
ស្ត្រីជាជនរងគ្រោះដែលត្រូវជនញៀនគ្រឿនញៀនវាយស្លាប់។ រូបថត ប៉ូលិស
កំពង់ស្ពឺៈ នគរបាលកំពុងបន្តធ្វើការស៊ើបអង្កេតរកជនដៃដល់ដែលព្រួតគ្នាវាយសម្លាប់បុរសញៀនគ្រឿងញៀនម្នាក់ កាលពីថ្ងៃទី ៣១ ឧសភា បន្ទាប់ពីបុរសរូបនោះបានកាប់ស្ត្រីម្នាក់ស្លាប់នៅភូមិឯកភាព ឃុំព្រៃវិហារ ស្រុកគងពិសី។
លោក សម សាក់ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ស្ពឺបានឱ្យដឹងនៅថ្ងៃទី ១ មិថុនា ថា ករណីបុរសឈ្មោះ សឿន សត អាយុ ២៥ ឆ្នាំ ដែលត្រូវប្រជាពលរដ្ឋព្រួតគ្នាវាយរបួសធ្ងន់កាលពីថ្ងៃទី ៣១ ឧសភា នោះបានស្លាប់ហើយនៅថ្ងៃទី ១ មិថុនា។ បុរសម្នាក់នេះត្រូវបានពលរដ្ឋព្រួតគ្នាវាយ បន្ទាប់ពីគាត់បានកាប់ស្ត្រីម្នាក់ស្លាប់ ហើយព្យាយាមរត់គេចខ្លួន។ ស្ត្រីរងគ្រោះឈ្មោះ រស់ សាម៉ៃ អាយុ ៦៨ ឆ្នាំ រស់នៅភូមិឯកភាព ឃុំព្រៃវិហារ។
លោកប្រាប់ថា៖ «ជនល្មើសកាប់ស្ត្រីរងគ្រោះស្លាប់ហើយគាត់ក៏ត្រូវប្រជាពលរដ្ឋព្រួតគ្នាវាយឱ្យរបួសធ្ងន់ដែរតែព្រឹកមិញនេះ (ថ្ងៃទី ១ មិថុនា) គាត់បានស្លាប់ព្រោះរបួសធ្ងន់ពេក»។
លោក គិត វៃ នាយនគរបាលប៉ុស្តិ៍ព្រៃវិហារបានប្រាប់តាមសាក្សីនៅកន្លែងកើតហេតុថា កាលពីរសៀលថ្ងៃទី ៣១ ឧសភា ខណៈស្ត្រីរងគ្រោះកំពុងអង្គុយជាមួយចៅប្រុសម្នាក់អាយុ ២ ឆ្នាំស្រាប់តែគេឃើញឈ្មោះ សឿន សត ដើរមកកាប់ស្ត្រីរងគ្រោះរហូតស្លាប់ ហើយជនសង្ស័យបានឡើងជិះម៉ូតូបំណងបើករត់គេចខ្លួន។ ពេលជនសង្ស័យបើកម៉ូតូឆ្លងដល់ភូមិមួយទៀតក៏ត្រូវប្រជាពលរដ្ឋដេញតាមទាន់ព្រួតគ្នាវាយបណ្តាលឱ្យរបួសធ្ងន់ហើយសមត្ថកិច្ចបានទៅឃាត់ទាន់ និងយកជនសង្ស័យទៅមន្ទីរពេទ្យ។
បន្ទាប់ពីជនសង្ស័យទៅសម្រាកនៅមន្ទីរពេទ្យបាន ១ យប់លុះព្រឹកឡើងថ្ងៃទី ១ មិថុនា គាត់បានស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី។ បើតាមសាក្សី គាត់គឺជាជនប្រើប្រាស់គ្រឿងញៀន ហើយនៅថ្ងៃកើតហេតុនោះប្រហែលជាគាត់បែកថ្នាំ ព្រោះបើតាមការស្រាវជ្រាវរវាងស្ត្រីរងគ្រោះ និងជនសង្ស័យមិនដែលមានគំនុំអ្វីនឹងគ្នាទេ។
លោកមេធាវី យុង ផានិត ពន្យល់ពីផ្លូវច្បាប់ថា ចំពោះប្រជាពលរដ្ឋដែលព្រួតគ្នាវាយបុរសម្នាក់នោះស្លាប់ ហើយបើក្នុងកាលៈទេសៈពលរដ្ឋការពារខ្លួនក្នុងករណីដែលបុរសនោះយកកាំបិតមកកាប់ពួកគាត់គឺអាចចាត់ថា ជាមធ្យោបាយដែលពលរដ្ឋការពារខ្លួន។ តែបើតាមដំណើររឿងបង្ហាញថា ជាករណីប្រើហិង្សាវាយសម្លាប់មនុស្ស ហើយបើនរណាចូលរួមវាយសម្លាប់បុរសម្នាក់នោះ គឺនឹងជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសទាំងអស់៕