
ការបណ្ដុះបណ្ដាលមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី៣១ ឧសភា ។ រូបថត អាជ្ញាធរជាតិអប្សរា
សៀមរាបៈ អាជ្ញាធរជាតិអប្សរាបណ្តុះបណ្តាលឲ្យមន្ត្រីរបស់ខ្លួនចេះស្វែងរកប្រភពឯកសារ ចេះប្រើប្រាស់ឯកសារចាស់ៗនិងចេះកសាងឯកសារបែបវិទ្យាសាស្ត្រ ហើយរក្សាទុកឯកសារទាំងនោះសម្រាប់អ្នកជំនាន់ក្រោយអាចសិក្សាស្រាវជ្រាវក្នុងការបន្តថែរក្សា អភិរក្ស និងជួសជុល តាមរយៈឯកសារទាំងនោះ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាថ្លែងនៅថ្ងៃទី ១ ខែមិថុនាថា នៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ាបានបើកសិក្ខាសាលាស្តីពី «បណ្ណសារអភិរក្សអង្គរ»នៅសាលលលៃនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរដើម្បីបង្រៀនឲ្យអ្នកជំនាញចេះប្រើប្រាស់ឯកសារចាស់ៗ ដែលបានរក្សាទុក ព្រោះឯកសារមួយចំនួន នៅមុនឆ្នាំ ១៩៧៥ ត្រូវបានរក្សាទុកនៅមួយកន្លែង ប៉ុន្តែក្រោយមក ក៏មានការយកទៅប្រទេសបារាំងមួយចំនួន។
លោកបន្តថា មួយវិញទៀត តាមរយៈសិក្ខាសាលានេះក៏បង្រៀនឲ្យមន្ត្រីជំនាញចេះក៏សាងឯកសារលក្ខណៈបែបវិទ្យាសាស្ត្រ មានន័យថា ការងារពីមួយជំហានទៅមួយជំហានត្រូវធ្វើអ្វីខ្លះ នៅពេលរកឃើញរបស់អ្វីមួយមានអ្វីខ្លះ ហៅឈ្មោះថា យ៉ាងម៉េច ត្រូវវាស់ទំហំយ៉ាងណា ហើយរបស់នោះរកឃើញនៅទីតាំងណានោះ សុទ្ធតែជាឯកសារប្រវត្តិសាស្ត្រទាំងអស់ដែលនឹងអាចភ្ជាប់ទុកជាមួយការវិវឌ្ឍនៅទីកន្លែងនោះដែលអាចរយៈពេល ១០០ ឆ្នាំទៀត អ្នកស្រាវជ្រាវ ជួសជុលជំនាន់ក្រោយ អាចប្រើប្រាស់ឯកសារទាំងនោះបានជាឯកសារគោល។
លោកថ្លែងថា៖ «គោលបំណងរបស់យើងគឺធ្វើយ៉ាងណាផ្តល់នូវចំណេះ ទាំងទ្រឹស្តីនិងជំនាញបែបអនុវត្តជូនទៅដល់មន្ត្រី បុគ្គលិក ជំនាញរបស់យើងឲ្យគាត់អនុវត្ត ឲ្យគាត់ធ្វើដើម្បីគាត់មានលទ្ធភាពកសាងឯកសារទាំងអស់នោះសម្រាប់ទុកទៅថ្ងៃអនាគត។អ៊ីចឹងថ្ងៃក្រោយបើត្រូវការរកឯកសារស្អី ១០០ ឆ្នាំក្រោយ ពាក់ព័ន្ធការជួសជុលឬកំណាយអីនៅក្នុងរមណីយដ្ឋានអង្គរគឺយើងមាន»។
លោក ឡុង កុសល បញ្ជាក់ថា ការតម្កល់ទុកឯកសាររបស់អាជ្ញាធរជាតិអប្សរា គឺអាចប្រើប្រាស់បានជាសកល ហើការរក្សាទុកនោះទៀតសោតគឺមានទាំងបែបឯកសារក្រដាសផង និងបែបជាឌីជីថលផងដែរ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរារូបនេះបានលើកឡើងថា សិក្ខាកាមទាំងអស់សុទ្ធតែអ្នកត្រូវបន្តវេនជាមនុស្សគន្លឹះទៅថ្ងៃអនាគតដែលមានភារកិច្ចក្នុងការចែករំលែកដល់អ្នកជំនាន់ក្រោយនូវកិច្ចការអ្វីដែលបានរៀបចំនៅពេលបច្ចុប្បន្ន។លោកបន្ថែមថា ការរៀបចំបណ្តុះបណ្តាលបណ្ណសារអង្គរនេះគឺស្តែងពីចំណេះជំនាញដែលយើងមាននិងធ្វើឡើងទៅតាមបច្ចេកទេស ការស្រាវជ្រាវច្បាស់លាស់ ពាក់ព័ន្ធនឹងការរៀបចំឯកសារប្រចាំថ្ងៃ។
អាជ្ញាធរជាតិអប្សរាមាននូវទស្សនៈវែងឆ្ងាយ ក្នុងន័យបណ្តុះបណ្តាលកម្រិតចំណេះដឹង ទាំងផ្នែកទ្រឹស្តី និងការអនុវត្តជូនដល់មន្ត្រី-បុគ្គលិក រួមទាំងអ្នកជំនាញគ្រប់លំដាប់ថ្នាក់។ អាជ្ញាធរជាតិអប្សរា ដាក់ទិសដៅធ្វើយ៉ាងណាឲ្យមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ មិនត្រឹមតែសម្រាប់អ្នកជំនាញការជាតិ ឬអន្តរជាតិដែលបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេគឺមណ្ឌលបណ្តុះបណ្តាលអង្គរនឹងអាចក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់នាពេលថ្ងៃអនាគតផងដែរ។នេះបើតាមការបញ្ជាក់បន្ថែមពីលោក ឡុង កុសល។
លោក សួម សុភា ជាសិក្ខាកាមម្នាក់ដែលចូលរួមក្នុងវគ្គសិក្ខាសាលានេះបានឲ្យដឹងនៅថ្ងៃទី ១ ខែមិថុនាថា នេះជាសិក្ខាសាលាដ៏ល្អមួយដែលបានផ្សព្វផ្សាយឲ្យបានដឹងអំពីការរៀបចំចងក្រងឯកសារនិងឯកសារប្រវត្តិសាស្ត្រផ្សេងៗជាច្រើនដែលមាននៅក្នុងអភិរក្សដ្ឋានអង្គរ សារមន្ទីរជាតិ និងអាជ្ញាធរជាតិអប្សរាជាដើម។ តាមរយៈសិក្ខាសាលានេះ វាគ្មិនបានបង្រៀនពីវិធីស្រាវជ្រាវតាមរយៈតំណភ្ជាប់អេឡិចត្រូនិកក្នុងការស្វែងរកឯកសារ។លោកថ្លែងថា៖«គេមានឯកសាររបស់គេដើម្បីឲ្យយើងចូលទៅដើម្បីអាចមើលព័ត៌មានពាក់ព័ន្ធទៅនឹងឯកសារផ្សេងៗបាន»។
លោកបន្តថា អ្នកជំនាញបានបង្ហាញអំពីវិធីត្រូវរក្សាទុកឯកសារយ៉ាងដូចម្តេច ដើម្បីកុំឲ្យវាបាត់បង់ ហើយឯកសារអ្វីខ្លះដែលត្រូវយកមករក្សាទុកដែលក្នុងនោះអ្នកជំនាញបានលើកឡើងជាឧទាហរណ៍ ពាក់ព័ន្ធទៅនឹងឯកសារទាក់ទងការជួសជុល និងអភិរក្សប្រាសាទព្រោះនៅក្នុងអភិរក្សដ្ឋានអង្គរក្តី សារមន្ទីរជាតិក្តី ក៏ដូចជាអាជ្ញាធរជាតិអប្សរាភាគច្រើន ឯកសារដែលត្រូវបានរក្សាទុកតាំងពី ឆ្នាំ ១៩០៨ ដល់ ១៩៧៥ គឺជាឯកសារ នៃការងារជួសជុលអភិរក្ស។
លោកថ្លែងថា៖ «ក្នុងការថែរក្សាឯកសារហ្នឹងកាលពីមុនមកគឺគេមានការថតស្គែន ឧទាហរណ៍ដូចជា រូបថតចាស់ៗហ្នឹងគេមានការថតស្គែន ស្គ្រីនសត និងមានការបង្ហោះចូលទៅក្នុងវេបសាយរបស់គេដើម្បីធ្វើការរក្សាទុកនិងងាយស្រួលសម្រាប់យើងក្នុងការស្វែងរក» ៕