង​ពង្រឹ​ងទំនាក់​ទំនង​កាន់​តែស៊ី​ជម្រៅ​រវា​ងប្រជា​ជន​នៃប្រទេស​ទាំង​ ២​៕