ភ្នំពេញៈ ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​)​ បានសម្រេច​បង្កើត​គណៈកម្មការ​គ្រប់គ្រង​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី ​៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២​។

លោក សោម សូរីដា អ្នក​នាំពាក្យ គ.ជ.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣១ ខែឧសភា​ថា គណៈកម្មការ​នេះ​ត្រូវបាន​បង្កើតជា​អនុគណៈកម្មការ​ចំនួន ​៣ ​ទៀត គឺ​ទី ​១-​អនុគណៈកម្មការ​សម្របសម្រួល ទី​ ២- ​អនុគណៈកម្មការ​បច្ចេក​ទេស និង​អនុគណៈកម្មការ​ផ្សព្វផ្សាយ​លទ្ធផល​បឋម​។

លោក​បន្តថា លទ្ធផល​បឋម​នឹងត្រូវ​បញ្ជូន​មកពី​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត ក្រោយពី​បញ្ចប់​ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​ឆ្នោត បន្ទាប់ពី​ទទួល​បាន​ពី​គ្រប់​ការិយាល័យ​បោះឆ្នោត​ចំណុះឱ្យ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត​រៀងៗ​ខ្លួន ឱ្យមក គ.ជ.ប ដើម្បី​ផ្សព្វផ្សាយ​។

បើតាម លោក សោម សូរីដា ក្រោយពី​ទទួលបាន​លទ្ធផល​បឋម​ពី​គណៈកម្មការ​ឃុំ​សង្កាត់​ទាំង​ ១៦៥២ គណៈកម្មការ​គ្រប់គ្រង​លទ្ធផល​បឋម​នឹង​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ​មុន​​នឹង​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ជាតិ វិទ្យុជាតិ និង​បណ្តាញ​សង្គម​របស់ គ.ជ.ប នៅ​ល្ងាច​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២ រហូតដល់​ម៉ោង​ ១១:៣០ ​នាទី​ថ្ងៃត្រង់​​ថ្ងៃទី​ ៦ ខែមិថុនា ឆ្នាំ​ ២០២២​។

លោក​ថ្លែងថា​៖ «​នៅក្នុង​ការគ្រប់គ្រង​លទ្ធផល​បឋម​នេះ​គឺ​គណៈកម្មការ​បាន​បង្កើត​ឱ្យមាន​អនុគណៈកម្មការ​ ៣ ​ទៀត​។ នេះ គឺជា​កិច្ចការ​ដែល​គណៈកម្មការ​គ្រប់គ្រង​លទ្ធផល​បឋម​ត្រូវ​អនុវត្ត​នៅក្នុង​ថ្ងៃ​បោះឆ្នោត គិត​ត្រឹម​ល្ងាច​ថ្ងៃទី​ ៥ ខែមិថុនា​រហូត​​ដល់​ម៉ោង ១១:៣០ ​នាទី ថ្ងៃត្រង់​ថ្ងៃទី​ ៦ ខែមិថុនា​»​។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព (PDP-Center) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣១ ខែឧសភា​ថា ជាទូទៅ​ការគ្រប់គ្រង និង​ប្រកាស​លទ្ធផល​បោះឆ្នោត​បឋម របស់ គ.ជ.ប មាន​លក្ខណៈ​លឿន ប៉ុន្តែ​ក្នុងនោះ​ក៏មាន​ភាព​រអាក់​រអួល​ខ្លះ​ដែរ ពាក់ព័ន្ធ​នឹង​បញ្ហា​បច្ចេកទេស​។

ទោះជា​យ៉ាងណា លោក​ថា កាលពី​ឆ្នាំ​ ២០១៣ មាន​បញ្ហា​បច្ចេកទេស​ក្នុងការ​ផ្សព្វផ្សាយ​លទ្ធផល​ឆ្នោត​បឋម​នេះ ដោយ គ.ជ.ប បាន​ពន្យារពេល​នៃ​ការ​ផ្សព្វផ្សាយ ប៉ុន្តែ​ការប្រកាស​លទ្ធផល​បោះឆ្នោត​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត មិនមាន​អ្វី​ជា​បញ្ហា​ច្រើន​នោះទេ​។

លោក​បាន​ថ្លែងថា​៖ «​ជា​​ទូទៅ​យើង​អាច​ទទួល​យក​បាន ប៉ុន្តែ​ការប្រកាស​លទ្ធផល​បឋម​របស់ គ.ជ.ប នេះ​នៅតែ​មាន​ភាពយឺតយ៉ាវ​ជាង​គណបក្ស​នយោបាយ​ខ្លះទៀត​»​។

ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នា​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២ ដែល​ត្រូវ​បញ្ចប់​នៅ​ម៉ោង​ ៤:០០​ នាទី​ល្ងាច​នោះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នឹង​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ និង​គណបក្ស​នយោបាយ ​ដើម្បី​សរុប​ព្រឹត្តិការណ៍​ទូទៅ​នៃ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់​​អាណត្តិ​នេះ និង​ការប្រកាស​ផ្សាយ​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​នៅ​ គ.ជ.ប ផងដែរ​៕