
ពេទ្យសត្វកំពុងចាក់ថ្នាំបង្ការជំងឺសាទឹកដល់ក្របីនៅស្រុកចន្ទ្រាខេត្តស្វាយរៀង។ រូបថត ក្រសួងកសិកម្ម
ស្វាយរៀងៈ ចាប់ពីខែកុម្ភៈ ដល់ថ្ងៃទី ២ ខែមិថុនា ភ្នាក់ងារពេទ្យសត្វខេត្តស្វាយរៀង បានចាក់ថ្នាំការពារជំងឺសាទឹកសត្វគោ-ក្របី នៅស្រុកចន្ទ្រា បានចំនួន ២ ៣៦៦ក្បាល និងចាក់ថ្នាំការពារជំងឹដុំពកស្បែកគោ បានចំនួនជាង ៩០០ ក្បាល បន្ទាប់ពីគោ-ក្របីមួយចំនួនបានឈឺងាប់។
លោក ប៉ែន ចាន់ធី ប្រធានការិយាល័យកសិកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ថ្លែងនៅថ្ងៃទី ២ ខែមិថុនាថា ភ្នាក់ងារពេទ្យសត្វ បានចាក់ថ្នាំការពារ ជំងឺសាទឹក សត្វគោ-ក្របីបានចំនួន ២ ៣៦៦ ក្បាល ក្នុងនោះ ក្របី ១ ៣៦៧ ក្បាល នៅក្នុងឃុំសំរោង និងឃុំទួលកី ស្រុកចន្រ្ទា។ សត្វគោក្របីកំពុងព្យាបាលមានចំនួន ១១៩ ក្នុងនោះ មានគោ ៤៨ ក្បាល ខណៈការបាញ់ថ្នាំសម្លាប់មេរោគនៅតែបន្តធ្វើផងដែរ។ ក្រៅពីបានចាក់ថ្នាំការពារជំងឺសារទឹក ភ្នាក់ងារពេទ្យសត្វ ក៏បានចាក់ថ្នាំការពារជំងឹដុំពកស្បែកគោបានចំនួនជាង ៩០០ ក្បាលផងដែរ។
លោកថ្លែងថា៖ «ការបាញ់ថ្នាំសម្លាប់មេរោគ សឹងតែបានគ្រប់ផ្ទះទៅហើយសត្វឈឺក៏ដោយ មិនឈឺក៏ដោយ ក៏ឱ្យបាញ់ថ្នាំសម្លាប់មេរោគដែរ។ ព្រោះបើសត្វវាដើរឆ្លងពីផ្ទះមួយ ទៅផ្ទះមួយវាអាចឆ្លង អ៊ីចឹងយើងឱ្យថ្នាំទៅពលរដ្ឋអាចបាញ់ខ្លួនឯងបាន មួយថ្ងៃបាញ់ម្តង ហើយឱ្យគាត់សម្អាតក្រោលអ៊ីចឹងទៅ» ។
លោកបានឱ្យដឹងថា ជំងឺសារទឹកនេះ មានការកើតឡើងស្ទើរតែរាល់ឆ្នាំ ហើយមន្ត្រីជំនាញក៏បានធ្វើការអប់រំ ផ្សព្វផ្សាយ ឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ធ្វើការសម្អាតអនាម័យ និងពិនិត្យតាមដាន បើមានសត្វឈឺត្រូវធ្វើការបំបែក និងរាយការមកពេទ្យសត្វភូមិ និងស្រុក ទៅធ្វើការព្យាបាល។ នៅតាមបណ្តាស្រុកផ្សេងៗក្រៅពីស្រុកចន្ទ្រា មិនមានការផ្ទុះជំងឺមានសត្វឈឺច្រើននោះទេ ពោលគឺមានសត្វឈឺចំនួនតិចតួច ហើយត្រូវបានព្យាបាលបានទាន់ពេលវេលា។
លោកថ្លែងថា៖ «សត្វឈឺនៅស្រុកចន្ទ្រាហ្នឹង វារាងច្រើនជាងគេ សឹងតែរាល់ឆ្នាំ ដោយសារមានបឹង ប្រជាពលរដ្ឋព្រលែងសត្វឱ្យដើរស៊ីស្មៅជុំគ្នា។ ប្រជាពលរដ្ឋមួយចំនួនគាត់ជួលឱ្យគេឃ្វាលគោ ក្របី ៣០ ឬ ៤០ ក្បាល ហើយអ្នកដែលឃ្វាលនោះ ពេលសត្វឈឺ១ឬ២ គាត់អត់ដឹង ដល់ពេលដឹងជួនកាលសត្វងាប់ ឬឈឺធ្ងន់ទៅហើយ» ។
មន្ត្រីជំនាញរូបនេះប្រាប់ថា ក្រៅពីជួយព្យាបាលសត្វឈឺ ផ្ដល់ថ្នាំសម្លាប់មេរោគ ដល់ភ្នាក់ងារសុខភាពសត្វភូមិ និងគ្រួសារកសិករ ដែលមានសត្វឈឺ មន្ត្រីកសិកម្ម ក៏បានយកសំណាកចំនួន២ បញ្ជូនទៅពិនិត្យរោគ និងវិនិច្ឆ័យ ដើម្បីដឹងថា តើជំងឺសារទឹកប្រភេទអ្វីផងដែរ។
លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានឱ្យដឹងថា ពេលដឹងថាមានសត្វឈឺ លោកបានធ្វើការទំនាក់ទំនងទៅខាងមន្ទីរកសិកម្មខេត្ត ដើម្បីឱ្យមន្ត្រីជំនាញ ចុះពិនិត្យជាក់ស្តែង និងផ្តល់ថ្នាំបាញ់សម្លាប់មេរោគភ្លាមៗ។ ស្ថានភាពសត្វឈឺគឺត្រូវបានមន្ត្រីជំនាញកសិកម្ម និងភ្នាក់ងារពេទ្យសត្វទប់ស្កាត់បានហើយ គិតត្រឹមថ្ងៃទី ២ ខែមិថុនា ប៉ុន្តែយ៉ាងណាក៏ដោយ ការបាញ់ថ្នាំសម្លាប់មេរោគកំពុងធ្វើបន្តនៅតាមភូមិ។
លោកអភិបាលស្រុក ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធរឃុំ សូមឱ្យមានការប្រុងប្រយ័ត្ន និងធ្វើការរាយការណ៍ មកអាជ្ញាធរ ឬមន្ត្រីពេទ្យសត្វភ្លាមៗ បើសង្ស័យថា មានសត្វឈឺ ដើម្បីឱ្យភ្នាក់ងារពេទ្យសត្វអាចចុះទៅពិនិត្យព្យាបាល ឬចាក់ថ្នាំការពារទប់ស្កាត់ទាន់ពេលវេលា៕