ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​នៃ​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​បាន​ក្រឿន​រំឭក​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺគ្រុនឈាម ខណៈ​រយៈពេល​ ៥​ ខែ នា​ឆ្នាំ​ ២០២២ នេះ​មាន​ជំងឺគ្រុនឈាម​ជាង​ ១ ២០០ ​ករណី គឺ​កើនឡើង​ប្រមាណ​ ៣០០ ​ករណី បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ការ​ក្រើនរំឭក​នេះ ស្របពេល​រដូវវស្សា​ចូលមក​ដល់​ហើយ​មាន​ភ្លៀង​ធ្លាក់​ញឹកញាប់​ស្ទើរ​គ្រប់​ទីកន្លែង​បង្កឱ្យមាន​ទឹក​ដក់​នៅតាម​កង់ឡាន ឬ​កន្លែង​ផ្សេងៗ​ដែល​ងាយ​បង្កឱ្យមាន​ដង្កូវទឹក និង​មូសខ្លា ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។

លោក លាង ឫទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​នៃ​ក្រសួង​សុខាភិបាល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជំងឺ​គ្រុនឈាម​ក្នុង​រយៈពេល ​២ ​សប្តាហ៍​ចុងក្រោយ​នេះ​មាន​សម្ទុះ​កើនឡើង​គួរឱ្យ​ព្រួយបារម្ភ ប៉ុន្តែ​ស្ថិតនៅ​ក្នុងស្ថានភាព​គ្រប់គ្រង​បាន​នៅឡើយ​។

លោក​បន្តថា គិត​ត្រឹម​រយៈពេល​ ៥ ​ខែ​នៅក្នុង​ឆ្នាំ​ ២០២២ នេះ​មាន​ករណី​ជំងឺគ្រុនឈាម​ជាង ១ ២០០ ករណី​កើនឡើង​ប្រមាណ​ពី​ ២០០​ ទៅ​ ៣០០ ករណី បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ លោក​ថា​៖ «​មូលហេតុ​ជំងឺគ្រុនឈាម​កើនឡើង​ដោយសារ​ទាក់ទង​កត្តា​ជាច្រើន គឺ​ដោយសារ អាកាសធាតុ មាន​កម្តៅ សំណើម ទឹកភ្លៀង កាលណា​កម្តៅ​កើន ទឹកភ្លៀង​ច្រើន​គឺមាន​ការកើនឡើង​មូស​ទៅតាម​ហ្នឹង ជាក់ស្តែង​យើង​ឃើញថា ទឹកភ្លៀង​បង្អុរ​មក ​២ ​សប្ដាហ៍​ចុងក្រោយ​នេះ​»​។

ក្នុង​ចំណោម​អ្នកជំងឺ​ជាង​ ១២០០​ ករណី​នោះ មាន​មនុស្ស ​២​ នាក់​ស្លាប់ ដោយ​មូលហេតុ​គាត់​យឺតយ៉ាវ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ជំនាញ ហើយ​ទទួល​ការព្យាបាល​នៅតាម​ភូមិ ឃុំ ជាមួយ​ពេទ្យ​ដែល​អត់​មាន​សញ្ញាបត្រ អត់​មាន​ជំនាញ ដោយ​ដាក់​សេរ៉ូម​ដល់​អ្នកជំងឺ​។

លោក​ពន្យល់ថា​៖ «​ខ្ញុំ​សូមបញ្ជាក់ថា បើសិនជា​ជំងឺ​គ្រុនឈាម​មែន​ឱ្យ​តែ​ដាក់​សេរ៉ូម​បាន​ ៥ ​ប្លោក​ហើយ គឺ​ចប់​ហើយ អត់​មាន​ទេវតា​ណា​ជួយ​បានទេ ព្រោះ​ទឹក​ចូល​ពេញ​សួត​អស់ហើយ អ៊ីចឹង​សំណូម​ឱ្យ​ប្រជាជន ត្រូវ​យល់​ពី​ចំណុច​នេះ បើ​មានការ​សង្ស័យ​កុំ​ព្យាយាម​លេបថ្នាំ​ដោយ​ខ្លួនឯង ហើយ​មក​មន្ទីរពេទ្យ​រដ្ឋ​ក្នុង​រយៈពេល ៤៨ ​ម៉ោង ជាបន្ទាន់​»​។

លោក​ឱ្យ​ដឹង​ទៀតថា ជំងឺ​គ្រុនឈាម​ជាទូទៅ​កើតឡើង​នៅ​កន្លែង​ណា​ដែលមាន​មនុស្ស​កកកុញ​រស់នៅ​ដូចជា​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ចាម កំពង់ស្ពឺ ត្បូងឃ្មុំ និង​សៀមរាប​ជាដើម​។ ប៉ុន្តែ​ក៏មាន​ឱកាស​កើតឡើង​នៅ​ភូមិ​ដាច់ស្រយាល​ដែរ បើសិនជា​គាត់​ប្រើ​ពាងទឹក​ច្រើន ហើយ​មិនចេះ​សម្អាត​។

ឆ្លៀត​ក្នុង​ឱកាស​នេះ លោក លាង ឫទ្ធា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល ដោយ​ឧស្សាហ៍​លាង​ពាងទឹក រៀបចំ​ទុកដាក់​អីវ៉ាន់​ក្នុងផ្ទះ​ឱ្យបាន​ល្អ ឱ្យមាន​ពន្លឺ​ចេញចូល​គ្រប់គ្រាន់ សម្អាត​ទាំង​ក្នុងផ្ទះ និង​ក្រៅ​ផ្ទះ បរិវេណ​ផ្ទះ សម្បក​កំប៉ុង កង់ឡាន និង​ត្រឡោក​ដូង​។

លោក​គូសបញ្ជាក់​ថា វិធានការ​ចំពោះមុខ កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​នឹង​ចេញ​សេចក្តី​ប្រកាស​មួយ ដើម្បី​ជូនដំណឹង​ដល់​ប្រជាជន​ថា ជំងឺ​គ្រុនឈាម​កើនឡើង​ក្នុង​រដូវវស្សា​នេះហើយ​នឹង​កើន​លើស​នេះ​ទៀត​។

លោក​ថា​៖ «​ប៉ុន្តែ​យើង​ផ្តោត​សំខាន់​តែ​កន្លែង​ណា​ដែល​ប្រឈម​ខ្លាំង មូលហេតុ​ត្រង់​ថា បើ​យើង​ចេះតែ​បាញ់ថ្នាំ ដាក់​ថ្នាំ ពាសវាល​ពាសកាល​មូស​វា​នឹងមាន​ភាពស៊ាំ​ដូច្នេះ​នេះ​គ្រាន់តែ​ជា​មធ្យោបាយ​មួយរយៈ​ពេល​ខ្លី​ទេ ជា​និរន្តរភាព​នោះ​គឺ​ប្រជាជន​ខ្លួនឯង​ការចូលរួម​របស់​សហគមន៍ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​»​។

លោក​ថា ជំងឺ​គ្រុនឈាម​មិនមែន​ជា​ជំងឺ​ដែល​ទទួល​បន្ទុក​របស់​ក្រសួង​សុខាភិបាល​តែមួយ​នោះទេ គឺ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ប្រជាជន​ខ្លួនឯង​ត្រូវ​រៀបចំ​ទុកដាក់​កង់ឡាន បញ្ហា​ធំ វាដក់​ទឹកភ្លៀង កើតជា​ដង្កូវទឹក​បង្ក​ជា​មូស នេះ​ជា​បញ្ហា ទោះបីជា​យើង​មាន​វិធានការ​បាញ់ថ្នាំ​ក៏ដោយ ប៉ុន្តែ​បើ​មិនមាន​ការចូលរួម​របស់​សហគមន៍​ក៏​មិនសូវ​មាន​ប្រសិទ្ធភាព​ដែរ​។ លោក​ថា​៖ «​ពលរដ្ឋ​ចេះតែ​រំពឹងថា​លោកគ្រូ​ពេទ្យ​ម៉េច​មិន​មក​បាញ់ថ្នាំ​គ្រូពេទ្យ​មិន​មក​រើស​សំរាម​នៅផ្ទះ​ខ្ញុំ គឺ​មិន​អាចធ្វើ​អ៊ីចឹង​បានទេ គឺ​ពលរដ្ឋ​ត្រូវ​ចូលរួម​ខ្លួនឯង​ដែរ​»​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្តាល លោក គួយ ប៊ុនធឿន មាន​ប្រសាសន៍​ថា ជា​រៀងរាល់​ឆ្នាំ ក្នុង​រដូវ​ធ្លាក់ភ្លៀង គឺ​មន្ទីរ​សុខាភិបាល​ខេត្ត តែងតែ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ តាមរយៈ​មណ្ឌល​សុខភាព ដើម្បីឱ្យ​ពលរដ្ឋ​យល់​ពី​ការ​ទុកដាក់ និង​គ្រោះថ្នាក់​បណ្តាល​មកពី​ជំងឺ​គ្រុនឈាម​។ ក្នុងនោះ​មន្ទីរ​សុខាភិបាល​ក៏បាន​ទទួល​ថ្នាំ​អាបេត​ពី​ក្រសួង​សុខាភិបាល​ក្នុង​ការបន្ត​ចែកជូន​ប្រជាពលរដ្ឋ​ទៅតាម​សហគមន៍​ឱ្យ​ដាក់ចូល​ទៅក្នុង​ទឹក​ពាង​ ដើម្បី​សម្លាប់​ដង្កូវទឹក កុំឱ្យ​កើតជា​មូស​ខ្លា​។

លោក​ថា​៖ «​នៅ​ខេត្ត យើង​មាន​ការកើត​ជំងឺគ្រុនឈាម​ច្រើន ប៉ុន្តែ​មិនសូវ​ធ្ងន់ធ្ងរ​ទេ គឺ​កើតឡើង​មួយៗ​នៅតាម​តំបន់​ផ្សេងៗ​គ្នា បើ​គិតពី​ខែមករា ដល់​ចុងខែ​ឧសភា មាន​ជំងឺ​គ្រុនឈាម​ចំនួន​ ១៨៤ ​ករណី ប៉ុន្តែ​មិនមាន​អ្នកស្លាប់​ទេ​»​។

បើតាម លោក លាង ឫទ្ធា បច្ចុប្បន្ននេះ ក្រសួង​សុខាភិបាល​បាន​ត្រៀម​វិធានការ ដោយ​ត្រៀម​សេរ៉ូម ៧ ​ម៉ឺន​ប្លោក​ជា​រៀងរាល់​ឆ្នាំ ថ្នាំ​បាញ់ ៩ ​ពាន់​លីត្រ អាបេត​ជិត ២០០ ​តោន និង​សល់​ពី​ឆ្នាំមុន​ជាង ២០០ ​តោន សរុប ៤០០ ​តោន ដើម្បី​ប្រើប្រាស់​ទប់ទល់​បង្ការ និង​ទប់ស្កាត់​ជំងឺ​គ្រុនឈាម​៕

វីដេអូ៖