កោះកុងៈ​ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្ប​:ខេត្តកោះ​កុង​បាន​ឲ្យ​ដឹងថា ​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌​ខេត្ត​នេះ​ បាន​និង​កំពុង​ចុះ​បិទ​ផ្សាយ​សារ​អប់រំ​នៅ​តាម​សាលា​​រៀន និង​ទីសា​ធា​រណ:​ផ្សេងៗ ​ស្ដីពី​គ្រោះ​ថ្នាក់​មកពី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ដើម្បី​ចូល​រួម​ចំណែក​ព​ញ្ញាក់​ស្មា​រ​តី​ដល់​យុវជន​ និង​ចូល​រួម​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក្នុង​សង្គម​ ខណៈ​ខេត្ត​ខ្លះ​ទៀត​ក៏​បាន​ផ្សព្វ​ផ្សាយ​ផ​ងដែ​រ​​។

លោក​ស្រី សម្បូរ សុ​ភា ប្រធាន​មន្ទីរ​វប្ប​ធម៌​និង​វិចិត្រ​សិល្ប:ខេ​ត្តកោះកុ​​ងថ្លែង​នៅ​ថ្ងៃទី​ ២ ​ខែមិថុនា​​ថា ​ការចុះ​បិទ​ផ្សាយ​សារ​អប់រំ​នេះ​ ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃទី​ ១ ​ខែ​មិថុនា ហើយ​ការបិទ​ផ្សាយ​នោះ​ទៀត​សោត​ មិនមែន​ចេះ​តែ​បិទ​ពាស​វាល​ពាស​កាល​នោះ​ទេ ​គឺ​មាន​ទីតាំង​សា​ធា​រណៈ​សំ​ខាន់ៗ​មួយ​ចំនួន​ដែល​ត្រូវ​បិទ​ផ្សាយ​ដូច​ជា នៅ​តាម​សា​លារៀ​ន​ជា​ដើ​ម​ ដើម្បី​ឲ្យ​សិស្សា​នុ​សិស្ស​បាន​ឃើញ​សារ​អប់រំ​ទាំង​​នោះ។​​

លោក​ស្រី​បន្ត​ថា ខ្លឹម​សារ​នៃ​សារ​អប់រំ​សម្រាប់​ការ​បិទ​ផ្សាយ​នោះ​មាន​ដូច​ជា​៖ យុវជន​ដែល​ល្អ​រួមគ្នា​កម្ចាត់​គ្រឿង​ញៀន ​ត្រូវ​និយាយ​ថា​ទេ​ ចំពោះ​គ្រឿង​ញៀន ​គ្រឿង​ញៀន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ និង​ឧក្រិដ្ឋ​កម្ម ​គ្រឿង​ញៀន​បំផ្លាញ​ការ​សិក្សា និង​ជីវិត​ស្រស់​ថ្លា​របស់​យុវវ័យ​ អនា​គត​ក្នុង​ដៃ​របស់​អ្នក កុំ​យក​ខ្លួន​ទៅ​ល​នឹង​អន្ទាក់​គ្រឿង​ញៀន ​អ្នក​ឆ្លាត​មិន​សេព​ល្បែង​ ស្រី ​ស្រា អ្នក​មាន​ប្រាជ្ញា​មិន​សេព​គ្រឿង​ញៀនជាដើម​។

លោកស្រី​ថ្លែង​ថា៖«សារ​ផ្សព្វផ្សា​យ​ពី​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រឿង​ញៀន​ហ្នឹង​ធ្វើឡើ​ង​ដើម្បី​ចូលរួម​ជា​មួយ​សង្គម​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន និង​បង្ហាញ​ពី​ផល​វិបាក​ដែល​កើត​ចេញ​ពី​គ្រឿង​ញៀន​ហ្នឹង»​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុន ឃៀ​ម ស្នង​ការរង​ផែន​ការងារ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​កោះកុង​ ថ្លែង​នៅ​ថ្ងៃទី ​២ ខែមិថុនាថា សមត្ថ​កិច្ច​នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​កោះកុ​ងបា​នបង្ក្រាប​ករ​ណី​គ្រឿង​ញៀន​ខុស​ច្បាប់​ជា​បន្តប​ន្ទាប់ប្រៀប​ដូច​ភ្លៀ​ងរ​លឹម។ ប្រ​តិបត្តិ​ការ​ចុះបង្ក្រាប​​កន្លង​មក​ធ្វើ​ឡើង​ដោយ​ទទួល​បាន​ព័ត៌​មាន​ច្បាស់លា​ស់តាមរយៈ​ការចូ​លរួម​សហ​ការ​ពី​ប្រជា​ពលរដ្ឋ។

លោក​បន្តថា ថ្វីបើ​ខេត្ត​កោះកុ​ង​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ ប៉ុន្តែ​កន្លង​មក​មិន​ធ្លាប់​មាន​ករណី​នាំ​ចូល​គ្រឿង​ញៀន​ឆ្លង​ដែន​នោះ​ទេ ​ ប៉ុន្តែ​ប្រមាណ​ជាង​២​ខែ​មុន ​សមត្ថកិ​ច្ច​ប្រឆាំង​គ្រឿង​ញៀន​ បាន​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ​១​ករណី នៅ​ស្រុក​ស្រែ​អំបិល ដែល​មាន​គ្រឿង​ញៀ​ន​ជាង ​២០០ ​គីឡូ​ក្រាម និង​បង្ក្រាប​បាន​មុខ​សញ្ញា៧​នាក់​ ។

លោកបានលើក​ឡើង​ថា ដោយ​ឡែក​ដើម្បី​ចូលរួម​កាត់​បន្ថយ​កា​រប្រើ​ប្រាស់​គ្រឿ​ងញៀន​ ក្រៅពី​ការ​អនុវត្ត​ច្បាប់ មន្ត្រី​នគ​របាល​ប្រឆាំង​គ្រឿង​ញៀន​ក៏បាន​ចុះផ្សព្វ​ផ្សាយ​ឲ្យ​បាន​ជ្រួត​ជ្រាប​ទៅដល់​ប្រជា​ពលរដ្ឋ និង​សិស្សានុ​សិស្ស​ ជា​បន្តប​ន្ទាប់​ផងដែរ។

លោក​ថ្លែង​ថា៖ «ការ​ផ្សព្វ​ផ្សាយ​យើង​មាន​ខិត្ត​ប័ណ្ណ ​មាន​ប​ដា​បិទ​បង្ហាញ​ពី​ផលប៉ះ​ពាល់​គ្រឿង​ញៀន ការប្រើប្រា​ស់​គ្រឿង​ញៀន​និង​ផល​ប៉ះ​ពាល់​ដល់​សង្គម​ គ្រួសារ និង​ដល់​ខ្លួន​ឯង​ អ៊ីចឹងទៅ។ យើង​មាន​បដារ​បិទឲ្យ​ប្រជា​ពលរដ្ឋ​ក៏ដូច​ជា ​យុវវ័យ​សិស្ស​សាលា​គាត់​បាន​យល់​ជ្រួត​ជ្រាប​នៅ​ក្នុង​កា​រប្រើ​ប្រាស់​ប៉ះពា​ល់​គ្រឿង​ញៀន​ហ្នឹង» ​។

លោក​ សី ទូច ប្រធាន​មន្ទីរ​វប្ប​ធម៌និង​វិចិត្រ​សិល្បៈខេត្ត​មណ្ឌល​គិរី​ថ្លែង​នៅ​ថ្ងៃទី ២ ​ខែមិថុនា​ថា ខេត្ត​មណ្ឌល​គិរី ក៏មានការបិទ​ផ្សាយ​សារ​អប់រំ​ពី​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រឿង​ញៀន​ដែរ​ ដែល​ចំណុច​សំខាន់​​គឺដើម្បី​រួម​ចំណែក​ធ្វើឲ្យ​យុវជ​ន សិ​ស្សានុ​សិស្ស និ​ង​ប្រជាព​លរដ្ឋ​ទូទៅ​អាច​យល់​ដឹង​តាម​រយៈ​ការអា​ន​សារ​ទាំង​នោះ។ ប៉ុន្តែអ្វីដែល​សំខាន់​បន្ថែម​លើ​នោះ គឺ​ការធ្វើ​សកម្ម​ភាព​ផ្សព្វ​ផ្សាយឲ្យបាន​ញឹក​ញាប់ ដូច​ជា​ការចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាព​លរដ្ឋ​ក្នុង​សហគ​ម​ន៍ និង​តាម​សា​លារៀ​ន​ជាដើម​ ដោយ​ចាក់​បញ្ចាំង​វីដេ​អូ​អប់រំ​ និង​បង្កើត​ជា​កម្មវិ​ធី​សំណួរ​ចម្លើយតាម​រយៈ​វី​ដេ​អូ​នោះ​គឺជា​ការ​បញ្ជ្រាប​ការ​យល់​ដឹង​មួយ​ដែល​អាច​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។​

លោ​ក​ថ្លែងថា​៖ «យើង​មាន​វីដេ​អូ​ឃ្លី​ប​ដែល​ក្រសួង​មហាផ្ទៃ​ផ្សាយ​ចេញ យើ​ង​យក​សារ​អប់រំ​តាមរយៈ​យូ​ធូប​អ៊ីចឹងទៅ​ បង្ហាញ​ឲ្យ​គាត់​យល់​ពី​ផល​អវិ​ជ្ជមាន​នៃ​ការ​ប្រើប្រាស់ ​ដោយ​ឲ្យ​គាត់​មើល​វី​ដេ​អូ​ ហើយ​យើង​មាន quiz ទៅ​គាត់ ​ហើយ​យើង​មាន​រង្វាន់​អី​ផ្សេងៗអ៊ី​ចឹ​ង​ទៅ​ ដើម្បី​ឲ្យ​គាត់​មើល ឆ្លើយ​ខុស​ក៏បាន​រង្វាន់​ ឆ្លើយ​ត្រូវ​ក៏បាន​រង្វាន់​ តែបើ​គាត់​ឆ្លើយ​ខុស​យើង​ទាញ​គាត់​មក​ត្រូវ​វិញ»​ ៕