ភ្នំពេញៈ ក្រសួង​យុត្តិធម៌​សហការ​ជាមួយ​អង្គការ​អភិរក្ស​សត្វព្រៃ WCS ប្រចាំ​កម្ពុជា រៀបចំ សិក្ខាសាលា​ស្តីពី «​ការរៀបចំ​គោលការណ៍​ណែនាំ​ក្នុង​ការ​ដោះស្រាយ​រឿងក្តី​ជួញដូរ​សត្វព្រៃ​» ​វគ្គ​ ២ ​ជូន​ដល់​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ទូទាំង​រាជធានី​-​ខេត្ត ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ និង​ប្រមូល​ធាតុ​ចូល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។

អង្គសិក្ខាសាលា​វគ្គ​ ២ ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​រយៈពេល​ ២ ​ថ្ងៃ ពីថ្ងៃ​ទី​ ៣០-៣១ ខែឧសភា ដោយ​មាន​ការចូលរួម​ពី​ចៅក្រម និង​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស​ចំនួន ៦០ ​នាក់ ក្រោយពី​សិក្ខាសាលា​លើក​ទី​ ១​ ត្រូវបាន​រៀបចំ​ឡើង​រយៈពេល ​២​ ថ្ងៃ​ដូចគ្នា​កាលពី​ថ្ងៃទី​ ២៦-២៧ ឧសភា ឆ្នាំ​ ២០២២​។

អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោកស្រី ​ខៀវ សុផានី ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នេះ​ថ្លែងថា គោលបំណង​នៃ​សិក្ខាសាលា​ពិគ្រោះ​យោបល់​​វគ្គ​ទី​ ២ ​នេះ គឺ​ដើម្បី​ប្រមូល​មតិយោបល់ ចំណេះដឹង បទពិសោធ ជោគជ័យ​ល្អៗ​បន្ថែម​ពី​សំណាក់​ចៅក្រម ព្រះរាជអាជ្ញា​ចំនួន ​៦០ ​រូប​បន្ថែមទៀត ដើម្បី​ឱ្យ​ធាតុ​ចូលទៅក្នុង​សេចក្តី​ព្រាង​គោលការណ៍​ណែនាំ​ក្នុង​ការ​ដោះស្រាយ​រឿងក្តី​ជួញដូរ​សត្វព្រៃ នៅ​កម្ពុជា​កាន់តែ​មាន​លក្ខណៈ​ពេញលេញ និង​គ្រប់​ជ្រុងជ្រោយ​។

លោកស្រី​ថ្លែងថា​៖ «​ឯកសារ​គោលការណ៍​ណែនាំ​នេះ​នឹង​ក្លាយជា​ឯកសារ​ជំនួយ​ដល់​ចៅក្រម ព្រះរាជអាជ្ញា​ទាំងអស់​សម្រាប់​ដោះស្រាយ​រឿងក្តី​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ដែល​ទើបតែ​ត្រូវបាន​បង្កើត​ដំបូង​ឱ្យមាន​ឡើង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ​កម្ពុជា​»​។

លោកស្រី​ក៏បាន​ជំរុញ​ និង​លើក​ទឹកចិត្ត​ដល់​ចៅក្រម និង​ព្រះរាជអាជ្ញា​ទាំងអស់​ឱ្យ​ខិតខំ​យកចិត្ត​ទុកដាក់ ប្រមូល​ពូន​ផ្តុំ​នូវ​រាល់​ចំណេះដឹង និង​បទពិសោធ​ល្អៗ និង​ជោគជ័យ​នាពេល​កន្លងទៅ​ ដើម្បី​មកចាក់​បញ្ចូល​ជា​ធាតុ​ចូល​ចាំបាច់ និង​មាន​សារៈសំខាន់​ក្នុង​ការ​រៀបចំ​បង្កើត​ខ្លឹមសារ​គោលការណ៍​ណែនាំ​អំពី​ការដោះស្រាយ រឿងក្តី​ជួញដូរ​សត្វព្រៃ​នៅ​កម្ពុជា ដែល​នឹងត្រូវ​ចងក្រង​ជា​សៀវភៅ​ណែនាំ​សម្រាប់​ជា​ឯកសារ​ជំនួយ​ដល់​ការអនុវត្ត​ការងារ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​ក្នុង​ការ​ដោះស្រាយ​រឿងក្តី​ជួញដូរ​សត្វព្រៃ​។

នាយក​អង្គការ​អភិរក្ស​សត្វព្រៃ​ (WCS)​ ប្រចាំ​កម្ពុជា លោក​ កែន សេរីរដ្ឋា បញ្ជាក់ថា ក្នុង​នាម​ជា​អង្គការ​អភិរក្ស ស្វាគមន៍​ពី​គំនិត​ផ្តួចផ្តើម​ពី​ក្រសួង ស្ថាប័ន ដែលជា​សេនាធិការ​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងយុត្តិធម៌​ដែល​ទទួល​កិច្ចការងារ​ទាក់ទង ការកសាង​បណ្តុះបណ្តាល​ធនធាន​មនុស្ស និង​បញ្ញត្តិ​លើ​ការងារ​ផ្លូវច្បាប់ ដោយ​ចាត់ទុកជា​គំនិត​ផ្តួចផ្តើម​មួយ​សមស្រប​ជាមួយនឹង​ពេលវេលា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នៅ​កម្ពុជា​។

លោក​ថា​៖ «​ការពិគ្រោះ​យោបល់​នេះ ពិតជា​មាន​សារប្រយោជន៍​ណាស់​សម្រាប់​ប្រមូល​ធាតុ​ចូល​ដាក់ចូល​ទៅក្នុង​សៀវភៅ​គោលការណ៍​ណែនាំ​ទៅលើ​នីតិវិធី​សម្រាប់​កាត់ក្តី​សំណុំរឿង ទាក់ទង ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។

លោក​បន្តថា​៖ «​ដើម្បី​បាន​ធាតុចូល​នេះ គឺ​ចៅក្រម និង​ព្រះរាជអាជ្ញា​ទាំង​ ២៥ ​ខេត្ត​-​ក្រុង​គឺ​គាត់​ចូលរួម​ធាតុ​ចូល​តាមរយៈ​ការចែករំលែក បទពិសោធ​របស់​គាត់ ករណី​ដែល​បាន​ឆ្លងកាត់​ក្នុង​សាលាដំបូង ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​កែលម្អ ធាតុ​ចូល​ក្នុង​ការរៀបចំ​សៀវភៅ​គោលការណ៍​ណែនាំ​នេះ​»​។

លោក​និយាយថា សៀវភៅ​គោលការណ៍​ណែនាំ​នេះ​ ដើម្បី​តម្រង់ទិស​ក្នុង​ការកាត់ក្តី ហើយ​សង្ឃឹមថា តាមរយៈ​គោលការណ៍​ណែនាំ​នេះ វា​នឹង​បង្កើន​ឱ្យមាន​ការយល់ដឹង​បន្ថែមទៀត​ទៅដល់​ចៅក្រម និង​ព្រះរាជអាជ្ញា​មានការ​ពាក់ព័ន្ធ ដែល​កាន់​សំណុំរឿង ឬ​កាត់ក្តី​ទៅលើ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។

លោក​ថា​៖ «​និយាយ​ឱ្យចំ​គឺ​សៀវភៅ​គោលការណ៍​ណែនាំ​នេះ រៀបចំ​ឡើង​ដើម្បី​បំពេញ​បន្ថែម​ចំណេះដឹង​ទៅដល់​ព្រះរាជអាជ្ញា ចៅក្រម ដើម្បីឱ្យ​យល់​អំពី​សារៈសំខាន់​នៃ​សត្វព្រៃ ផលប៉ះពាល់​នៃ​ការបាត់បង់ សត្វព្រៃ ឬ​ការជួញដូរ​សត្វព្រៃ និង​ទិដ្ឋភាព​ច្បាប់​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នៅក្នុង​ក្របខ័ណ្ឌ​ជាតិ និង​ក្របខ័ណ្ឌ​សកល​»​។

ទោះយ៉ាងណា លោក​ថា ក្រសួង​យុត្តិធម៌​មិនទាន់​កំណត់​កាលបរិច្ឆេទ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សៀវភៅ​គោលការណ៍​ណែនាំ​នេះ​ទេ ខណៈ​ភាគី​ពាក់ព័ន្ធ​ត្រូវ​ការរក​ធាតុ​ចូល​បន្ថែមទៀត​។ ប៉ុន្តែ តាម​អ្វីដែល​អង្គសិក្ខាសាលា​ចង់​បាន​នោះ គឺ​ចង់​ឱ្យបាន​ចប់​លឿន​ទៅតាម​អ្វីដែល​អាចធ្វើ​បាន​។

បើតាម​លោកស្រី​ ខៀវ សុផានី ខ្លឹមសារ​ដែល​ត្រូវ​យកមក​ពិគ្រោះ​យោបល់ ផ្ដោត​ជា​ចម្បង​លើ​ការគ្រប់គ្រង​ផ្នែក​ស៊ើបអង្កេត ការ​ចោទប្រកាន់​ និង​ការផ្ដន្ទាទោស ក្នុង​រឿងក្តី​ជួញដូរ​សត្វព្រៃ​។ ក្នុងនោះ​មានដូចជា តួនាទី​សកម្ម​របស់​ព្រះរាជអាជ្ញា​ក្នុង​ការ​ដឹកនាំ​សម្របសម្រួល​កិច្ច​ស៊ើបអង្កេត ការរៀបចំ ផែនការ​ច្បាស់លាស់​និង​ការ​គ្រប់គ្រង​ហានិភ័យ​នៃ​កិច្ច​ស៊ើបអង្កេត ដើម្បី​ធានា​ដល់​ការចោទប្រកាន់ ក៏ដូចជា​ការការពារ​ក្តី នាពេល​សវនាការ​ក្នុង​នោះ​ក៏​រួមបញ្ចូល​ទាំង​ការប្រើប្រាស់​អ្នកជំនាញ​ផ្នែក​សត្វព្រៃ​ផងដែរ​៕