ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​-​សង្គមកិច្ច​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ទាំង​រដ្ឋ និង​ឯកជន​ទាំងអស់ កុំ​មើលរំលង​សមត្ថភាព​ជន​មាន​ពិការភាព និង​លើក​ទឹកចិត្ត​ឱ្យមាន​ការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​រូបវន្ត​សម្រាប់​ជនពិការ​នៅតាម​ទីសាធារណៈ ដើម្បី​ចូលរួម​លើកកម្ពស់​សិទ្ធិ​ស្មើគ្នា​នៅក្នុង​សង្គម​។

នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្គោល​ជាតិ​ស្ដីពី «​ហេដ្ឋា​រចនាសម្ព័ន្ធ​រូបវន្ត​បង្កលក្ខណៈ​ងាយស្រួល​» ជំនាន់​ទី​ ២ កាលពី​ថ្ងៃទី ៣០ ខែឧសភា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​អគ្គលេខាធិការ ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​កម្ពុជា​លោក ឯម ច័ន្ទមករា​បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការធានា​លក្ខណៈ​ងាយស្រួល​ដល់​ជន​មាន​ពិការភាព​ ដើម្បី​ជាការ​គោរព​នូវ​សិទ្ធិ​ស្មើគ្នា​របស់​មនុស្ស​ផ្ដល់​នូវ​យុត្តិធម៌ និង​ជួយ​ដល់​ជន​មាន​ពិការភាព បង្ហាញ​នូវ​ទេពកោសល្យ និង​ឱកាស​ការងារ​។ ជន​មាន​ពិការភាព​បាន​បន្ថែម​ភាព​ចម្រុះ​ដល់​សហគមន៍ ហើយ​ភាព​ចម្រុះ​នោះ​ធ្វើឱ្យ​សហគមន៍​កាន់តែ​សម្បូរបែប ព្រោះ​ប្រសិន​អាចធ្វើ​សមាហរណកម្ម​ជន​មាន​ពិការភាព​ទៅក្នុង​សហគមន៍ ពួកគេ​នឹងមាន​ឱកាស​បង្កើត​មិត្ត​កាន់តែច្រើន ហើយ​មនុស្ស​កាន់តែ​ច្រើន នឹងមាន​ឱកាស​ស្គាល់​ពួកគេ​។

ប៉ុន្តែ​លោក ឯម ច័ន្ទមករា បញ្ជាក់ថា ការបរាជ័យ​ក្នុង​ការធានា​ដល់​ការបង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ជន​មាន​ពិការភាព គឺ​នឹងធ្វើ​ឱ្យមាន​ការបាត់បង់​ទេព​កោសល្យ និង​ថាមពល​ការងារ​សំខាន់ៗ​របស់​ជន​មាន​ពិការភាព​។

លោក​ថា​៖ «​ការបដិសេធ​របស់​សង្គម​ដោយ​មិន​ផ្តល់​ឱកាស​ការងារ ការអប់រំ ឬ​សេវាកម្ម​ផ្សេងៗ សម្រាប់​ជន​មាន​ពិការភាព គឺ​មិន​ត្រឹមតែ​អយុត្តិធម៌​ចំពោះ​ជន​មាន​ពិការភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការមើលរំលង​នូវ​ធនធាន​មនុស្ស និង​ធ្វើឱ្យ​សង្គម​កាន់តែ​បាត់បង់​ធនធាន​ល្អ​ថែម​ទៀតផង​»​។ ជន​មាន​ពិការភាព​ជាច្រើន​មានជីវិត​លំបាក​រួចទៅហើយ បើ​ធៀប​ជាមួយ​មនុស្ស​សាមញ្ញ​ទូទៅ ដូចនេះ​ក្នុងនាម​ជា​មនុស្ស​រស់នៅ​ក្នុងសង្គម វា​ជា​កាតព្វកិច្ច​របស់​យើង​ក្នុង​ការជួយ​ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ​។

លោក​ថា ការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​សម្រាប់​ជន​មាន​ពិការភាព​គឺជា​រឿង​មួយ​សំខាន់ អ៊ីចឹង​ការកសាង​នេះ​ត្រូវមាន​ជម្រាល ធ្នាក់​ដៃ បន្ទប់ទឹក កន្លែង​ចត​ឡាន​គឺ​ត្រូវ​សមស្រប​ទៅនឹង​បទដ្ឋាន​គតិយុត្ត​ដែល​ក្រសួង​បានដាក់​ចេញ​ឱ្យ​ប្រើប្រាស់ ព្រោះ​បើ​យើង​ធ្វើ​មិនបាន​ត្រឹមត្រូវ​ទេ អាច​បង្ក​គ្រោះថ្នាក់​ដល់​ជនពិការ​។

បន្ថែម​ពីនេះ លោក​បាន​អំពាវនាវ​ដល់​ក្រសួង​-​ស្ថាប័ន ក្រុមហ៊ុន វិស័យ​ឯកជន​ទាំងអស់​ស្នើសុំ​ជំនួយ​ឬ​ពិភាក្សា​ជាមួយ​ជន​មាន​ពិការភាព​ ដើម្បី​ជួយផ្តល់​យោបល់​ ដើម្បី​អភិវឌ្ឍ​គម្រោង​នាពេល​ខាងមុខ​។

បើតាម​លោក ឯម ច័ន្ទមករា ក្នុង​រយៈពេល​ប៉ុនា្មន​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​ពិការភាព មានការ​លេចធ្លោ​ជាខ្លាំង​តាមរយៈ​សមិទ្ធផល​ជាច្រើន​ត្រូវបាន​បង្កើតឡើង ដូចជា​ការបង្កើត​ជម្រាល តាម​អគារ​សាលាឃុំ​មួយចំនួន ការផ្តល់​សេវា​ស្តារ​លទ្ធភាព​ពលកម្ម ការអប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ មុខរបរ និង​ការងារ ការរៀបចំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​បម្រើសេវា​ជូន​ជនពិការ​ក្នុង​នោះ​មានដូចជា​មជ្ឈមណ្ឌល​ជាតិ​ជនពិការ មណ្ឌល​ស្តារនីតិសម្បទា និង​មណ្ឌល​ព្យាបាល​ថែទាំ​អ្នកមាន​វិបលា្លស​។

នាយិកា​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា លោកស្រី ម៉ាក់ មូនីកា មានប្រសាសន៍ថា តាមរយៈ​កម្មវិធី​នេះ​នឹង​ជា​មធ្យោបាយ​មួយ​ដែល​រួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បីឱ្យ​មានការ​គិតគូរ​អំពី​ការបង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជន​ពិការភាព​។

លោកស្រី​ថា​៖ «​អ៊ីចឹង​គ្រប់​គ្រឹះស្ថាន​ទាំងអស់​រដ្ឋ និង​ឯកជន​ត្រូវ​គិតគូរ​អំពី​ការបង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជន​មាន​ពិការភាព ឧទាហរណ៍ មាន​ការ​សាងសង់​អគារ​ថ្មី ថា​តើ​អគារ​នោះ​ត្រូវ​គិតគូរ​អ្វីខ្លះ​ដល់​ជនពិការ ដូចជា​នៅតាម​ទីធ្លា​សាធារណៈ មន្ទីរពេទ្យ បន្ទប់ទឹក កន្លែង​ចំណត​ឡាន​ជាដើម​»​។

យ៉ាងនេះ​លោកស្រី​សង្កេតឃើញ​ថា មួយរយៈ​ពេល​ចុងក្រោយ​នេះ​វិស័យ​ពិការភាព​មាន​ការ​រីកចម្រើន​ច្រើន​បើ​ប្រៀបធៀប​ពីមុន ដោយសារ​ភាគី​ពាក់ព័ន្ធ​បានគិត​គូរ​ដល់​ជនពិការ ទាក់ទង​ការផ្តល់​ឱកាស​ការងារ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​។

ពាក់ព័ន្ធ​វិស័យ​ពិការភាព​នេះ​រដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ពិការភាព ដោយ​បាន​គិត​បញ្ជូល​អំពី​ការបង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជន​មាន​ពិការភាព​រួមមាន ការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ឧបករណ៍​ផ្សេងៗ ការកែ​លម្អ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ និង​ការកែលម្អ​មធ្យោបាយ​ទំនាក់ទំនង ចំណេះដឹង និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន រួមទាំង​ឧបករណ៍ និង​សេវាកម្ម​ផ្សេងៗ​ទៀត​សម្រាប់​ជន​មាន​ពិការភាព​៕