ភ្នំពេញៈ កម្ពុជា-​បង់ក្លាដែស ប្តេជ្ញា​បន្ត​ពង្រឹង​នូវ​កិច្ចព្រមព្រៀង​លើ​វិស័យ​ការងារ​រវាង​ប្រទេស​ទាំង​ ២ ដើម្បី​គ្រប់គ្រង​ការជួល​ពលករ​ទេសន្តរប្រវេសន៍ ការផ្លាស់ប្តូរ​ព័ត៌មាន​ក្នុង​ការជ្រើសរើស​ពលករ ក៏ដូចជា​ការប្រយុទ្ធ​ប្រឆាំង​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ជាដើម​។

ការប្តេជ្ញា​នេះ​ធ្វើឡើង​ក្នុង​ឱកាស រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​អនុញ្ញាត​ឱ្យ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​បង់ក្លាដែស លោក មហាម៉េដ អាប់ឌុល ហ៊ី និង​មន្ត្រី​មកពី​ក្រសួង​សុខុមាលភាព​ជនបរទេស និង​ការងារ​នៅ​បរទេស បង់ក្លាដែស​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មកកាន់​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ កាលពី​ថ្ងៃទី​ ៣១ ខែឧសភា​។

ក្នុងជំនួប​នោះ​លោក អ៊ិត សំហេង ​ថ្លែងថា សម្រាប់​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ-​កម្ពុជា​-​បង់ក្លាដែស មាន​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MOU) តាំងពី​ឆ្នាំ​ ២០១៧​ មក ដោយ​ក្រុមការងារ​បច្ចេកទេស​បាន​ធ្វើ​កិច្ចការ​ស្រប​ទៅនឹង​កិច្ចព្រមព្រៀង​ជាមួយ​គ្នានេះ ប៉ុន្តែ​ដោយសារ​ជំងឺ​កូវីដ​ ១៩ ធ្វើឱ្យ​អាក់ខាន​ ២ ​ឆ្នាំ ហើយ​ថ្ងៃនេះ ភាគី​ទាំង​ ២ ​មាន​ឱកាស​ពិភាក្សា​ ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​នេះ​បន្តទៀត​។

លោក​បន្តថា​៖ «​វិស័យ​ការងារ​របស់​ប្រទេស​ទាំង​ ២ ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា ដែលជា​ប្រទេស​ផលិត និង​នាំចេញ ពិសេស​វិស័យ​វាយនភណ្ឌ​កាត់ដេរ ដូច្នេះ​ភាគី​ទាំង​ ២ អាច​ចែករំលែក​បទពិសោធ និង​ផ្លាស់ប្តូរ​ព័ត៌មាន​ពីគ្នា​ទៅវិញ​ទៅមក លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ​»​។

ក្នុងនោះដែរ​លោក​ក៏បាន​ប្រាប់​ទៅ​ឯកអគ្គរដ្ឋទូត​បង់ក្លាដែស​ថា បច្ចុប្បន្ននេះ ពលករ​បង់ក្លាដែស​ប្រមាណ​ ៤០០ ​នាក់ ដែល​ទទួលបាន​បណ្ណ​ការងារ​ពី​ក្រសួង​ការងារ​កម្ពុជា ដោយ​ទទួលបាន​នូវ​ការថែទាំ​សុខភាព និង​របប​ហានិភ័យ​ការងារ ពី ប.ស.ស ដូច​កម្មករ​និយោជិត​របស់​កម្ពុជា​ដែរ​។

លោក​លើកឡើង​​បន្តថា កម្ពុជា​មាន​លក្ខខណ្ឌ​ការងារ​ដែល​ផ្សារភ្ជាប់​ទៅនឹង​ការនាំចេញ ដែល​កិច្ចព្រមព្រៀង​នេះ​បាន​ផ្តល់​ឱកាស​ដល់​អ្នក​វិនិយោគ ខណៈ​ប្រាក់​ឈ្នួល​នៅ​កម្ពុជា​មាន​ការ​ដំឡើង​ខ្ពស់ សម្រាប់​ការប្រកួត​ប្រជែង​គឺ​ពិបាក ប៉ុន្តែ​វា​ក៏​ប្រសើរ​ផងដែរ សម្រាប់​ជីវភាព​កម្មករនិយោជិត​របស់​កម្ពុជា​។

លោក អ៊ិត សំហេង ​បាន​សរសើរ​ដល់​បង់ក្លាដែស​ក្នុង​ការបណ្តុះ​បណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ជាពិសេស​មានការ​រីក​ចម្រើន​ខាង​បច្ចេកទេស​ផ្នែក​កសិកម្ម ហេតុដូចនេះ លោក​ក៏បាន​ស្នើ​ដល់​បង់ក្លាដែស​ជួយ​បណ្តុះបណ្តាល​ផ្នែក​នេះ​ផងដែរ​។

ក្នុងជំនួប​នោះដែរ ភាគី​បង់ក្លាដែស ក៏បាន​អញ្ជើញ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​ក្រុម​ការងារ​បច្ចេកទេស​ទៅ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​បង់ក្លាដែស ដើម្បី​ប្រជុំពិភាក្សា​ជាមួយ​ក្រុមការងារ​បច្ចេកទេស​បង់ក្លាដែស​លើក​ទី ​២ លើ​ការបន្ត MOU​។ លោក អ៊ិត សំហេង ប្រាប់ថា នឹង​រក​ពេលវេលា​សមរម្យ​ណាមួយ​ ដើម្បី​ទៅកាន់​បង់ក្លាដែស​។

លោក មហាម៉េដ អាប់ឌុល ហ៊ី បាន​សម្តែង​ការរីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខណៈ​ភាគី​ទាំង​ ២ នឹង​វិល​ត្រឡប់មក​អនុវត្ត​កិច្ចការងារ​ដែល​បាន​ព្រមព្រៀង​គ្នា​ស្រប​ទៅនឹង MOU​។

នៅក្នុង​ដំណើរ​ចុះ​ទស្សនកិច្ច​របស់​ឯកអគ្គ​រដ្ឋទូត​លើក​នេះ​ក៏បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ​ជនជាតិ​បង់ក្លាដែស ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​លើ​ផ្នែក​សេវាកម្ម សំណង់ ភោជនីយដ្ឋាន ធនាគារ ខណៈ​លោក​សង្កេតឃើញ​ថា ពលរដ្ឋ​បង់ក្លាដែស​ពិតជា​ទទួល​បានការ​គាំពារ និង​យកចិត្ត​ទុកដាក់​បាន​យ៉ាង​ល្អ​ពី​កម្ពុជា ដែល​អាចឱ្យ​ពួកគេ​មានលទ្ធភាព​បើក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​បាន​ប្រសើរ​។

សូមជម្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ MOU ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយ​រដ្ឋាភិបាល​បង់ក្លាដែស​កាលពី​ថ្ងៃទី​ ៤ ខែធ្នូ ឆ្នាំ​ ២០១៧​។

MOU នេះ​មាន​សុពលភាព​រយ:ពេល ៥ ​ឆ្នាំ​ផ្តោត​សំខាន់​ទៅលើ​ការងារ​អាទិភាព​រួមមាន ការគ្រប់គ្រង​ការជួល​ពលករ​ទេសន្តរប្រវេសក៍​ក្នុងប្រទេស​ទាំង ២ និង កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជាដើម​៕