
ជនត្រូវចោទឈ្មោះ ពយ ផានិត។ រូបថត នគរបាល
កណ្ដាលៈ សាលាដំបូងខេត្តកណ្ដាលកាលពីថ្ងៃទី ១ ខែមិថុនា បានចោទយុវជនម្នាក់ក្នុងចំណោម ២ នាក់ ពីបទលួចមានស្ថានទម្ងន់ទោស ក្រោយពីនគរបាលចាប់ខ្លួននៅថ្ងៃទី ៣០ ខែឧសភា។
លោក ឯក ស៊ុនរស្មី អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាលប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១ មិថុនាថា ជនត្រូវចោទឈ្មោះ ពយ ផានិត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ត្រូវបានតំណាងអយ្យការចោទប្រកាន់ បទលួចមានស្ថានទម្ងន់ទោសតាមមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ហើយបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី តាមមាត្រានេះជនត្រូវចោទនឹងត្រូវមានទោសជាប់ពន្ធនាគារពី៣ឆ្នាំទៅ ១០ ឆ្នាំ ប្រសិនបើតុលាការរកឃើញថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែននោះ។
លោក សូ សារិន អ្នកនាំពាក្យផ្នែកចៅក្រមមិនអាចទាក់ទងសុំបញ្ជាក់បានទេអំពីកាលបរិច្ឆេទនៃការឃុំខ្លួននោះ។
លោក ឃឹម សុខខៃ នាយនគរបាលប៉ុស្តិ៍ឃុំស្អាងភ្នំឱ្យដឹងនៅថ្ងៃទី ១ មិថុនាថា កាលពីវេលាម៉ោងជាង ៨ យប់ ថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០២២ មាននារី ២ នាក់ម្នាក់អាយុ ១៧ ឆ្នាំ និងម្នាក់ទៀតអាយុ ១៨ ឆ្នាំរស់នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាងបានជិះម៉ូតូឌុបគ្នាតាមផ្លូវក្នុង ភូមិតានូ ឃុំស្អាងភ្នំ។ ពេលកំពុងធ្វើដំណើរនោះស្រាប់តែមានមនុស្សប្រុស ២ នាក់បានជិះម៉ូតូ ១ គ្រឿងឌុបគ្នាដេញតាមពួកនាង ហើយបានលើកកាំបិតប៉័ងតោ ១ ដើមស្រែកគំរាមដើម្បីឱ្យជនរងគ្រោះប្រគល់ទូរស័ព្ទ និងកាបូបលុយដល់ពួកគេ នៅពេលនោះដោយភ័យខ្លាចក្រុមជនសង្ស័យសម្លាប់ក៏នារីរងគ្រោះបានប្រគល់កាបូបលុយ និងទូរស័ព្ទ ១ គ្រឿងឱ្យទៅក្រុមជនសង្ស័យហើយពួកគេបានបើកម៉ូតូគេចខ្លួនបាត់។
បន្ទាប់មកនៅព្រឹកថ្ងៃទី ៣០ ឧសភា ឆ្នាំ ២០២២ នារីរងគ្រោះទាំង ២ នាក់បានមកប្តឹងផ្ទាល់មាត់នៅប៉ុស្តិ៍នគរបាលឃុំស្អាងភ្នំដោយប្រាប់ពីភិនភាគមុខមាត់របស់ក្រុមជនសង្ស័យដល់សមត្ថកិច្ច បន្ទាប់ទទួលបានបណ្តឹងមកលោកបានរាយការណ៍បន្តទៅលោក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងហើយក៏បើកការស្រាវជ្រាវទៅតាមតម្រុយដែលជនរងគ្រោះផ្តល់ឱ្យរហូតឈានដល់ការចាប់ជនសង្ស័យបានម្នាក់ឈ្មោះ ពយ ផានិត រីឯម្នាក់ទៀតបានរត់គេចខ្លួនបាត់។ ក្រោយចាប់ខ្លួននគរបាល ដកហូតបានទូរស័ព្ទ ម៉ាក iPhone6+និងលុយជាង ១០ ម៉ឺនរៀល ប្រគល់ឱ្យជនរងគ្រោះវិញ ហើយកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ទៀតដែលកំពុងគេខ្លួន៕