​ភ្នំពេញៈ ​យ៉ាងហោចណាស់​កុមារ​មាន​ជំងឺ​ធ្ងន់​ជាង ​៩​ ពាន់​នាក់​ត្រូវបាន​ទទួល​ឱ្យ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​ និង​ទទួល​ព្យាបាល​ជាង​ ៥ ​ម៉ឺន នាក់​នៅក្នុង​ខែឧសភា ឆ្នាំ​ ២០២២ ខណៈដែល​មន្ទីរពេទ្យ​នេះ​កំពុង​ធ្វើ​យុទ្ធនាការ «១ ម៉ឺន​រៀល ១ ម៉ឺន​នាក់​» ដើម្បី​ស្វែងរក​ថវិកា​គាំទ្រ​ដល់​ម​ន្ទ​រ​ពេទ្យ​។​

របាយការណ៍​មន្ទីរពេទ្យ​គន្ធបុប្ផា បានឱ្យដឹងថា កុមារ​ឈឺ​ចំនួន ៥២ ០៤៥ ​នាក់ ត្រូវបាន​ពិនិត្យ​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ហើយ​កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ចំនួន ៩ ៩០៦ ​នាក់ រួមទាំង​កុមារ​មាន​ជំងឺគ្រុនឈាម ចំនួន ១៦៥​ នាក់​ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។​

របាយការណ៍​នេះ​បានបង្ហាញ​ទៀតថា កុមារ​ចំនួន ១ ៨៨៦​​ នាក់ ត្រូវ​បានទទួល​ការវះកាត់ និង​កុមារ​ចំនួន​ ១០១​ នាក់​បានទទួល​ការវះកាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។​

របាយការណ៍​បន្តថា នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ ឬ​ហៅថា​គន្ធបុប្ផា​ទី​៣ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៧ ០៣៨ ​នាក់ បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ​និង​ព្យាបាល នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរសម្ភព និង​សម្រាលកូន​បាន​ចំនួន ១ ៥១៦​ នាក់​។​

មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​បើក​យុទ្ធនាការ «១ ម៉ឺន​រៀល ១ ម៉ឺន​នាក់​» រយៈពេល ​១ ​ខែ ដោយ​ចាប់ផ្តើម​ក្នុង​ថ្ងៃ​ទិវា​កុមា​អន្តរជាតិ ១ មិថុនា ដើម្បី​បំផុសស្មារតី​ខ្មែរ​ជួយ​ខ្មែរ​ចូលរួម​បរិច្ចាក​ថវិកា​ឲ្យ​បាន ១ ម៉ឺន​នាក់ ក្នុង​ម្នាក់ ១ ម៉ឺន​រៀល​ ដើម្បី​ជួយ​ដល់​កិច្ចដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​បន្តទៀត ហើយ​សង្ឃឹមថា ការចូលរួម​បរិច្ចាគ​ថវិកា​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដោយ​ទឹកចិត្ត​សប្បុរស ដើម្បី​បន្ត​បេសកកម្ម​សង្គ្រោះ​ទារក និង​កុមារ​នៅ​កម្ពុជា​។​

លោក ច​ន ណា​រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​លេខាធិការ​រដ្ឋា​ន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ថ្លែងថា​ សកម្មភាព​បរិច្ចាក​សម្រាប់​ថ្ងៃ​ដំបូង​នេះ ​គឺ​មានការ​ផុសផុល​យ៉ាងច្រើន​នៅ​គ្រប់​បណ្តាញ​បាន​ផ្សព្វផ្សាយ​ទាំងអស់ ទាំង​បណ្តាញ​ធនាគារ​ដៃគូ ទាំង​បណ្តាញ​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ផ្ទាល់ និង​ទាំង​បណ្តាញ​ផ្ទៃក្នុង​ក្រសួង​ស្ថាប័ន​។​

យោងតាម​ឯកសារ​ស្តីពី​បច្ចុប្បន្នភាព​គាំពារ​សង្គម​កម្ពុជា ស្តីពី «​មូលនិធិ​បរ​ធន​ស្របតាម​ស្តង់ដារ​អន្តរជាតិ​សម្រាប់​គន្ធបុប្ផា​» ដែល​ចេញផ្សាយ​ដោយ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​កាលពី​ខែឧសភា បានឱ្យដឹងថា បច្ចុប្បន្ន​ក្នុង ​១ ​ថ្ងៃ មន្ទីរពេទ្យ​គន្ធបុប្ផា​ទទួល​អ្នកជំងឺ​ជា​មធ្យម​ប្រមាណ​ពី ២ ៥០០​ នាក់ ទៅ ៣ ០០០​ នាក់ ដែល​ក្នុងនោះ​ប្រមាណ​ពី ៣៥០​ នាក់ ទៅ ៤០០​ នាក់ ស្ថិតក្នុង​ស្ថានភាព​ត្រូវ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។

ឯកសារ​នេះ​បញ្ជាក់ថា​៖ «​កត្តា​សំខាន់​ដែល​គួរឱ្យកត់សម្គាល់ ​គឺ​មន្ទីរពេទ្យ​បាន​ឆ្លុះបញ្ចាំង​ពី​ការផ្តល់សេវា​សុខាភិបាល ប្រកបដោយ​គុណភាព និង​មាន​ទំនុកចិត្ត​ពី​មហាជន​។ នេះ​គឺជា​លទ្ធផល គួរ​ជាទី​មោទនៈ​សម្រាប់​វិស័យ​គាំពារ​សុខភាព​កុមារ​នៅ​កម្ពុជា ដោយ បច្ចុប្បន្ន​មន្ទីរពេទ្យ​គន្ធបុប្ផា​សម្រេចបាន​នូវ​អត្រា​មរណភាព​កុមារ​ក្នុង​កម្រិត​មួយ​ដ៏​ទាប​ត្រឹម ០,២៩​ ភាគរយ ខណៈដែល​អត្រា​នេះ​នៅ​ឆ្នាំ ១៩៩៨ មាន​រហូតដល់ ​៦ ​ភាគរយ​»​។

ឯកសារ​ដដែល​បន្តថា បច្ចុប្បន្ន​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង ៥ ​ទីតាំង មាន​បុគ្គលិក​សរុប​ចំនួន ២ ៣៤៥ ​នាក់ ក្នុងនោះ ១ ៧៤៩ ​នាក់ ជា​បុគ្គលិក​ជំនាញ​សុខាភិបាល​។ បុគ្គលិក​ទាំងអស់​រប​ស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវបាន​ទទួលស្គាល់ថា​មាន​សមត្ថភាព និង​វិន័យ​ខ្ពស់ គ្មាន​ការធ្វើការ​ក្រៅ​ម៉ោង​នោះទេ​។ បច្ចុប្បន្ន កុមារ​ដែលមាន​អាយុ​ចាប់ពី ០-១៤ ​ឆ្នាំ មាន​ចំនួន​ប្រមាណ ៣០​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​។ ប៉ុន្តែ ១០០​ ភាគរយ​នៃ​ពួកគេ​គឺជា​អនាគត កម្លាំង​ពលកម្ម បម្រើ​ប្រទេសជាតិ និង​ជា​ឪពុកម្តាយ​ជំនាន់​ក្រោយ​។ សុខភាព​របស់​ពួកគេ​ជា​កត្តា​ចម្បង​សម្រាប់​ភាព​រីកចម្រើននៃ​សេដ្ឋកិច្ច និង​សង្គម​៕