ភ្នំពេញៈ សភា​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជាបញ្ជាក់​ថា ​នឹង​កៀរគរ​ធនធាន​ពី​វិស័យ​ឯកជន​នានា ​និង​មូល​និធិ​ក្រៅប្រទេស​ គាំទ្រ​ដល់​ការងារ​បោស​សម្អាត​មីន​ កិច្ចសង្រ្គោះ​ជនពិការ ​និង​ការងារ​យេនឌ័រ​សកម្មភាព​មីន​នៅ​កម្ពុជា។ នេះ​បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី​ លី ធុជ ​អនុប្រធាន​ទី១ ​អាជ្ញាធរ​មីន។

បើ​តាម​លោក​ទេសរដ្ឋមន្ត្រី​ លី ធុជ ​ការបង្ហាញ​បំណង​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន​ របស់​សភា​ពាណិជ្ជ​កម្ម​អន្តរជាតិ ​នៃ​កម្ពុជា​នេះ ​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ ​រវាង​លោក ​ជាមួយ​លោក ​Paul Clements ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​អន្តរជាតិ​នៃ​កម្ពុជា ​ដើម្បី​សិក្សា​ស្វែង​យល់​អំពី​វឌ្ឍនភាព​នៃ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ​នា​ថ្ងៃទី ២ ​ខែមិថុនា ​នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន។

លោក ​លី ធុជ ​ថ្លែងថា​៖«ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ​ខ្ញុំ​សូម​ថ្លែងអំណរ​គុណ​ជូន​ចំពោះ​លោក ​Paul Clements ​ដែល​បាន​បង្ហាញ​ពី​បំណង ​និង​ចំណាប់​អារម្មណ៍​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការងារ​សកម្មភាព​មីន​មនុស្ស​ធម៌ ​ដើម្បី​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​គ្មាន​មីន​ឆ្នាំ ២០២៥»។

លោក​ថ្លែង​ថា ​រយៈពេល ​៣០ ឆ្នាំ ​នៃ​ការងារ​សកម្មភាព​មីន​នៅ​កម្ពុជា​ ក្រោម​ការយក​ចិត្ត​ទុកដាក់​របស់​រាជ​រដ្ឋាភិបាល ​និង​មាន​ការចូលរួម​ពី​ប្រទេស​ជាមិត្ត ​ដៃគូ​អភិវឌ្ឍន៍ ​ប្រតិបត្តិករ​ជាតិ​-អន្តរជាតិ ​និង​គ្រប់​ភាគី​ពាក់​ព័ន្ធ​ដទៃ​ទៀត កម្ពុជា​សម្រេច​បាន​នូវ​សមិទ្ធផល​យ៉ាង​ធំធេង ​ក្នុង​ការងារ​បោសសម្អាត​មីន ​និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ​ព្រម​ទាំង​រៀបចំ​ឱ្យ​មាន​រចនា​សម្ព័ន្ធ​គ្រប់គ្រង​វិស័យ​សកម្មភាព​មីន​ច្បាស់លាស់​ចាប់​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ។

លោក​ លី ធុជ ​បញ្ជាក់ថា ​សមិទ្ធផល​យ៉ាង​ធំធេង ​ក្នុង​ការងារ​បោស​សម្អាត​មីន ​និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នេះ​កើត​ឡើង​ក្រោម​ការដឹកនាំ​របស់​អាជ្ញាធរ​មីន​ ដែល​ជា​សេនាធិការ​ឱ្យ​រាជ​រដ្ឋាភិបាល ​និង​ជា​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ​ក្នុង​ការគ្រប់​គ្រង​ ត្រួត​ពិនិត្យ ​ដឹកនាំ ​និង​សម្រប​សម្រួល​វិស័យ​សកម្មភាព​មីន​ទូទាំង​ប្រទេស។

លោក​ឱ្យដឹងថា ​បច្ចុប្បន្ន ​ក្រៅពី​ការគាំទ្រ​ពី​ប្រទេស​ម្ចាស់​ជំនួយ ​និង​ដៃគូ​អភិវឌ្ឍន៍​ វិស័យ​សកម្មភាព​មីន ចាប់​ផ្តើម​មាន​ការយក​ចិត្ត​ទុកដាក់ ​និង​ជួយ​គាំទ្រ​ពី​វិស័យ​ឯកជន ​និង​សប្បុរសជន​នានា ​ដែល​កំពុង​រក​ស៊ី​ទទួល​ទាន ​និង​បំពេញ​ការងារ​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​ការចូល​រួម​ដល់​ការអនុវត្ត​យន្តការ​ភូមិ​អស់​មីន​របស់​អាជ្ញាធរ​មីន​តាម​ធនធាន​របស់​ខ្លួន។

លោក​ Paul Clements ​បានកោត​សរសើរ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សម្រេចបាន​យ៉ាង​ធំធេង ​ក្នុង​ការងារ​បោស​សម្អាត​មីន ​និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​ ដើម្បី​ជួយ​សង្រ្គោះ​អាយុ​ជីវិត ​និង​លើក​កម្ពស់​ជីវភាព​រស់នៅ ​របស់​ប្រជាពលរដ្ឋ​នៅ​ទី​ជនបទ។

លោក​បានថ្លែង​ថា​៖ «សភា​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា ​មាន​បំណង​កៀរគរ​ធនធាន ​ពី​វិស័យ​ឯកជន​នានា ​និង​មូល​និធិ​ក្រៅ​ប្រទេស ​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន ​កិច្ចសង្រ្គោះ​ជនពិការ ​និង​ការងារ​យេនឌ័រ​សកម្មភាព​មីន​នៅ​កម្ពុជា​ ជាពិសេស​ចូលរួម​ផ្តល់​ឱកាស​ការងារ​ជាអាទិភាព ​និង​លើកកម្ពស់​ដល់​ជន​មាន​ពិការភាព ​និង​ក្រុម​គ្រួសារ​ដែល​បានរង​គ្រោះ​ដោយសារ​គ្រាប់មីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម»។

លោក​បញ្ជាក់ថា ​លោក​នឹង​ជំរុញ ​និង​ពិភាក្សា​ការងារ​បន្ថែម​ជាមួយ​សមាជិក​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា ​សភាពា​ណិជ្ជ​កម្ម​ដទៃទៀត ​វិស័យ​ឯកជន​ទាំង​ក្នុង​និង​ក្រៅប្រទេស ​និង​មូលនិធិ​នៅ​ក្រៅ​ប្រទេស ​ដើម្បី​ឱ្យ​ចូល​រួម​ជាមួយ​រាជរដ្ឋា​ភិបាល​កម្ពុជា ​តាមរយៈ​អាជ្ញាធរ​មីន​ ក្នុង​ការងារ​បោសសម្អាត​មីន ​និង​សង្រ្គោះ​ជនពិការ​ដោយសារ​មីន​នៅ​កម្ពុជា ​ផង​ដែរ។

លោក​ Paul Clements ​លើឡើង​ថា ​លោក​បានមក​រស់នៅ​ប្រទេស​កម្ពុជា ​តាំងពី​ឆ្នាំ ២០០៨ ​ហើយ​រយៈ​ពេល​ ១៤ ឆ្នាំ​នេះ​ លោក​ពេញចិត្ត​ និង​កោត​សរសើរ ​ចំពោះ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការធានា​ឱ្យ​បាន ​នូវ​សុខសន្តិភាព​ និង​ស្ថិរភាព​នយោបាយ ​ដោយ​បាន​ផ្តល់​នូវ​ឱកាស​ និង​អំណោយ​ផល​យ៉ាង​ច្រើន​ដល់​អ្នក​វិនិយោគទុន ​ជាពិសេស​ការគោរព​ស្រឡាញ់​វប្បធម៌ ​ប្រពៃណី ​និង​ភាពរួសរាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា៕