ភ្នំពេញៈ ​ខណៈ​កម្ពុជា​នៅ​សល់​ពេល​ប្រមាណ​ ៧ ​ខែ​ទៀត​​ដែល​ត្រូវផុត​អាណត្តិ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ រដ្ឋមន្ត្រី​ការបរទេស លោក ប្រាក់ សុខុន បានប្រកាស​ថា កម្ពុជា​មាន​សមត្ថភាព​ក្នុងការ​ពង្រឹង និង​លើកកម្ពស់​បន្ថែមទៀត​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​វិបុលភាព​ក្នុង​តំបន់​។

លោក​ថ្លែងថា​៖ «​ក្នុង​រយៈពេល​ ៧ ​ខែ​ទៀត​សម្រាប់​កម្ពុជា​ក្នុង​​ការដឹកនាំ​អាស៊ាន​ក្នុង​អំឡុងពេល​វិសាមញ្ញ​នេះ កម្ពុជា​នឹង​បន្ត​​អនុវត្ត​ស្មារតី​​រួមគ្នា​របស់​អាស៊ាន ដើម្បី​បង្រួបបង្រួម​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង ទាំង​ផ្ទៃក្នុង​អាស៊ាន ក៏​ដូចជា​ជាមួយ​ដៃគូ​អាស៊ាន ដើម្បី​សម្រេចបាន​នូវ​គោលដៅ​របស់​យើង​ក្នុង​ការកសាង​សហគមន៍​អាស៊ាន​ដែលមាន​ភាពធន់ ស្របតាម​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​ ២០២៥»​។

លោក ​ប្រាក់ សុខុន ថ្លែង​ដូច្នេះ​ក្នុង​សិក្ខាសាលា​នា​ថ្ងៃទី​ ៣១ ខែឧសភា​នៅ​សណ្ឋាគារ Hyatt Regency Hotel រាជធានី​ភ្នំពេញ ដែល​សហការ​រៀបចំ​ដោយ​ក្រសួង​ការបរទេស និង​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​(AVI) ស្តីពី​ការរួមចំណែក​របស់​កម្ពុជា​ចំពោះ​អាស៊ាន​ចាប់តាំងពី​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន​តាំងពី​ឆ្នាំ​ ១៩៩៩ មក​។

លោក​ថ្លែងថា​៖ «​យើង​ជឿជាក់ និង​អាច​បញ្ជាក់​ជាថ្មី​ថា យើង​មាន​ការប្តេជ្ញាចិត្ត និង​សមត្ថភាព​ ដើម្បី​ពង្រឹង និង​លើកកម្ពស់​បន្ថែមទៀត​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​វិបុលភាព​ក្នុង​តំបន់​ ដើម្បី​សុខុមាលភាព​របស់​ប្រជាជន​យើង​។ នោះ​ហើយ​ជា​ស្មារតី​ពិត​នៃ​ការ​រួបរួមគ្នា​»​។

ជាមួយ​គ្នានេះ លោក ប្រាក់ សុខុន ​បាន​ជំរុញ​ និង​លើកទឹកចិត្ត​ដល់​អ្នក​ចូលរួម​ក្នុង​សិក្ខាសាលា​ទាំងអស់​ឱ្យចូល​រួម​ពិភាក្សា​ឱ្យបាន​សកម្ម ដោយ​លោក​មានជំនឿថា លទ្ធផល​នៃ​សិក្ខាសាលា​នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការយល់ដឹង​កាន់តែ​ប្រសើរឡើង​អំពី​ភាពពាក់ព័ន្ធ​របស់​កម្ពុជា​នៅក្នុង​អាស៊ាន​។

លោក​ ប្រាក់ សុខុន ពេល​ចូលរួម​ក្នុង​សិក្ខាសាលា​ពី​អាស៊ាន​នៅ​ថ្ងៃទី​ ៣១ ឧសភា​។ រូបថត AKP

លោក​បន្តថា ខណៈ​ដែល​អាស៊ាន​ប្រារព្ធ​ខួប​លើក​ទី​ ៥៥ ​របស់ខ្លួន កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ ដើម្បី​ជំរុញ​ការកសាង​សហគមន៍​អាស៊ាន​។

ក្រោម​មូលបទ «​អាស៊ាន​រួមគ្នា​ធ្វើ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​គ្នា​» ​សម្រាប់​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំនេះ បរិបទ​ក្នុង​តំបន់ និង​អន្តរជាតិ​បច្ចុប្បន្ន​ត្រូវការ​ការពង្រឹង ការប្តេជ្ញាចិត្ត​រួមគ្នា​ចំពោះ​មជ្ឈភាព ឯកភាព និង​សាមគ្គីភាព​របស់​អាស៊ាន​។

លោក​អំពាវនាវ​ដល់​អាស៊ាន​ត្រូវ​ពង្រឹង​ស្មារតី​រួបរួមគ្នា​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ ដើម្បី​ធានា​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ក្នុង​តំបន់ និង​ពិភពលោក​។ លោក​អះអាង​ថា តាំងពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​គ្រួសារ​អាស៊ាន​ក្នុង​ឆ្នាំ​ ១៩៩៩ កម្ពុជា​​មាន​ឆន្ទៈ​នយោបាយ និង​ការប្តេជ្ញាចិត្ត​​ជានិច្ច​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន​។

លោក​ ប្រាក់ សុខុន ថ្លែងថា​៖ «​កម្ពុជា​បានរួម​ចំណែក​យ៉ាងខ្លាំង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ក្នុង​ការរក្សា​សន្តិភាព​ពិភពលោក តាមរយៈ​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ និង​ការដោះស្រាយ​បញ្ហា​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​»​។

លោក​បានប្រកាស​ពី​ភាពជោគជ័យ​របស់​កម្ពុជា​ បន្ទាប់ពី​បានធ្វើ​ជា​សហប្រធាន​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​នូវ​កិច្ចប្រជុំ​ក្រុមការងារ​កម្រិត​ខ្ពស់​លើក​ដំបូង ដើម្បី​បង្កើត​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ ​២០២៥​។

រដ្ឋមន្ត្រី​រូបនេះ​ប្រកាស​ថា កាលពី​សប្តាហ៍​មុន កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការចរចា​ក្រម​ប្រតិបត្តិ​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​ (COC) ​អាស៊ាន​-​ចិន ដោយ​ជោគជ័យ​នៅ​ខេត្តសៀមរាប​ជា​ទម្រង់​រូបវន្ត​ជា​លើកដំបូង​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩​។ អាស៊ាន និង​ចិន​បាន​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញា​ចិត្ត​របស់ខ្លួន​ក្នុង​ការធ្វើការ​ឆ្ពោះ​ទៅរក​ការបញ្ចប់ COC ដំបូង​ដែលមាន​ប្រសិទ្ធភាព និង​មាន​សារៈសំខាន់ ដោយ​ស្របតាម​ច្បាប់​អន្តរជាតិ រួមទាំង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ (UNCLOS) ​ឆ្នាំ​ ១៩៨២​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣១ ខែឧសភា ថា កម្ពុជា​ដែលជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ​គឺ​ជួបប្រទះ​នូវ​បញ្ហា​ក្តៅ​ច្រើន​ដូចជា​បញ្ហា​សង្គ្រាម​រុស្ស៊ី​-​អ៊ុយក្រែន ដែល​អាស៊ាន​ចាំបាច់​ដាក់ចេញ​នូវ​សេចក្តី​ថ្លែងការណ៍​ផ្សេងៗ​ ដើម្បី​បញ្ឈប់​អំពើហិង្សា​ ឬ​ឱ្យមាន​ការដក​កងទ័ព​រុស្ស៊ី​ចេញពី​អ៊ុយក្រែន​។ នេះ​ជា​ជំហរ​មួយ​ដែល​មិន​គាំទ្រ​ការឈ្លានពាន​របស់​រដ្ឋ​មួយ​ទៅលើ​រដ្ឋ​អធិបតេយ្យ​មួយទៀត​។

លោក​ថ្លែងថា​៖ «​រឿង​ក្តៅ​មួយទៀត​នៅក្នុង​អាស៊ាន​របស់​យើង​គឺ​រឿង​ភូមា​ហ្នឹងឯង ហើយ​រដ្ឋាភិបាល​កម្ពុជា​គឺ​ខិតខំ​ប្រឹងប្រែង​ខ្លាំងណាស់​ ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ការអនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ ៥ ​ចំណុច​ [​កុងសង់ស៊ីស​] ​។ ​...​យើង​ឃើញ​គ្រាន់​​តែ​ចាប់ផ្តើម​ទទួល​តួនាទី​ជា​ប្រធាន​​អាស៊ាន​ភ្លាម​គឺ​សម្តេច​តេជោ​ ហ៊ុន សែន ទៅធ្វើ​ទស្សនកិច្ច​នៅ​ភូមា​តែម្តង ហើយ​ទស្សនកិច្ច​នេះ​គឺ​បញ្ចប់​ជាមួយ​នឹង​ការអបអរសាទរ និង​ការរិះគន់​។ តែ​ទោះ​យ៉ាងណា​ក៏ដោយ កម្ពុជា​នៅ​​តែ​ទទួលយក [​ការរិះគន់​] ព្រោះ​យើង​មាន​សុច្ឆន្ទៈ​ក្នុងការ​ធ្វើឱ្យ​ភូមា​អាច​រកឃើញ​នូវ​ដំណោះស្រាយ​នយោបាយ​មួយ រកឃើញ​នូវ​សន្តិភាព​»​។

លោក គិន ភា បន្តថា ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​គឺជា​រឿង​ក្តៅ​សម្រាប់​កម្ពុជា​ដែរ ដែល​ហៅថា​ «​ដុំថ្ម​ក្តៅ​» ​ហើយ​ជំហរ​កម្ពុជា​មិនមាន​ការផ្លាស់ប្តូរ​ទេ​គឺ​ធ្វើយ៉ាងណា​ឱ្យ​ភាគី​ពាក់ព័ន្ធ ដោះស្រាយ​បញ្ហា​ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ ជាពិសេស UNCLOS ហើយ​និង​អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​សេចក្តី​ប្រកាស​ស្តីពី​ក្រម​ប្រតិបត្តិ​សម​ភាគី​សមុទ្រ​ចិន​ខាងត្បូង ​(DOC)​។

លោក​បន្តថា​៖ «DOC នេះ​ជា​សមិទ្ធផល​ដ៏​ធំធេង​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​គឺ​រយៈពេល​ ៣ ឆ្នាំ បន្ទាប់ពី​ខ្លួន​បាន​ចូល​ជា​សមាជិក​ [​អាស៊ាន​] គឺ​យើង​សម្រេចបាន DOC មួយ​ដែល​ចុះហត្ថលេខា​នៅ​ទីក្រុង​ភ្នំពេញ ហើយ​មក​ពេលនេះ​គឺ​ខួប​ ២០ ​ឆ្នាំ​ហើយ ហើយ​យើង​សង្ឃឹមថា កម្ពុជា​នឹង​ជួយ​ជំរុញ​ខិតខំ​ធ្វើ​ម៉េច​ឱ្យ COC ហ្នឹង​អាច​លេចចេញ​ជា​រូបរាង​ក្នុងពេល​វេលា​ដ៏សមស្រប​មួយ​»៕