ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការលើក​កម្ពស់​សិទ្ធិ​កុមារ ដោយ​លោក​បាន​អំពាវនាវ​ទៅដល់​គ្រប់​ក្រសួង ស្ថាប័ន ព្រម​ទាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បង្កើន​សិទ្ធិអំណាច​ដល់​កុមារ ជាពិសេស​កុមារី និង​សហគមន៍ ដើម្បី​ធ្វើឱ្យ​មាន​ការផ្លាស់ប្តូរ​សំខាន់ៗ​ដែល​អាច​ដោះស្រាយ​ឫសគល់​នៃ​ការរើសអើង ការ​ផាត់​ចេញ​ពី​សង្គម និង​ភាព​រងគ្រោះ និង​ងាយ​រងគ្រោះ​របស់​កុមារ​។

លោក ហ៊ុន សែន ដែលជា​ប្រធាន​កិត្តិយស​ក្រុម​ប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​លើក​ឡើង​ដូចនេះ​តាមរយៈ​សារលិខិត​អបអរសាទរ​ខួប​លើក​ទី​ ៧៣ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ខួប​លើក​ទី​ ២១ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​ ១២ មិថុនា និង​ទិវា​កុមារ​កម្ពុជា ឆ្នាំ​ ២០២២​។

រាជរដ្ឋាភិបាល​​តែងតែ​យកចិត្ត​ទុកដាក់ មាន​ឆន្ទៈ​មោះមុត និង​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​លើកកម្ពស់​សិទ្ធិ​កុមារ និង​សូម​លើក​ទឹកចិត្ត​ដល់​ជនរួមជាតិ ជាពិសេស​កុមារ​ខ្លួនឯង​ផ្ទាល់​ត្រូវ​ទទួល​ស្គាល់ថា កុមារ​គឺជា​អ្នក​ដែល​ត្រូវ​បន្តវេន​ក្នុង​ការជួយ​ស្តារ កសាង និង​អភិវឌ្ឍ​សង្គម​កម្ពុជា​។ លោក​នាយក​រដ្ឋមន្ត្រី​លើកឡើង​ថា​៖ «​សូមកុំ​អស់សង្ឃឹម ប្រទេស​កម្ពុជា​យើង​កំពុងតែ​ត្រូវការ​មនុស្ស​ដែលមាន​ធនធាន រួមគ្នា​បន្ត​វិនិយោគ​កុមារ​នៅថ្ងៃនេះ​នឹង​បង្កើត​បាន​ធនធាន​មនុស្ស ដែលមាន​ជំនាញ​ប្រកប​ដោយ​សក្តានុពល​នាពេល​អនាគត សំដៅ​ធ្វើឱ្យ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​កម្ពុជា​»​។

កម្ពុជា​មិនបាន​រៀបចំ​ប្រារព្ធ​មិទ្ទិញ​អបអរសាទរ​ទិវា​កុមារ​រយៈពេល​ ៣​ ឆ្នាំ​ជាប់​គ្នា គឺ​ឆ្នាំ ​២០២០- ២០២១ និង​ឆ្នាំ​ ២០២២ តែ​ទោះជា​យ៉ាងណា​ក៏ដោយ ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​មិនដែល​បំភ្លេច​ថ្ងៃជា​ប្រវត្តិសាស្ត្រ​របស់​ពួកគាត់​ដែរ​។ លោក ហ៊ុន សែន ក៏បាន​បញ្ជាក់​ដែរថា កម្ពុជា​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ និង​ត្រូវបាន​ពង្រឹង​កាន់តែ​រឹងមាំ​ថែមទៀត ដោយ​ឈរលើ​ជំហរ​សន្តិភាព គណនេយ្យភាព និង​ការទទួល​ខុសត្រូវ​។ ក្នុង​នាម​ជា​សមាជិក​ភាពជា​ដៃគូ​សកល​ ដើម្បី​លុបបំបាត់​អំពើ​ហិង្សា​លើ​កុមារ កម្ពុជា​បាន​បោះជំហាន​ទៅមុខ​ក្នុង​ឆន្ទៈ​បង្ហាញ​ការប្តេជ្ញា​ចិត្ត​រួមគ្នា លុបបំបាត់​អំពើ​ហិង្សា​លើ​កុមារ និង​អំពើ​រំលោភបំពាន​គ្រប់​រូបភាព​មកលើ​កុមារ​សំដៅ​ធ្វើឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ការអនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​។

លោក​បញ្ជាក់ថា៖ «​អាស្រ័យ​ហេតុនេះហើយ ទើប​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស ក្នុង​បណ្តា​ប្រទេស​អាស៊ាន ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការអង្កេត​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​អំពើហិង្សា​លើ​កុមារ ដែលមាន​លក្ខណៈ​វិទ្យាសាស្ត្រ​ក្នុងការ​កំណត់​ពី​ទំហំ វិសាលភាព ការផ្តល់​ភ័ស្តុតាង​ជាក់លាក់​នៃ​អំពើហិង្សា​លើ​កុមារ ផ្លូវកាយ ផ្លូវចិត្ត និង​ផ្លូវភេទ ដែល​កុមារ​បាន​ជួបប្រទះ​រួមទាំង​បញ្ហា​ប្រឈម​នានា​»​។

នាពេល​ថ្មីៗ​នេះ កម្ពុជា​ក៏បាន​សម្រេច​លទ្ធផល​ដ៏ធំៗ​ជាច្រើន សម្រាប់​កុមារ​កម្ពុជា ដែល​រួមមាន​ការអនុម័ត និង​ដាក់ឱ្យ​អនុវត្ត​ផែនការ​ប្រតិបត្តិការ​បង្ការ​ទប់ស្កាត់ ការរំលោភ​បំពាន និង​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​ឆ្នាំ​ ២០២១-២០២៥ ផែនការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ ឆ្នាំ​ ២០២១-២០-២៥ គោលនយោបាយ​ស្ដីពី​ការចិញ្ចឹម​កូន​តាមរយៈ​ឪពុក​ម្តាយធម៌ និង​សាច់ញាតិ គោលការណ៍​ណែនាំ​ស្តីពី​កិច្ចការពារ​កុមារ តាម​ប្រព័ន្ធ​អនឡាញ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​កិច្ចការពារ​កុមារ​។​ល​។

លោក​បាន​លើកឡើង​ទៀតថា កិច្ចការពារ​កុមារ សុវត្ថិភាព​របស់​កុមារ ការអនុវត្ត​សិទ្ធិ​កុមារ​គ្រប់​ជ្រុងជ្រោយ គឺ​ត្រូវធ្វើ​ឡើង​ដោយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ព្រោះ​រឿង​កុមារ​ជា​ការងារ​ពហុវិស័យ​ដែល​ត្រូវ​បំពេញ​រួមគ្នា​។ ដូច្នេះ​សម្រាប់​ថវិកាជាតិ​របស់​យើង​បាន​ផ្តល់ជូន​នៅ​គ្រប់​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ពី​ថ្នាក់ជាតិ ដល់​ថ្នាក់ក្រោម​ជាតិ​។ លោក ហ៊ុន សែន បាន​សង្កត់ធ្ងន់​ថា​៖ «​ខ្ញុំ​សូម​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​បន្ត​ពង្រឹង​យន្តការ​សម្របសម្រួល​ក្នុង​ការបង្ការ​ទប់ស្កាត់​អន្តរាគមន៍ និង​ការឆ្លើយតប​លើ​ករណី​កុមារ ដើម្បី​លើកកម្ពស់ និង​ផ្តល់​សេវា​យុត្តិធម៌​សង្គម ដោយ​ធានា​ឱ្យ​មាន​សមភាព​រវាង​កុមារា និង​កុមារី​»​។

ជាមួយ​គ្នានេះដែរ នាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា គប្បី​បន្ត​ការលើក​កម្ពស់​សេវា​សង្គម ជាពិសេស​ការផ្តល់​ប្រឹក្សា​យោបល់​ការ​ស្តារនីតិសម្បទា និង​សមាហរណកម្ម​ចំពោះ​កុមារ​រងគ្រោះ និង​ងាយ​រងគ្រោះ​ដោយ​ផ្តល់​អាទិភាព​ជា​ចម្បង​ដល់​កុមារី កុមារ​ជា​ជនជាតិដើម​ភាគតិច និង​កុមារ​មាន​ពិការភាព​។ លោក​ក៏បាន​ឱ្យ​ក្រុម​ប្រឹក្សាជាតិ​កម្ពុជា ​ដើម្បី​កុមារ គប្បី​បន្ត​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ដោយ​ប្រើប្រាស់​យន្តការ​ដែលមាន​ស្រាប់ លើកកម្ពស់​ការអនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិកុមារ​សំដៅ​ធ្វើឱ្យ​សម្រេច​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​កម្ពុជា​។

លោក ហ៊ុន សែន បន្ថែមថា៖ «​គ្រប់​ក្រសួង ស្ថាប័ន អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​ជំរុញ​ការរៀបចំ និង​អនុវត្ត ប្រព័ន្ធ​កិច្ចការពារ​កុមារ​ឱ្យមាន​លក្ខណៈ​ប្រទាក់ក្រឡា​ជា​ពហុវិស័យ​នៅក្នុង​សហគមន៍ ជាពិសេស ការជួយ​ដល់​កុមារ​គ្រប់​វិស័យ​»​។

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅនេះ គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ (​ក.ជ.ក​) បានចេញ​លិខិត​ថ្កោលទោស និង​ស្នើឱ្យ​ដាក់ទោស​ធ្ងន់ធ្ងរ​ដល់​ស្រី្ត​ម្នាក់​ដែល​បាន​ប្រើ​អំពើហិង្សា​លើ​កុមារី​អាយុ ៥ ​ឆ្នាំ ដែលជា​អ្នកបម្រើ​តាម​ផ្ទះ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ក.ជ.ក លើកឡើង​ថា៖ «​អំពើ​នេះ​បាន​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​កុមារ ជាពិសេស សិទ្ធិ​ទទួល​បាន​នូវ​កិច្ចការពារ​ដែល​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន និង​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។ លើសពីនេះ ក.ជ.ក ដែល​ជា​ស្ថាប័ន​សម្របសម្រួល​លើ​ការងារ​សិទ្ធិ​កុមារ​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​តុលាការ​ដាក់ទោស​ជនសង្ស័យ​ឱ្យបាន​តឹងរ៉ឹង​បំផុត ដើម្បី​កុំឱ្យ​អំពើ​ដ៏អាក្រក់​នេះ​កើតមាន​ក្នុង​សង្គមជាតិ​បន្តទៀត​។

ជា​លទ្ធផល សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ ស្ត្រី​ដែល​ប្រើ​ហិង្សា​លើ​កុមារី​អាយុ​ ៥​ ឆ្នាំនេះ​កាលពី​ថ្ងៃទី​ ២៧ ខែ​ឧសភា ក្រោម​ការចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​៕