ភ្នំពេញៈ ​ក្រសួង​សុខាភិបាល​រួម​នឹង​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​និង​អង្គការ​យូនីសេហ្វ​​ប្រចាំ​នៅ​កម្ពុជា​បាន​ពិភាក្សា​គ្នា​ពី​ការអនុវត្ត​លើ​ការជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម​ ខណៈ​បំណង​ធំ​របស់​ក្រសួង​​គឺ​ចង់ឱ្យ​ពលរដ្ឋ​នៅតាម​សហគមន៍​ចេះ​ថែទាំ​សុខភាព​បឋម​របស់​ពួកគាត់​ឱ្យបាន​គត់មត់​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​ក្រុមការងារ​អភិវឌ្ឍន៍​ និង​គ្រប់គ្រង​ក្របខ័ណ្ឌ​អនុវត្ត​ការជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម​ហៅ​កាត់​ថា (​ក.ជ.ថ.ស.ប​) ​ឬ​ «Task force to develop and manage Primary Health Care Booster Implementation Framework (T.P.H.C Booster)» បាន​ថ្លែង​ដូចនេះ កាលពី​ថ្ងៃទី​ ៣១ ខែឧសភា បន្ទាប់ពី​ប្រជុំពិភាក្សា​ការងារ​ជាមួយ​លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​លោកស្រី ហ្វារូហ្វ ហ្វូយូហ្សាត តំណាង​អង្គការ​យូនីសេហ្វ​ (UNICEF) ​ប្រចាំ​កម្ពុជា​រួម​នឹង​មន្ត្រី​ជាន់ខ្ពស់​មួយចំនួន​ទៀត​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា ជំនួប​កិច្ចពិភាក្សា​នេះ ក្នុង​គោលបំណង​បង្ហាញ​អំពី​គំនិត​ផ្តួចផ្តើម និង​ដំណើរការ​អភិវឌ្ឍន៍​ក្របខ័ណ្ឌ​អនុវត្ត​ការជំរុញ​បង្កើន​ការថែទាំ​សុខភាព​បឋម ព្រមទាំង​ស្វែង​រក​នូវ​ចំណុច​រួមគ្នា​ សម្រាប់​ធ្វើ​កិច្ចសហប្រតិបត្តិ​ក្នុងការ​អនុវត្ត​ក្របខ័ណ្ឌ​ជំរុញ​ការថែទាំ​សុខភាព​បឋម​នៅ​កម្ពុជា​។

លោកស្រី ឱ វណ្ណឌីន មាន​ប្រសាសន៍​ថា៖ «​គោលបំណង​ធំ​របស់​យើង​គឺ​យើង​ចង់ឱ្យ​ប្រជាពលរដ្ឋ​ដែល​នៅតាម​សហគមន៍​រស់​នៅតាម​ភូមិ​-​ឃុំ របស់គាត់ ឱ្យ​ចេះ​ទទួល​ខុសត្រូវ​ទៅលើ​ការថែទាំ​សុខភាព​បឋម​របស់​ពួកគាត់​ឱ្យបាន​គត់មត់​ដោយ​យើង​បាន​រៀនសូត្រ​ពី​បទពិសោធ​ដែល​យើង​បាន​ឆ្លងកាត់​ជាមួយនឹង​ការប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​ ១៩»​។

ការជំរុញ​នូវ​ការថែទាំ​សុខភាព​បឋម​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​អនុវត្ត​នូវ​កិច្ចការ​ការពារ​សុខភាព ប៉ុន្តែ​ការធ្វើ​នេះ​គឺ​ស្ថិតក្នុង​រយៈពេល​វែង​ណាស់ ដោយ​មិន​អាចធ្វើ​សម្រេច​នៅក្នុង​រយៈពេល​ខ្លី​បានទេ គឺ​ត្រូវ​រំពឹងថា​តទៅ​ថ្ងៃមុខ​ក្នុង​រយៈ​ ១០ ​ឆ្នាំ​ ឬ​ ២០ ​ឆ្នាំ​ទៀត តើ​សុខភាព​របស់​ពលរដ្ឋ​នឹងមាន​ភាពប្រសើរ​ក្នុង​កម្រិតណា​ដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកស្រី ឱ វណ្ណឌីន​។

លោកស្រី​បន្តថា​៖ «​អ្វីដែល​យើង​ចង់ឃើញ​គឺ​យើង​ចង់បាន​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​មាន​ភាពល្អប្រសើរ កាត់បន្ថយ​ជា​អតិបរមា គឺ​អត្រា​ឈឺ និង​អត្រា​ស្លាប់ ហើយ​ជាពិសេស​ពួកគាត់​អាច​ការពារ​បាន​នៅក្នុង​ក្រុមគ្រួសារ​របស់គាត់​ពី​ការចម្លង​នូវ​ជំងឺ​តម្កាត់​ផ្សេងៗ និង​ពួកគាត់​ចេះ​ការពារ​គាត់​ជា​អតិបរមា​នូវ​ហានិភ័យ​ដែល​អាច​កើតឡើង​នូវ​ជំងឺ​មិនឆ្លង​»​។

ក្នុងនាម​ជា​ប្រទេស​សមាជិក​មួយ​របស់​ WHO ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ចូលរួម​សន្និសីទ​ពិភពលោក និង​សេចក្តី​ប្រកាស​រួម​អន្តរជាតិ​នៃ​ទីក្រុង​អាស្តាណា​ស្តីពី​ការថែទាំ​សុខភាព​បឋម ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​ ២៥-២៦ ខែតុលា ឆ្នាំ​ ២០១៨ នៅ​ទីក្រុង​អាស្តាណា​ (Astana)​ នៃ​ប្រទេស​កាហ្សាក់ស្ថាន ។

ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​ក៏បាន​ចាប់ផ្តើម​រិះរក​គំនិត និង​សកម្មភាព​ជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម​ដោយ​រៀនសូត្រ​បទពិសោធ​ពី​ការឆ្លើយតប​នឹង​ជំងឺ​កូវីដ ​១៩ ​ផងដែរ​។ ជា​លទ្ធផល​មកទល់​ពេលនេះ​ក្រសួង​សុខាភិបាល​បានសម្រេច​បង្កើត​ក្រុមការងារ​បច្ចេកទេស​ស្នូល​ ដើម្បី​អភិវឌ្ឍ​ និង​គ្រប់គ្រង​ក្របខ័ណ្ឌ​អនុវត្ត​ការជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម​ដែល​ហៅ​កាត់​ថា (​ក.ជ.ថ.ស.ប​)​។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ពាក់កណ្តាល​ខែឧសភា ក្រសួង​សុខាភិបាល​បានស្នើ​ប្រទេស​អូទ្រីស​ឱ្យជួយ​គាំទ្រ​លើ​គម្រោង​ផ្តល់​សេវាកម្ម​វេជ្ជសាស្ត្រ​ និង​ថែទាំ​ព្យាបាល​ជំងឺមិនឆ្លង​ព្រមទាំង​វិនិយោគ​លើ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ ដើម្បី​លើកកម្ពស់​ការថែទាំ​សុខភាព​បឋម​ក្នុង​ការ​ឈាន​ទៅ​គ្របដណ្តប់​សេវា​សុខ​ភាពជា​សកល​៕