តាកែវ/កំពង់ស្ពឺៈ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ក្មេង​ចាស់​ប្រុស-ស្រី ៧ ​នាក់ បាន​រង​របួស​ធ្ងន់ ​និង​ស្រាល​ដោយ​ករណី​ភ្លៀង​ លាយ​ឡំខ្យល់​កន្ត្រាក់ ធ្វើ​ឱ្យបាក់​រលំផ្ទះ​ សង្កត់​លើនៅ​ស្រុក​ព្រៃក​ប្បាស​ ខេត្ត​តាកែវ និង​ ផ្ទះ​ចំនួន​ ១៦២ ​ខ្នង​ទៀត​ បាន​រងការ​ខូច​ខាត​យ៉ាង​ដំណំ ខណៈនៅ​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ រង​ការ​ខូច​ខាត​ចំនួន​ ២៩ ​ខ្នង​ផ្ទះ។

លោក រស់ ថេត អធិការ​រង​ស្រុក​ព្រៃ​កប្បាស បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ថា​ កាល​ពីរសៀលថ្ងៃ​ទី ៣០ ខែ​ឧសភា មាន​ករណី​ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់​កើត​ឡើង ​បណ្ដាល​ឱ្យ​ខូច​ខាតលំនៅ​ឋានប្រជាពលរដ្ឋ​ ចំនួន ​១៦២ ​ខ្នង​ ក្នុង​នោះ​បាក់​​រលំ ខូច​ខាត​ទាំង​ស្រុង​ចំនួន​ ២២ ​ខ្នង និង បង្ក​ឱ្យ​មាន​ជន​រង​គ្រោះ​ចំនួន​៧​នាក់ ក្នុងនោះ​មាន​កុមារីម្នាក់ និង​កុមារាម្នាក់​ បាន​រងរបួ​ស​ធ្ងន់​។ ចំណែក​មនុស្ស​ចាស់​៥នាក់​ទៀត​រង​របួស​ស្រាល​។

លោក​បាន​បន្តថា ក្មេងស្រី​រង​គ្រោះ ឈ្មោះ ស្រ៊ី សុខ​ណា អាយុ ២​ ឆ្នាំ មាន​ទីលំនៅ ភូមិ​សំរោង​ម្រះ ឃុំបាន​កាម ស្រុក​ព្រៃកប្បាស​ បាន​រង​របួស​បាក់​ជើង​ម្ខាង ដោយ​ត្រូវ​សរសរ​ផ្ទះបាក់​រលំសង្កត់​ នៅ​ពេល​មាន​​ខ្យល់​កន្ត្រាក់​កើត​ឡើង​។

នាងត្រូវ​បានឪពុក​ម្ដាយ​ និង​​ក្រុម​បុគ្គលិក​សុខា​ភិបាល​ នៃ​មន្ទីរ​ពេទ្យ​ស្រុក​ព្រៃក​ប្បាស​ បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ក្នុង​រាជ​ធានីភ្នំ​ពេញ​ ដើម្បី​ពិនិត្យនិង​ព្យាបា​លរបួស​។ ចំណែក​កុមារា​រងគ្រោះ​ឈ្មោះ ហុន ពិសិដ្ឋ​ អាយុ ​១០​ ឆ្នាំ មាន​ទីលំនៅភូមិ​​ជ្រយ​ ឃុំចំប៉ា​ ស្រុក​ព្រៃក​ប្បាស បាន​រង​របស់​ក្បាល ​ត្រូវដេរ​​៣​ថ្នេរ ដោយ​សារ​កំណាត់​​ឈើធ្នឹម​ផ្ទះ​បាក់​​ធ្លាក់​​ត្រូវ​។

លោក​បាន​បញ្ជាក់​​ថា៖ «តាម​រយៈ​សាច់​ញាតិ​ក្រុម​គ្រួសារ​ក្មេងស្រី​រង​គ្រោះ​ នៅពេល​នេះ ​នាង​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ ដើម្បី​រង់​ចាំការវះ​កាត់​ជើង​ដែល​បាក់​នោះ នៅឯមន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ក្នុងរាជ​ធានី​ភ្នំពេញ​នៅឡើយ​»។

បើតាម​លោក រស់ ថេត នៅ​ព្រឹក​ថ្ងៃទី​ ៣១ ខែ ឧសភា ឆ្នាំ​ ២០២២ កម្លាំង​បញ្ជាការ​ឯកភាព​ស្រុក​ព្រៃក​ប្បាសប្រមាណ​ ៥០​ នាក់ បាន​ចុះអន្តរា​គមន៍ ជួយរុះ​រើ ប្រមូល​ផ្ដុំកំ​ណាត់​ស័ង្កសី​ និង កំណាត់​ឈើ នៃ​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​ការ​​ខូច​ខាត ទុក​ដាក់​ឱ្យមាន​សុវត្ថិ​ភាព ព្រម​ទាំង​បាន​ជួយ​ជួស​ជុល​ផ្ទះជូន​គ្រួសារ​ពលរដ្ឋ​រងគ្រោះ បាន​ជាង​ ៦០ ​ខ្នង​ហើយ និង​គ្រោង​ជួយ​ជួស​ជុល​បន្ត​ទៀត នៅ​ព្រឹក​ថ្ងៃទី ១​ ខែ​មិវុនា​​។

ចំណែក លោក ឃឹម ផាន់​រ៉ា អធិការ​ស្រុកគ​ង​ពិសី ខេត្ត​កំពង់​ស្ពឺ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ខ្យល់​កន្ត្រាក់​កាលពី​រសៀល​ថ្ងៃទី​ ៣០ ខែ​ឧសភា ក៏បាន​បង្កឱ្យ​ប៉ះពាល់ ​និង​ខូច​ខាត​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន​ ២៩​ ខ្នង និង​រថយន្ត​ ១​ គ្រឿង នៅក្នុង​ឃុំចំនួន​ ៥ ​នៃ​ស្រុក​គង​ពិសីនេះ​ផង​ដែរ ប៉ុន្តែ​គ្មាន​ពលរដ្ឋ​ណាម្នាក់​រ​ង​គ្រោះថ្នាក់​ ដោយ​ករណីនេះ​ទេ៕

វីដេអូ៖