ភ្នំពេញៈ ស្ត្រី​ជប៉ុន​ដែលជា​អតីត​ភរិយា​ពាណិជ្ជករ​ជប៉ុន​ម្នាក់​បាន​សម្រេច​បរិច្ចាគ​ផ្ទៃដី​ទំហំ​ប្រមាណ​ ២-៣ ​ហិកតា ស្ថិតនៅ​ភូមិ​ជ្រៃកោង សង្កាត់​ចោមចៅ​ទី​ ២ ខណ្ឌ​ពោធិ៍សែនជ័យ​ឱ្យទៅ​រដ្ឋបាល​រាជធានី​-​ភ្នំពេញ ដើម្បី​រៀបចំ​សួន​ដើមឈើ សម្រាប់​សាធារណជន​។

លោក កូជិ កាន់ហ្សាគិ ជា​ពាណិជ្ជករ​ជប៉ុន​ដែល​រស់នៅ​ស្រុក​ខ្មែរ​ច្រើន​ឆ្នាំ មុនពេល​ស្លាប់​បាន​ប្រាប់​ទៅ​ភរិយា​របស់លោក គឺ​លោកស្រី មិឈិកូ កាន់ហ្សាគិ ធ្វើ​ជំនួយ​សប្បុរសធម៌​ជា​ផ្ទៃ​ទំហំ​ ២-៣​ ហិកតា​ឱ្យដល់​សាលាក្រុង​ភ្នំពេញ ដោយ​កិច្ចព្រមព្រៀង​ស្ដីពី​ការប្រគល់ និង​ទទួល​ដី​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៣១ ខែ ឧសភា ឆ្នាំ ២០២២​។ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ដោយ​លោក ហុក ហួលីម នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ និង​លោកស្រី មិឈិកូ ក្រោម​អធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​។

លោក ម៉េត មាសភក្ដី ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ព្រឹក​មិញ​ពី​គោលបំណង​របស់​កម្មវិធី​ការប្រគល់​ជូន និង​កិច្ចព្រមព្រៀង​នេះ​ថា​៖ «​នេះ​ជា​ជំនួយ​របស់​សប្បុរសជន​ជនជាតិ​ជប៉ុន លោក កូជិ កាន់ហ្សាគិ ដែល​ពី​ដើម​គាត់​ជា​ពាណិជ្ជករ គាត់​បានមក​រស់នៅ​ស្រុក​ខ្មែរ​ច្រើន​ឆ្នាំ​ហើយ ហើយ​គាត់​ក៏មាន​ធ្វើ​សកម្មភាព​ចូលរួម​ក្នុងន័យ​សប្បុរសធម៌​ក៏​ច្រើនលើក​ដែរ​»​។

លោក​បាន​បន្តទៀតថា​៖ «​អ្វី​ដែលជា​រឿង​ពាក់ព័ន្ធ​ជាមួយ​ទីតាំង​សួន​នេះ បើទោះជា​គាត់​បាន​ខូច​ហើយ តែ​គាត់​បានផ្ដល់​ជូន​តាមរយៈ​ក្រុមគ្រួសារ​របស់គាត់​។ គាត់​ប្រគល់​មកជា​ដី​ទទេ​ទេ ដែលមាន​ទំហំ ២-៣ ហិកតា​ឱ្យ​សាលា​រាជធានី​គ្រប់គ្រង ហើយនឹង​រៀបចំ​ទៅជា​សួន​ដើមឈើ ល្អ​ដល់​បរិស្ថាន និង​ជា​ខ្យល់​ដង្ហើម ដែលជា​គោលបំណង​របស់គាត់ ជា​ការចូលរួម​នៅក្នុង​កម្ពុជា​ដោយ​​ក្ដី​ស្រឡាញ់​ដល់​ប្រទេស​ខ្មែរ​យើង​»​។

ទោះយ៉ាងណា​ក៏ដោយ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ​បាន​ឱ្យដឹង​ដែរ​ថា សាលា​រាជធានី​ភ្នំពេញ​មិនទាន់​មាន​ផែនការ​ជាក់លាក់​នៅឡើយ​ទេ ពី​គម្រោង​រៀបចំ​សួន​នោះ ប៉ុន្តែ​ដូចជា​សួន​ទូទៅ ក្នុង​ការប្រើប្រាស់ គឺ​អាចឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រីករាយ ប្រើប្រាស់​ជា​សួន​កម្សាន្ត កន្លែង​ហាត់ប្រាណ ឬ​អង្គុយ​កម្សាន្ត​៕