មណ្ឌលគិរី​/​រតនគិរីៈ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាននិង​កំពុង​បន្ត​អនុវត្ត “​គម្រោង​ការការពារ និង​ទប់ស្កាត់​ការបង្ខំ​រៀបការ​វ័យក្មេង​” នៅក្នុង​ខេត្ត​មណ្ឌលគិរី និង​រតនគិរី ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ពី​ផលប៉ះពាល់​នៃ​ការ​រៀបការ​វ័យក្មេង បន្ទាប់ពី​រកឃើញថា ខេត្ត​ទាំង​ ២ ​នេះ​មាន​ជនជាតិដើម​ភាគតិច​រស់នៅ​ច្រើន ហើយ​អត្រា​រៀបការ​វ័យក្មេង​ក៏មាន​ច្រើន​។

គម្រោង​នេះ​មាន​រយៈពេល ២៧ ​ខែ​ត្រូវបាន​ដាក់ឱ្យ​អនុវត្ត​កាលពី​ថ្ងៃទី ​១ ខែតុលា ឆ្នាំ​ ២០២១ រហូតដល់​ថ្ងៃទី ​១០ ខែធ្នូ ឆ្នាំ ២០២៣ ដោយ​ទទួល​បាន​ថវិកា​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ សម្រាប់​កិច្ចអភិវឌ្ឍន៍​អន្តរជាតិ (USAID)​។ គោលបំណង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​ឱ្យ​ឪពុកម្តាយ យុវជន សហគមន៍ និង​ជនជាតិ​ដើម​ភាគតិច យល់ដឹង​អំពី​ផលប៉ះពាល់​នៃ​ការរៀបការ​វ័យក្មេង ដើម្បីឱ្យ​ផ្លាស់ប្តូរ​អាកប្បកិរិយា​ក្នុងការ​បង្ខំ​ឱ្យ​រៀបការ​ទាំង​វ័យក្មេង និង​យល់ដឹង​ពី​ច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​ការរៀប​អាពាហ៍ពិពាហ៍​។

អនុប្រធាន​ផ្នែក​ស្រី្ត និង​កុមារ​នៃ​សមាគម​អាដហុក លោកស្រី មាស សាអ៊ិន ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា​ គម្រោង​នេះ​មាន​គោលបំណង​ធ្វើការ​ទប់ស្កាត់ និង​លើក​ទឹកចិត្ត​ឱ្យ​ជនជាតិដើម ជាពិសេស​គ្រួសារ​ដែលមាន​ក្មេងស្រី ក្មេងប្រុស​ដែល​រៀបការ​វ័យក្មេង ដើម្បី​ពន្យល់​កុំឱ្យ​ពួកគាត់​ឆាប់​រៀបការ​មុន​វ័យ ហើយ​បោះបង់​ការសិក្សា ដែល​អាចមាន​បញ្ហា​ដល់​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត និង​ផ្លូវភេទ​របស់គាត់​ធ្ងន់ធ្ងរ​។

លោកស្រី​ថា​៖ ​​«​អ៊ីចឹង​បន្ទាប់ពី​រកឃើញថា មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​ជះឥទ្ធិពល​សង្គម​ទៅ​ថ្ងៃក្រោយ ទើប​ខាង​សមាគម​អាដហុក​បាន​ស្នើ​ជា​គម្រោង​នេះ​ឡើង​ដើម្បី​ជួយ​ទៅដល់​ពួកគាត់​ ជាពិសេស​បងប្អូន​ជនជាតិដើម​ភាគតិច​»​។ គម្រោង​នេះ​គឺ​ដើម្បី​ឱ្យ​ពួកគាត់​អាចមាន​ការផ្លាស់ប្តូរ​ផ្នត់គំនិត និង​បាន​រស់នៅក្នុង​ផាសុកភាព ដែល​រីកចម្រើន​ដល់​សុខភាព​ខ្លួនឯង និង​សង្គម​ពួកគាត់​។

លោកស្រី​បញ្ជាក់ថា​៖ «​ក្រោយពី​យើង​ចុះ​ធ្វើការ​សិក្សា យើង​ជួប​ជាមួយ​ក្មេងស្រី​រងគ្រោះ ហើយ​ក្មេងស្រី​ខ្លះ​មាន​ផ្ទៃពោះ​ស្លាប់​ ដោយសារ​ខ្លះ​ធ្លាក់ឈាម ហើយ​ខ្លះ​កើត​ទារក​មកហើយ នៅមាន​បញ្ហា​សុខភាព​ក្តៅខ្លួន និង​ពឹង​លើ​អាណាព្យាបាល​ទាំងស្រុង​។ អ៊ីចឹង​យើង​មើលឃើញ​បញ្ហា​នេះ អាច​ជះឥទ្ធិពល​ទៅ​ថ្ងៃក្រោយ ហើយ​មួយវិញ​ទៀត ច្បាប់​កម្ពុជា​អនុញ្ញាត​ឱ្យ​រៀបការ​អាយុ​ពី​ ១៨​ ឆ្នាំ​ឡើងទៅ​»​។

លោកស្រី​ សាអ៊ិន បន្តទៀត​ថា ដោយ​មើលឃើញ​ថា បញ្ហា​សង្គម​អាច​នឹង​កើតមាន​ឡើងជា​បន្តបន្ទាប់​លើ​បញ្ហា​នេះ ទើប​អង្គការ​អាដហុក​បានធ្វើ​សកម្មភាព​នៅតាម​បណ្តា​ស្រុក​មួយ​ចំនួន ដើម្បី​អប់រំ ផ្សព្វផ្សាយ ក៏ដូចជា​រៀនសូត្រ​ពី​គាត់​វិញ ដើម្បី​បាន​យល់​ពី​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​របស់​ជនជាតិ​ដើម​ភាគតិច បន្ទាប់​មករក​មធ្យោបាយ​ពន្យល់ និង​លើក​ទឹកចិត្ត​ពួកគាត់​ឱ្យ​បញ្ឈប់​រៀបការ​វ័យក្មេង ហើយ​ងាក​មក​ទទួល​ការអប់រំ រៀនសូត្រ ទៅ​អភិវឌ្ឍ​មូលដ្ឋាន​។

លោកស្រី​ថា​៖ «​ប៉ុន្មាន​ខែ​កន្លងមក​ដែល​បានធ្វើ​សកម្មភាព គឺ​មិនទាន់​មាន​ការ​ជ្រួតជ្រាប​ដល់​ពួកគាត់​ពេញលេញ​នៅឡើយ​ទេ​គឺ​យើង​នៅ​ស្ទាបស្ទង់​នៅឡើយ​ទេ ដើម្បី​សិក្សា​វប្បធម៌​ពី​ពួកគាត់​។ អ៊ីចឹង​យើង​មើលឃើញថា​មិនអាច​ផ្លាស់ប្តូរ​ផ្នត់គំនិត​ពួកគាត់​ទាំងស្រុង​បានទេ ប៉ុន្តែ​យើង​នឹង​ព្យាយាម​បន្តិច​ម្តងៗ​»​។

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​មណ្ឌលគិរី លោក សុខ សារឿន លើកឡើង​ថា គម្រោង​នេះ​ល្អ​ហើយ​ព្រោះ​សូម្បីតែ​ច្បាប់​កម្ពុជា​ក៏​អនុញាត​ឱ្យ​រៀបការ​ចាប់ពី​អាយុ​ ១៨ ​ឆ្នាំ​ឡើងទៅ​ដែរ​។ លោក​បន្តថា ទោះបី​ច្បាប់​យើង​បានចែង ប៉ុន្តែ​ក៏​នៅមាន​ក្រុមគ្រួសារ​ខ្លះ ព្រមព្រៀង​ឱ្យ​កូន​រៀបការ​មុន​អាយុ​ដែរ ដោយសារ​គាត់​គិតថា កូន​របស់គាត់​ពេញ​រូប​ពេញ​រាង​។

លោក​ថា​៖ «​ដោយសារ​គាត់​ឃើញ​កូនៗ​ពេញរូប​ពេញរាង គាត់​ចេះតែ​យោគយល់ ប៉ុន្តែ​បើតាម​ច្បាប់​ខុស​ហើយ តែបើ​និយាយ​រួម​នៅ​ខេត្ត​យើង​ការ​រៀបការ​អត់​គ្រប់​អាយុ​ដូច​មិន​សូវ​មាន​ទេ​ ឥឡូវនេះ​យូរៗ​មាន​មួយ​ទេ ហើយ​ចំណែក​បងប្អូន​ជនជាតិដើម​ភាគតិច​វិញ​ឥឡូវនេះ​គាត់​យល់ដឹង​ច្រើន​»​។

ប្រធាន​កម្មវិធី​អង្គការ​ភូមិ​ខ្ញុំ ប្រចាំ​ខេត្ត​មណ្ឌលគិរី លោក ម៉ា សៀវឆេ មាន​ប្រសាសន៍​ថា​តាមរយៈ គម្រោង​នេះ​លោក​បាន​បណ្តុះបណ្តាល​យុវជន​បង្គោល​ចំនួន ៣៣០ ​នាក់ ដើម្បី​បន្ត​ផ្សព្វផ្សាយ​អប់រំ​ដល់​យុវជន និង​ក្រុមគ្រួសារ​ផ្សេងទៀត​នៅតាម​ភូមិ ឃុំ​ដែល​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​។

លោក​ថា​៖ «​យើង​បាន​បង្កើត​ក្រុមយុវជន​នៅតាម​ភូមិ​នីមួយៗ ១ ​ភូមិ ១​ ក្រុម​ដោយ​ក្នុង​ ១​ ក្រុម​មាន​ ៣០ ​នាក់ ដែលជា​យុវជន​គោលដៅ​របស់​យើង​ទាំង​កំពុង​សិក្សា និង​សិស្ស​ដែល​បោះបង់​ការសិក្សា ដើម្បី​ផ្សព្វផ្សាយ​ពី​សារៈប្រយោជន៍ និង​ផលប៉ះពាល់​ដែល​គាត់​រៀបការ​ទាំង​វ័យក្មេង ឬ​ឪពុកម្តាយ​បង្ខំ​រៀបការ​មុន​អាយុ​»៕