The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ស ខេង ប្រាប់​​បេក្ខជន​ និង​អ្នកគាំទ្រ​ CPP គោរព​ឆន្ទៈ​ និង​​លទ្ធផល​បោះឆ្នោត

លោក ស ខេង ប្រាប់​​បេក្ខជន​ និង​អ្នកគាំទ្រ​ CPP គោរព​ឆន្ទៈ​ និង​​លទ្ធផល​បោះឆ្នោត

Content image - Phnom Penh Post
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ រូបថត Sar Kheng page

លោក ស ខេង ប្រាប់​​បេក្ខជន​ និង​អ្នកគាំទ្រ​ CPP គោរព​ឆន្ទៈ​ និង​​លទ្ធផល​បោះឆ្នោត

បាត់ដំបងៈ មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​កាន់អំណាច​នៅក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ និង​អ្នក​គាំទ្រ​គណបក្ស​នៅក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​នៅក្នុង​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​ ៣០ ខែ​ឧសភា បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ និង​លទ្ធផល​នៃ​ការបោះឆ្នោត ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន​ឱ្យ​កាន់តែ​រឹងមាំ​។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងថា​៖ «​ការបោះឆ្នោត គឺជា​រឿង​សំខាន់ និង​ចាំបាច់​បំផុត បើសិនជា​មិនមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទេ ក៏​ការបោះឆ្នោត​នោះ​មិនអាច​យក​ជាការ​បាន​ដែរ​។ ដូច្នេះ ការ​ទៅ​ចូលរួម​បោះឆ្នោត​របស់​ពួកគាត់ ទោះ​ពួកគាត់​បោះ​ទៅឱ្យ​គណបក្ស​ដទៃ ក៏​ចាត់ទុកថា​ពួកគាត់​បាន​គាំទ្រ​ដំណើរការ​បោះឆ្នោត ហើយ​បើ​គណបក្ស​ប្រជាជន​ឈ្នះឆ្នោត​ទៀត វា​បង្ហាញ​ពី​លទ្ធិប្រជាធិបតេយ្យ​គ្រប់គ្រាន់ និង​ពេញលេញ​»​។

«​កាលពី​ការបោះឆ្នោត​ឆ្នាំ ២០១៨ មាន​ក្រុមប្រឆាំង (​លោក សម រង្ស៊ី ) បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត​តាមរយៈ យុទ្ធនាការ​ម្រាមដៃ​ស្អាត និង ដេក​ផ្ទះ​ឈ្នះ​ឯង​។ បើសិនជា​ពេល​នោះ​អ្នក​ទៅ​បោះឆ្នោត​បាន​ត្រឹម​តែ ៤០ ​ភាគរយ នៃ​អ្នក​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត ធ្វើឱ្យ​ការបោះឆ្នោត​នោះ​យក​ជា​ការ​មិនបាន និង​មិនអាច​ទទួលបាន​។ គណបក្ស​កាន់អំណាច និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​បាន​មាន​បទពិសោធ និង​យល់ដឹង​ពី​បញ្ហា​នេះ​យ៉ាងច្បាស់ និង​បាន​បើកចំហ​បេះដូង​យ៉ាង​ទូលំទូលាយ​»​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវមាន​ទស្សនៈ​ឱ្យបាន​ទូលាយ ដើម្បី​ប្រមូល​ការគាំទ្រ ឱ្យបាន​ច្រើន​។ យ៉ាងហោចណាស់​យើង​ត្រូវ​គិតថា ប្រជាពលរដ្ឋ​ដែល​មិន​បោះឆ្នោតឱ្យ​យើង គាត់​បាន​បោះ​ឱ្យ​គណបក្ស​ផ្សេង ប៉ុន្តែ​គាត់​បាន​ទៅ​ចូលរួម​បោះឆ្នោត ដែល​បានបង្ហាញ​ពី​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​មូលដ្ឋាន​របស់​យើង​»​។

លោក ស ខេង បន្តថា ទោះ​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​តាមរយៈ​សន្លឹកឆ្នោត​ ១ ​សន្លឹក​របស់​គាត់​ឱ្យ​ទៅ​គណបក្ស​ផ្សេង​ក៏ពិតមែន ប៉ុន្តែ​ពួកគាត់​បាន​ចំណាយ​ពេល​វេលា​ទៅ​បោះឆ្នោត ដែល​មាន​ន័យថា ពួកគាត់​គាំទ្រ​ឱ្យ​មាន​ការបោះឆ្នោត ដើម្បី​ស្ថិរភាព និង​សន្តិភាព​នៅក្នុង​មូលដ្ឋាន​។ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ដើម្បី​បោះឆ្នោត​តែងតាំង​អ្នកដឹកនាំ​នៅ​មូលដ្ឋាន​នេះ​ដោយផ្ទាល់ ដូច្នេះ​វា​ជួយ​ពង្រឹង​ស្ថិរភាព ហើយក៏​ដូចជា​ជួយ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​កាន់តែ​រឹងមាំ​ផងដែរ បើ​ទោះ​មាន​មតិ​ខ្វែងគ្នា​ក្នុង​កិច្ចការ​មូលដ្ឋាន​របស់​គាត់​ក៏ដោយ​។

ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​កាលពី​ខែមិថុនា ឆ្នាំ​ ២០១៧ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជ័យជម្នះ​ចំនួន​ ១ ១៥៦ ​ឃុំ​-​សង្កាត់ នៅក្នុង​ឃុំ​-​សង្កាត់​សរុប​ ១ ៦៤៦​។ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ​៤៨៩ ​ឃុំ​-​សង្កាត់ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួលបាន​ ១​ ឃុំ​។ ចំនួន​ឃុំ​សង្កាត់​បាន​កើន​ដល់​ ១ ៦៥២ នៅក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២ ​នេះ​។

លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​នៅ​ថ្ងៃទី ៣១ ខែឧសភា​នេះ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការលើកឡើង​របស់​លោក ស ខេង នេះ​ស្តែង​ចេញពី​បេះដូង​ក្នុងនាម​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​កាន់អំណាច​ក្នុង​រឿង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក្រោយ​ការបោះឆ្នោត គណបក្ស​ភ្លើងទៀន​នឹងធ្វើ​កិច្ចសហការ​គ្នា​ឱ្យបាន​ល្អ ព្រោះ​នឹងមាន​មេឃុំ និង​ចៅសង្កាត់​ចម្រុះ​ចូលរួម​ដឹកនាំ​នៅ​មូលដ្ឋាន​។

លោក​ថ្លែងថា​៖ «​ប្រសាសន៍​របស់​សម្តេច​ ស ខេង នេះ​នឹង​ធ្វើឱ្យ​ការរៀបចំ​ដំណើរ​ការឃុំ​សង្កាត់​ប្រព្រឹត្ត​ទៅ​បានល្អ ហើយ​សហប្រតិបត្តិការ​ក្នុង​ការបម្រើ​ប្រជារាស្ត្រ រឹត​តែមាន​ប្រសិទ្ធភាព​។ ជាមួយ​គ្នា​នេះ ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​នឹង​ណែនាំ​ដល់​បេក្ខជន និង​អ្នកគាំទ្រ​ឱ្យ​អនុវត្ត​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ឱ្យបាន​ត្រឹមត្រូវ​ជាមួយ​គ្នា​»​។

លោក សំ សុគន្ធាមី នាយកប្រតិបត្តិ​អង្គការ​និកហ្វិក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៣១ ឧសភា​ថា ការលើកឡើង​របស់​លោក ស ខេង នៅពេល​នេះ​ជា​ចំណុច​ល្អ ដើម្បីឱ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន ត្រឹមត្រូវ និង​យុត្តិធម៌ មិន​គំរាមកំហែង និង​គោរព​ឆន្ទៈ​ម្ចាស់ឆ្នោត​។

លោក​ថ្លែងថា​៖ «​អង្គការ​សង្គម​ស៊ីវិល យើង​ចង់​បាន​ការបោះឆ្នោត​មួយ​ចេញពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ គ្មាន​ការបំភិតបំភ័យ និង​រើសអើង​ជាដើម​...(​ហើយ​) ​សុំឱ្យ​គាត់​ចាត់​វិធានការ​ផង នៅពេល​ដែល​អាជ្ញាធរ​ណាមួយ​មិន​គោរព​»​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) កាលពី​ថ្ងៃទី​ ៣០ ខែឧសភា ឱ្យ​ដឹងថា សភាពការណ៍​ទូទៅ​នៃ​ដំណើរការ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​នយោបាយ​ក្នុង​រយៈពេល ១០ ​ថ្ងៃ គឺ​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ គ្មាន​អំពើហិង្សា និង​គ្មាន​ការគំរាម​កំហែង​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បានឱ្យ​ដឹងថា​៖ «​គ.ជ.ប បន្តថា ការឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ មាន​រយៈពេល​ ១៤ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ២១ ខែឧសភា ដល់​ថ្ងៃទី​ ៣ ខែមិថុនា ឆ្នាំ​ ២០២២ ហើយ​រាល់​សកម្មភាព​ឃោសនា​ត្រូវ​គោរព​ច្បាប់ បទបញ្ជា និង​នីតិវិធី រួមទាំង​សេចក្ដីណែនាំ​របស់ គ.ជ.ប ដោយ​បណ្ដា​គណបក្ស​នយោបាយ​បាន​ធ្វើ​សកម្មភាព​ឃោសនា​ស្វែងរក​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត​ចំពោះ​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​នយោបាយ​ខ្លួន​ក្នុងការ​អភិវឌ្ឍ​ឃុំ សង្កាត់​»​។

លោក សោម សូរីដា អ្នកនាំពាក្យ​ គ.ជ.ប ថ្លែងថា ក្រោយពី​ទទួលបាន​លទ្ធផល​បឋម​ពី​គណៈកម្មការ​ឃុំ-​សង្កាត់ គ.ជ.ប នឹង​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ វិទ្យុជាតិ និង​បណ្តាញ​សង្គម​របស់​ គ.ជ.ប៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍