ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ត​បើក​សវនាការ​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ទី ៤២ ពាក់ព័ន្ធ​នឹង​ការចោទ​ពីបទ «​សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស ឬ​ឃុបឃិត​ជាមួយ​បរទេស​» ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​» ​ជា​បទចោទប្រកាន់​ដែល​សហមេធាវី ចុងចោទ​បាន​អះអាង​ជាថ្មី​ថា លោក​ កឹម សុខា មិនបាន​ប្រព្រឹត្ត​អ្វី​ដូច​មានការ​ចោទប្រកាន់​នោះទេ​។

លោក ចាន់ ចេន សហមេធាវី​លោក កឹម សុខា ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន នៅខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់​សវនាការ​ថា តាម​ការសង្កេត​មើល​ជារួម សវនាការ លោក កឹម សុខា ​លើក​ទី​ ៤២ នៅ​ថ្ងៃទី​ ១ ​ខែមិថុនា មាន​ការតឹងតែង ដោយ​មាន​ការ​ចោទសួរ​ពី​តំណាង​អយ្យការ និង​ការឆ្លើយ​របស់​លោក កឹម សុខា​។ សំណួរ​ទាំងអស់​របស់​តំណាង​អយ្យការ​ពាក់ព័ន្ធ​នឹង​រឿង​ដាក់បន្ទុក និង​ចោទប្រកាន់ លោក កឹម សុខា ដែលមាន​ការឃុបឃិត​គ្នា​ជាមួយ​បរទេស ក៏ប៉ុន្តែ​សហ​មេធាវី​របស់លោក​មាន​លោកស្រី​ ម៉េង សុភារី និង​លោក​ ផែង ហេង ​បាន​តាំង​សំណួរ​ទៅឱ្យ​តំណាង​អយ្យការ បញ្ជាក់​ភ័ស្តុតាង​លើ​ការចោទប្រកាន់​នេះ​។

លោក​ថា​៖ «​សំណួរ​ដែល​សួរ​បញ្ជាក់​ភ័ស្តុតាង​នេះ តើ​មាន​រដ្ឋ​បរទស ឬ​បរទេស​ណា ដែល​ឃុបឃិត​គ្នា​ជាមួយ​នឹង​លោក កឹម សុខា? តើ​មាន​កិច្ចព្រមព្រៀង​អ្វីដែល​បញ្ជាក់ថា កូនក្តី​របស់​យើងខ្ញុំ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ឬ ភ្នាក់ងារ​បរទេស​? ក៏ប៉ុន្តែ បើ​ពិនិត្យ​ជារួម វា​អត់​មាន​ជា​ភ្នាក់ងារ​បរទេស ឬ​រដ្ឋ​បរទេស​ណា​ដែល​មក​ឃុបឃិត​ជាមួយ លោក កឹម សុខា នោះទេ​»​។

តំណាង​អយ្យការ​បាន​សួរ​ដេញដោល​លោក​ កឹម សុខា ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដែល​បានធ្វើ​កន្លងមក ប៉ុន្តែ​លោក កឹម សុខា មិន​ចង់​គាស់កកាយ​នូវ​អ្វីដែល​កើតឡើង​នោះទេ ពីព្រោះ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ២០១៣ មាន​កិច្ចព្រមព្រៀង​ជា​ហូរហែ ដែល​បញ្ចប់​នូវ​រាល់​បញ្ហា​មុនពេល​បោះឆ្នោត​រួច​អស់​ទៅហើយ​។

ទោះជា​យ៉ាងណា អ្វីដែល​លោក​ កឹម សុខា ធ្វើ​កន្លងមក​គឺ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ទាំងអស់ ទាំង​រាល់​សកម្មភាព​និង​ស្ថាប័ន​របស់គាត់ គឺ​ស្ថិតក្នុង​ក្របខ័ណ្ឌ​ច្បាប់​ទាំងអស់​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ ចាន់ ចេន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​នៅតែ​យល់ឃើញថា សវនាការ​លើក​ទី​ ៤២ នេះ យើង​ឃើញ​ការដេញ​ដោល អត់​ដេញដោល​រឿង​អង្គហេតុ​ពិតប្រាកដ​ទេ យកតែ​សំឡេង​របស់​កូនក្តី​របស់​យើងខ្ញុំ ដែល​គេ​កាត់ត​ធ្វើការ​ចោទសួរ​ជា​ខ្លីៗ ជា​កង់ៗ ក៏ប៉ុន្តែ បើ​ពិនិត្យ​មើល​ខ្លឹមសារ​នៃ​វីដេអូ​ ១​ ម៉ោងជាង​ទាំងមូល​អត់​មាន​អ្វីដែល​ឆ្លុះបញ្ចាំង​ថា កូនក្តី​យើងខ្ញុំ​ដូច​ការចោទប្រកាន់​ទេ​»​។

បើតាម​លោក ចាន់ ចេន ក្រុម​សហមេធាវី​របស់​លោក​សំណូមពរ​ចាប់តាំងពី​សវនាការ​ដំបូង​ឱ្យ​តុលាការ​បង្ហាញ​នូវ​ភ័ស្តុតាង​ជា​រដ្ឋ​បរទេស​ ឬ​ភ្នាក់ងារ​បរទេស ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​លោក កឹម សុខា បង្កឱ្យ​មាន​ប្រទូសរ៉ាយ ឬ​បង្កឱ្យមាន​ការឈ្លានពាន​ប្រទេស​កម្ពុជា​ ក៏ប៉ុន្តែ​តុលាការ​មិនបាន​បង្ហាញ​ទេ​។ នេះ​បង្ហាញថា កូនក្តី​របស់​លោក​គឺ​លោក កឹម សុខា ជា​បុគ្គល​ស្អាតស្អំ​មិនបាន​ប្រព្រឹត្ត​ដូច​អ្វីដែល​មានការ​ចោទប្រកាន់​នោះទេ​។

លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា វា​ជា​រឿង​ធម្មតា​ទេ​ដែល​ក្នុង​សវនាការ​មាន​សាកសួរ​ដេញដោល​ច្រើន​នោះ ហើយក៏​វា​មិន​ចម្លែក​ដែរ ដែល​សភាព​តឹងតែង​ក្នុង​សវនាការ តែងតែ​កើតមាន​នៅពេល​ដែល​តំណាង​អយ្យការ បាន​ធ្វើការ​សាកសួរ សំណួរ​ដែល​បង្ហាញ​ពី​ធាតុ​ផ្សំ​នៃ​បទល្មើស ព្រមទាំង​បង្ហាញ​ទាំង​ភ័ស្តុតាង​ ដើម្បី​បញ្ជាក់ថា ជន​ជាប់ចោទ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទ​ប្រកាន់​មែន​នោះ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា រឿងក្តី​របស់​លោក កឹម សុខា នេះ​ហាក់ដូចជា​អូសបន្លាយ​យូរ​ដែល​ធ្វើឱ្យមាន​លើកឡើង​ទៅជា​ករណី​រឿង​នយោបាយ​វិញ និង​ធ្វើឱ្យ​មហាជន​យល់ច្រឡំ ឬ​ញែក​មិន​ដាច់​រវាង​បទល្មើស​ព្រហ្មទណ្ឌ និង​ករណី​រឿង​នយោបាយ​។

លោក​ស្នើឱ្យ​តុលាការ​គួរ​ពន្លឿន​នីតិវិធី​សំណុំរឿង​របស់​លោក កឹម សុខា ឱ្យ បញ្ចប់​ទៅតាម​ពេលវេលា​សមស្រប​ណាមួយ​ចៀសវាង​ការអូសបន្លាយ​ពេលវេលា​យូរ​ក្លាយ​ទៅជា​អន្ទាក់​នយោបាយ​ផ្សេងទៀត​៕

វីដេអូ៖