ភ្នំពេញៈ រដ្ឋមន្រ្ដី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​លោក ​ហង់ជួន ​ណារ៉ុន ​បញ្ជាក់ថា ​ទិសដៅ​របស់​ក្រសួង​អប់រំ​ គឺ​ត្រូវ​បង្កើត​វិទ្យាល័យ​ ចំណេះ​ទូទៅ ​និង​បច្ចេកទេស​ឱ្យបាន​១ ​ក្នុង​មួយ​ខេត្ត ​និង​ត្រូវ​ទាមទារ​ឱ្យ​យុវជន​ម្នាក់​ត្រូវ​មាន​ជំនាញ ​១ ​យ៉ាងតិច ​ខណៈ​ត្រឹម​ឆ្នាំ​សិក្សា​ ២០២១-២០២២ ​នេះ ​គ្រឹះស្ថាន​អប់រំ​បច្ចេកទេស​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ​១៨ ​មាន​ជំនាញ​ចំនួន ​១០ ​និង​មាន​សិស្ស​កំពុង​សិក្សា​ចំនួន​៣ ២៧៨ នាក់។

លោក​ ហង់ជួន ណារ៉ុន ​ថ្លែង​បែបនេះ​ពេលធ្វើ​ជា​អធិបតី ​ក្នុង​ពិធី​ប្រគល់​-ទទួល​កុំព្យូទ័រ​យួរ​ដៃ​ចំនួន​ ៥០ គ្រឿង ​ដែល​ជា​ជំនួយ​ឧបត្ថម្ភ​របស់​អង្គការ​ក្រុមការងារ​កម្ពុជា ​ដើម្បី​ការអប់រំ​ (CTEP)​សហការ​ជាមួយ​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ​នៃ​ក្រសួង​អប់រំ​ ប្រគល់​ជូន​វិទ្យាល័យ​ចំណេះ​ទូទៅ ​និង​បច្ចេកទេស ​ហ៊ុន សែន ​ជម្ពូវ័ន ​ក្នុង​ការអនុវត្ត​គម្រោង​លើកកម្ពស់​ការអប់រំ​សរសេរ​កូដ​ក្នុង​វិទ្យាល័យ​ចំណេះ​ទូទៅ ​និង​បច្ចេកទេស។

លោក​បានថ្លែង​អំណរគុណ​ដល់​អង្គការ ​CTEP ​ដែលបាន​ផ្ដល់​កុំព្យូទ័រ​ដល់​គ្រឹះស្ថាន​សិក្សា​ទាំង​ផ្នែក​ចំណេះ​ទូទៅ ​និង​អប់រំ​បច្ចេក​ទេស ​សម្រាប់​សិស្សា​នុសិស្ស ​អាច​សិក្សា​ប្រតិបត្តិ​បានដោយ​ផ្ទាល់ ​និង​បាន​បង្កើន​នូវ​កិច្ចសហ​ប្រតិបត្តិការ​ ជាមួយ​ក្រសួង​អប់រំ​ តាមរយៈ​នាយកដ្ឋាន​តម្រង់ទិស​វិជ្ជាជីវៈ​ក្នុង​ការអនុវត្ត​នូវ​ការសរសេរ​កូដ​ (Scratch) ​នៅ​តាម​វិទ្យាល័យ​ចំណេះ​ទូទៅ​និង​បច្ចេកទេស។

លោក​ថា​ កិច្ចសហការ​នេះ​អាចជួយ​ដល់​សិស្សា​នុសិស្ស​លើ​ការជំរុញ​ការគិត ​បណ្ដុះ​នូវ​ការរៀបចំ​ផែន​ការ​ដើម្បី​ទទួលបាន​លទ្ធផល​តាម​ការគ្រោង​ទុក។ សិក្សា​បែប​លក្ខណៈ​ស្ទែម ​(STEM) ​ខណៈ​ការបង្កើត​ឱ្យមាន​វិទ្យាល័យ​ចំណេះ​ទូទៅ ​និង​បច្ចេកទេស​មាន​សារៈសំខាន់ ​ក្នុង​ការបណ្ដុះ​បណ្ដាល​ដល់​យុវជន​នូវ​ជំនាញ​បច្ចេកទេស​ផ្សេងៗ ​ដែល​មាន​តម្រូវការ​ក្នុង​ទីផ្សារ។

លោក​ថ្លែងថា​៖ «ដូច​នេះ​ជាទិសដៅ ​របស់​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​ត្រូវ​បង្កើត​វិទ្យាល័យ​ចំណេះ​ទូទៅ ​និង​បច្ចេកទេស​ឱ្យ​បាន​ ១ ​ក្នុង​មួយ​ខេត្ត​ និង​ត្រូវ​ទាមទារ​ឱ្យ​យុវជន​ម្នាក់​ត្រូវ​មាន​ជំនាញ ​១ ​យ៉ាង​តិច»។

លោក​រដ្ឋមន្ត្រី ​លើកឡើង​ថា ​ក្រសួង​អប់រំ ​ដែលជា​សេនាធិការ ​របស់​រាជរដ្ឋាភិបាល ​បានធ្វើ​កំណែទម្រង់​អប់រំ​ដំណាក់​កាល​ទី១ ​ទី២ ​និង​ទី៣ ​លើ​ការពង្រឹង​ស្ថាប័ន ​និង​ការកសាង​ប្រព័ន្ធ​ (២០២១) ​និង​ការអភិវឌ្ឍ​សមត្ថភាព។ ក្នុង​នោះ​មុំ​ទី១​ ចំណុច​ទី៤ ​ផ្តោត​លើ​ការធ្វើ​បច្ចុប្បន្នភាព ​និង​ការជំរុញ​ការអនុវត្ត​ផែនការ​គោល​សម្រាប់​ការអប់រំ​បច្ចេកទេស​នៅ​មធ្យម​សិក្សា​ទុតិយភូមិ ​សំដៅ​បង្កើន​តម្រង់​ទិស​ការសិក្សា ​ទៅកាន់​អាជីព។ ​ពង្រីក​ការអប់រំ​បច្ចេក​ទេស​ឱ្យ​មាន​វិសាលភាព​គ្រប​ដណ្តប់​ទូ​ទាំង​ប្រទេស​តាម​ទស្សន​ទាន ​«ខេត្ត​ ១​ មាន​វិទ្យាល័យ​ចំណេះ​ទូទៅ​ ១​ យ៉ាងតិច ​សម្រាប់​រយៈពេល​មធ្យម ​និង​ស្រុក ​១​ មាន​វិទ្យាល័យ​ចំណេះ​ទូទៅ​១​យ៉ាងតិច ​សម្រាប់​រយៈពេល​វែង»។

រីឯ​ចំណុច​ទី៥​ ផ្ដោត​លើ​ការបង្កើន​ការឆ្លើយ​តប​ឱ្យ​កាន់​តែ​ពេញ​លេញ​នៃ​ការអប់រំ ​ទៅនឹង​ទីផ្សារ​ការងារ​ និង​ការរស់នៅ​តាម​រយៈ​ទស្សនទាន ​«យុវជន​ម្នាក់​មាន​ជំនាញ​១​យ៉ាង​តិច​ប្រចាំ​ជីវិត»។

លោក​បញ្ជាក់ថា ​ការជំរុញ​លើក​កម្ពស់​ការអប់រំ​បច្ចេកទេស ​មាន​ការកើនឡើង​គួរឱ្យ​កត់​សម្គាល់។ បច្ចុប្បន្ន ​ក្នុង​ឆ្នាំសិក្សា​ ២០២១-​២០២២ ​គ្រឹះស្ថាន​អប់រំ​បច្ចេកទេស​ទូទាំង​ប្រទេស​មាន ​សរុប​ចំនួន ​១៨ ​មាន​គ្រូអប់រំ​បច្ចេកទេស​ចំនួន​ ២២៤ នាក់​ ស្រី​ ៥៤ នាក់ ​សិស្ស​ចំនួន​ ៣ ២៧៨ នាក់ ​ស្រី​ ១ ១៧៤ នាក់ ​និង​មាន​ជំនាញ​ចំនួន​ ១០ ជំនាញ ​រួម​មាន ​ជំនាញ​អគ្គិសនី​ អេឡិចត្រូនិក​ មេកានិច ​ក្សេត្រសាស្ត្រ ​បសុវប្បកម្ម ​កុំព្យូទ័រ ​ទេសចរណ៍ ​និង​គណនេយ្យ ​កែច្នៃ​អាហារ ​និង​ Digital Media Design ។

លោក​ ឈុន សុខសាន្ត ​តំណាង​អង្គការ ​CTEP ​បានលើឡើង​ថា ​ការនាំយក​កុំព្យូទ័រ​យួរដៃ ​៥០ គ្រឿង​បន្ថែម​ទៀត​ប្រគល់​ជូន​វិទ្យា​ល័យ​ចំណេះទូទៅ​ និង​បច្ចេក​ទេស​ ហ៊ុន សែន ​ជម្ពូវ័ន​ គឺ​ស្ថិត​នៅ​ក្រោម​គម្រោង​ «ការ​លើក​កម្ពស់​ការអប់រំ​សរសេរ​កូដ​ក្នុង​វិទ្យា​ល័យ​ចំណេះ​ទូទៅ​ និង​បច្ចេក​ទេស ​ទូទាំង​ប្រទេស​កម្ពុជា»។

លោក​ថ្លែង​ថា​៖«សកម្មភាព​អង្គការ​ CTEP បាន​ផ្ដោត​លើ​កម្មវិធី​៣ធំៗ ​គឺ​ទី១ ​អប់រំ ​មាន​ង្រៀន​កុំព្យូទ័រ ​ភាសាអង់គ្លេស ​និង​ភាសា​ចិន។ ទី២ ​ស្វែង​រក​ការងារ​ជូន​យុវជន ​និង​ពលរដ្ឋ ​ដើម្បី​កាត់​បន្ថយ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ និង​ទី៣ ​សហប្រតិបត្ដិការ​កសិកម្ម​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍»។

លោក​ សុខសាន្ត​ បានឱ្យដឹង​ថា ​តាមរយៈ​កិច្ច​សហការ​ជាមួយ​ក្រសួង​អប់រំ​កន្លងមក ​អង្គការ ​CTEP ​បានផ្ដល់​ជូន​កុំព្យូទ័រ​ ទៅ​សាលារដ្ឋ​ចំនួន ​១០ ​សរុប​ចំនួន​ ២៦៨ គ្រឿង​ ដើម្បី​បង្រៀន​វគ្គ​កុំ​ព្យូទ័រ​ទូទៅ​ដល់​សិស្ស។

បើ​តាម​លោក​សុខសាន្ត ​អង្គការ ​CTEP បាន​អនុវត្ដ​សាកល្បង​នូវ​គម្រោង​ «ការលើក​កម្ពស់​ការអប់រំ​សរសេរ​កូដ​នៅ​ក្នុង​វិទ្យា​ល័យ​ចំណេះ​ទូទៅ​ និង​បច្ចេកទេស​ទូទាំង​ប្រទេស​កម្ពុជា» ​បាន​ចំនួន ​២ សាលា ​គឺ​ វិទ្យាល័យ​ចំណេះ​ទូទៅ​ និង​បច្ចេកទេស​បាវិត ​ស្ថិតនៅ​ក្រុង​បាវិត ​ខេត្ដ​ស្វាយរៀង ​និង​វិទ្យាល័យ​ចំណេះទូទៅ ​និង​បច្ចេក​ទេស​ ហ៊ុន សែន ​ជម្ពូវ័ន ​ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ។​ អង្គការ​បាន​ផ្ដល់​ជូន​កម្ពុជា​ក្នុង​សាលា​នីមួយៗ​ចំនួន​ ៥០ គ្រឿង​ និង​បណ្ដុះ​បណ្ដាល​គ្រូ​បង្គោល​ផ្នែក​សរសេរ​កូដ​កម្រិត​មូលដ្ឋាន​ពី​អ្នក​ជំនាញ​តៃវ៉ាន់ ​ចំនួន​ ២០ នាក់​ផង​ដែរ។ ​

លោក​បញ្ជាក់ថា​ ទាំង​អស់​គ្នា​បានដឹង​ហើយ​ថា ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​គោល​នយោបាយ​នៅ​ ឆ្នាំ ២០៣០ ​ប្រទេស​កម្ពុជា ​នឹង​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ហើយ​២០៥០ ​នឹង​ក្លាយ​ជា​ប្រទេស​អ្នក​មាន​ចំណូល​ខ្ពស់។ ដោយ​មើល​ឃើញ​បែប​នេះ ​អង្គការ ​CTEP ​ជឿជាក់​ថា ​ដើម្បី​សម្រេចបាន ​នូវ​ចក្ខុវិស័យ​នេះ ​កម្ពុជា​ត្រូវ​ត្រៀម​ធនធាន​មនុស្ស​ដ៏មាន​សក្តានុពល​ក្នុង​ការរុញ​ច្រាន​កំណើន​សេដ្ឋកិច្ច​នេះ។

លោក​បន្តថា​៖ «ហេតុ​នេះ​ ការចូលរួម​បណ្តុះបណ្តាល ​និង​កសាង​កម្លាំង​ពលកម្ម​ជំនាញ​ជាបេសកកម្ម​ ដ៏​ចម្បង​របស់​ស៊ី​ថើប​ (CTEP)​ ផង​ដែរ ​ដោយ ​ស៊ីថើប ​បានច្បិច​យក​វិស័យ​បច្ចេក​វិទ្យា​សរសេរ​កូដ​កម្រិត​វិទ្យាល័យ​បច្ចេកទេស​មក​អនុវត្ត​ ព្រោះ​ដើម្បី​ប្រកួត​ប្រជែង​កម្លាំង​ពលកម្ម​ពី​ខាង​ក្រៅ»៕