ភ្នំពេញៈ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) លោក ​ប្រាជ្ញ ចន្ទ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២១ ​ត្រៀមខ្លួន​និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ-​ខ្មែរ​ (​អ.ខ​.) ដែលមាន​សុពលភាព ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ (​ឯ.អ​.) ​បម្រើឱ្យ​ការបោះឆ្នោត ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​ ៥ នា​ថ្ងៃអាទិត្យ​ទី​ ៥ មិថុនា ឆ្នាំ​ ២០២២ ចាប់ពី​ម៉ោង​ ៧:០០ ​ព្រឹក ដល់​ម៉ោង​ ៣:០០ ​រសៀល​។

លិខិត​អំពាវនាវ​របស់​លោក​ ប្រាជ្ញ ច័ន្ទ កាលពី​ថ្ងៃទី​ ៣១ ឧសភា បាន​សរសេរ​ថា ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២១ ដែល​បាន​ប្រើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការចុះឈ្មោះ​បោះឆ្នោត ហើយ​មិនទាន់​មាន អ.ខ. អស់​សុពលភាព ឬ​មិនទាន់​ទទួល​បាន ឬ​បាត់ ឬ​ខូច ឬ​កែតម្រូវ សូម​ប្រញាប់​រួសរាន់ ទៅ​ស្នើសុំ ឯ.អ. ពី​គណៈកម្មការ​ឃុំ​-​សង្កាត់​រៀបចំ​ការបោះឆ្នោត និង​អាជ្ញាធរ​ឃុំ​-​សង្កាត់​នៃ​ឃុំ-សង្កាត់ ដែល​ខ្លួន​ត្រូវ​ទៅ​បោះឆ្នោត​ឱ្យបាន​ទាន់​ពេលវេលា​ត្រឹម​ថ្ងៃទី​ ៣ ខែមិថុនា ឆ្នាំ​ ២០២២ វេលា​ម៉ោង ៥:៣០ ​នាទី​ល្ងាច​។

លោក​ប្រាជ្ញ ចន្ទ សរសេរថា​៖ «​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​សូមឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​ ២០២១ ទាំងអស់ មេត្តា​អញ្ជើញ​ទៅ​បោះឆ្នោត​នៅតាម​ការិយាល័យ​បោះឆ្នោត តាម​កាលបរិច្ឆេទ និង​ពេលវេលា​កំណត់​ខាងលើ​ឱ្យបាន​គ្រប់ៗ​គ្នា​»​។

លោក​ សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប. ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១ ខែមិថុនា​ថា ជាធម្មតា នៅមុន​ការបោះឆ្នោត​មកដល់ និង​ក្នុង​អំឡុងពេល​នៃ​ការរៀបចំ​ការបោះឆ្នោត គ.ជ.ប. តែងតែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត អញ្ជើញ​ពួកគាត់​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​។

លោក​ថា សារ​អំពាវនាវ​របស់លោក​ ប្រាជ្ញ ចន្ទ ក៏ត្រូវ​បាន​ចម្លង​ចែក​ជូនទៅ​គណៈកម្មការ​រាជធានី​-​ខេត្ត រៀបចំ​ការបោះឆ្នោត​ទាំង​ ២៥ យកទៅ​ផ្សព្វផ្សាយ​តាម​វិទ្យុ​រាជធានី​-​ខេត្ត​រៀងៗ​ខ្លួន​។ ទន្ទឹម​គ្នា​នេះ គជប ក៏មាន​ផូស្ទ័រ និង​ខិត្តប័ណ្ណ​បិទ​ផ្សាយ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ដឹង​អំពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត និង​ដឹង​អំពី​ឯកសារ​ដែល​គាត់​បោះឆ្នោត​។

លោក​ថ្លែងថា​៖ «​នៅមុន​ការបោះឆ្នោត​ ៣​ ថ្ងៃ យើង​មាន​កម្មវិធី​ផ្សព្វផ្សាយ​តាម​ឧគ្ឃោសនស័ព្ទ ឬ​ឧបករណ៍​បំពង​សំឡេង​ចល័ត​សម្រាប់​ឃុំ​-​សង្កាត់​នីមួយៗ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​នៃ​ឃុំ​សង្កាត់​ទាំងអស់​នោះ អញ្ជើញ​ទៅ​បោះឆ្នោត​។ អ៊ីចឹង​ទេ​! យើង​ប្រើ​គ្រប់​រូបភាព និង​មធ្យោបាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​នេះ​»​។

ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នេះដែរ លោក ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​សមាជិក សមាជិកា និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​ ៣១ ខែឧសភា បាន​ព្យាករ​ថា ក្នុង​ចំណោម​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ជាង​ ១​ ម៉ឺន គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​ពី​ ៨​ ពាន់ ទៅ ជាង​ ៩​ ពាន់​អាសនៈ​នៅ​ទូទាំង​ប្រទេស​។

លោក​ថ្លែងថា​៖ «​ឥឡូវនេះ មាន​អ្នកទស្សន៍ទាយ​ថា តាម​ការសិក្សា​តាម​តួលេខ​ជា​បន្តបន្ទាប់ តាំងពី​ការបោះឆ្នោត​ដំបូង​ឆ្នាំ​ ៩៣ ​មក​រហូត​ដល់​បច្ចុប្បន្ននេះ គឺ​ក្នុងចំណោម​អាសនៈ​ដែលមាន​ទាំងអស់​ ១​ ម៉ឺន​ ១​ ពាន់​ជាង​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា​អាច​ទទួលបាន​ក្នុង​ចន្លោះ​ពី​ ៨​ ពាន់ ទៅ​ ៩ ៥០០​ អាសនៈ ហើយ​គណបក្ស​មួយ​នោះបាន​ប្រហាក់​ប្រហែល​ ២ ​ពាន់​នៅ​ទូទាំង​ប្រទេស មិនមែន​នៅ​កន្លែង​ណាមួយ​។ នេះ គឺជា​ការ​ទស្សន៍ទាយ​ទេ​»​។

លោក​បន្តថា តាមរយៈ​ការ​ទស្សន៍ទាយ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ជា​អ្នក​នាំមុខ និង​ទទួលបាន​ជោគជ័យ​ចំពោះ​ការបោះឆ្នោត​នៅពេល​ខាងមុខ ដែល​នេះ​បង្ហាញថា ប្រជាពលរដ្ឋ​នៅតែ​ផ្តល់​ជំនឿ​ទុកចិត្ត​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល​។ លោក ស ខេង ​បញ្ជាក់ថា តាមច្បាប់​ជាតិ និង​ច្បាប់​បោះឆ្នោត គឺ​អនុញ្ញាត​ឱ្យ​មានការ​ស្ទង់មតិ ឬ​ព្យាករ ប៉ុន្តែ​យន្តការ​នៃ​ការស្ទាបស្ទង់​នោះ​ត្រូវតែ​អព្យាក្រឹត មិន​លម្អៀង និង​ជា​អង្គការ​វិជ្ជាជីវៈ​។

ទោះជា​យ៉ាងណា លោក​ថ្លែងថា​៖ «​ខ្ញុំ​និយាយ​អម្បាញ់មិញ​នេះ ក្នុង​នាម​ជា​អ្នកនយោបាយ ប៉ុន្តែ​ខ្ញុំ​បាន​ស្រង់​ព័ត៌មាន​ពី​អ្នកស្រាវជ្រាវ គេ​ថា​ទេ ហើយក៏​មិនមែន​ជា​ព័ត៌មាន​ផ្លូវការ​ទេ​។ យ៉ាងណា​ក៏ដោយ ក៏​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​នាំមុខ សំឡេងគាំទ្រ​។ នេះ គឺជា​សច្ចធម៌​ដែល​បាន​បំពេញ​បេសកកម្ម ដើម្បី​បុព្វហេតុ​ប្រទេសជាតិ​តាំងពីដើម​រហូតមក​ទល់​បច្ចុប្បន្ននេះ​»​។

លោក​ សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១ ខែមិថុនា​ថា គណបក្ស​ភ្លើងទៀន​ជា​គណបក្ស​ធំ​ទី​ ២ និង​មានការ​គាំទ្រ​ច្រើន មិន​ចាញ់​គណបក្ស​កាន់អំណាច​នោះទេ​។ ដូច្នេះ តាម​ការសង្កេតមើល​ការបោះឆ្នោត​កន្លងមក ប្រជាពលរដ្ឋ​ជ្រើសរើស​យកតែ​គណបក្ស​ ២ ឬ​ ៣ ទេ សម្រាប់​ការបោះឆ្នោត ដែល​ក្នុង​ចំណោម​នោះ​គណបក្ស​ភ្លើងទៀន ក៏​នឹង​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​។

លោក​ ឡឹក សុធារ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១ ខែមិថុនាថា ការលើកឡើង​របស់​លោក ស ខេង គ្រាន់តែ​ជា​វោហារ​ស័ព្ទ និង​ចិត្តសាស្ត្រ​នយោបាយ​មួយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្វីដែល​ជាការ​ព្យាករ​របស់លោក​វិញ គឺ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នឹង​ដណ្តើមបាន​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ប្រមាណ​ពី ៥០ ទៅ ៦០% នៃ​អាសនៈ​សរុប ព្រោះ​លោក​ថា ឃើញ​ទំនោរ​របស់​ប្រជាពលរដ្ឋ​បង្ហាញ​ពី​ការផ្លាស់ប្តូរ​ច្រើន​។

លោក​ថ្លែងថា​៖ «​មូលហេតុ​ដែល​ខ្ញុំ​ព្យាករ​បែបនេះ ដោយសារ​តែ តាមរយៈ​នៃ​ការចុះ​ផ្សព្វផ្សាយ​របស់ខ្ញុំ​គឺថា​ទំនោរ​នៃ​ការផ្លាស់ប្តូរ គឺ​ខ្ពស់​មែនទែន គ្រាន់តែ​ខ្ញុំ​មិន​ច្បាស់​ថា ប្តូរ​ទៅ​គណបក្ស​ណា ប៉ុនណា​»​។

បើតាម​លោក សោម សូរីដា អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​ ២០២២ នេះ​មាន​ចំនួន​ ១១ ០២២ ​អាសនៈ សម្រាប់​ឃុំ-សង្កាត់​ ១ ៦៥២ នៅ​ទូទាំង​ប្រទេស​។ ទោះជា​យ៉ាងណា លោក​មិនមាន​យោបល់ ជុំវិញ​ការស្ទង់មតិ និង​ការ​ព្យាករ​របស់​គណបក្ស​នយោបាយ​នេះ​ទេ​។ គជប ជា​ស្ថាប័ន​ត្រូវ​អនុវត្ត​ការបោះឆ្នោត​ឱ្យ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​តែប៉ុណ្ណោះ និង​ប្រកាស​លទ្ធផល​ទៅតាម​អ្វីដែល​គណបក្ស​នយោបាយ​ទទួលបាន​ពី​ប្រជាពលរដ្ឋ​៕