សៀម​រាបៈ អាជ្ញាធរ​ជាតិ​អប្សរា អនុញ្ញា​ឱ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​រមណីយ​ដ្ឋានអ​ង្គរ​ ជួស​ជុលផ្ទះ និង​សាង​សង់​សំណង់​ស្រាលៗ​ចំនួន​ ២៩ សំណើ ​ក្នុង​ចំណោម​ជាង​ ១០០ សំ​ណើ ក្នុង​ខែឧស​ភា ​ប៉ុន្តែ​បាន​​ក្រើន​​រំលឹក ​ដល់​ប្រជា​ពលរដ្ឋ​ ឱ្យ​បញ្ឈប់​សកម្មភាព​ប្រកាស​លក់​ដី-ផ្ទះ នៅ​ក្នុង​តំបន់​អង្គរ។

លោក​ ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រសាសន៍​ថា លទ្ធផល​ការងារ​សហ​គមន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា ប្រចាំ​ខែ​ឧសភា ឆ្នាំ​ ២០២២ បាន​ចុះផ្សព្វ​ផ្សាយ​អប់រំ និង​ពិនិត្យ​ការ​ស្នើ​សុំ ជួស​ជុល​ផ្ទះ​ រួ​ម​ទាំង​សាង​សង់​សំណង់​តូចតាច​ទាំង ​៥​ ស្រុក-ក្រុង​ ក្នុ​ង​តំបន់​រមណីយ​ដ្ឋាន​អង្គរ បាន​ចំនួន​ ១២៧​ សំណើ ដែល​ក្នុង​នោះ បាន​អនុញ្ញាត​ជូន​ប្រជា​ពលរដ្ឋ​ចំនួន ​២៩​ សំណើ។​

ការ​អនុញ្ញាត​ទាំង​នោះ​ រួម​មាន​នៅស្រុក​ប្រាសាទ​បាគង​ចំនួន​៦​សំណើ ស្រុក​អង្គរធំ​ ៥សំណើ ​ស្រុក​ពួក​ ៥ ​សំណើ ក្រុង​សៀម​រាប ៨ សំណើ ​និង​ស្រុក​បន្ទាយ​ស្រី ​៥ ​សំណើ​។

ចំពោះ​សំណើ​ផ្សេង​ទៀត ​ដែល​ក្រុម​ការងារ​សហគមន៍​មិន​អនុញ្ញាត​ឱ្យ​ជួស​ជុល​នោះ ដោយ​សារ​មិន​ទាន់​គោរព​ទៅ​តាម​លក្ខ​ខណ្ឌ​ត្រឹម​ត្រូវ​ដែល​បាន​កំណត់​។

លោក​ថា៖ «បង​ប្អួន​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​រមណីយ​ដ្ឋាន​អង្គរ​ មាន​ការ​លាយ​ឡំគ្នា​ ដោយ​មាន​អ្នក​ស្រុក​ចាស់ អ្នក​ភូមិ​ចាស់ ហើយ​អ្នក​ដែល​មក​តាំង​ទីលំនៅ​ ឬក៏​ទិញ​គេ​ហ​ដ្ឋាន​ថ្មីៗ ដោយ​អ្នក​ទាំង​នោះ​ពុំអាច​ចាត់​ទុក​ថា ជា​អ្នក​ភូមិ​ចាស់ ​ឬអ្នក​ស្រុក​ចាស់​រស់​នៅទីនោះ​ទេ។ ចឹង​អ្នក​ដែល​បំពេញ​បាន​ទៅ​តាម​លក្ខណ​ខណ្ខ​ដែល​បាន​កំណត់ គឺអនុញ្ញាត​ ប៉ុន្តែ​អ្នក​ដែល​មិន​គ្រប់តាម​លក្ខ​ខណ្ឌ គឺមិន​អនុ​ញ្ញាត​នោះ​ទេ»។

លោក​គូស​បញ្ជាក់ សំណើរ​បស់​ប្រជា​ពលរដ្ឋ​ត្រូវ​បែង​ចែក​ជា ២ សំណើ​ជួស​ជុល​ខ្នាត​តូច​ និង​ខ្នាត​ធំ ខណៈ​ជួស​ជុល​ខ្នាត​តូច​មាន​លក្ខណៈ​តម្រូវ​ការ​នៃការរស់​នៅ​ប្រចាំថ្ងៃ​ ដូច​ជាជួស​ជុល​ទ្រុងមាន់ ក្រោល​គោ បង្គន់​អនាម័យ​ ផ្ទះបាយ​ ដូរ​បង្អួច ដើម្បី​ធ្វើ​ឱ្យ​ការ​រស់​នៅ​របស់​គា​ត់មាន​ភាព​ល្អប្រសើរ។ ចំណែក​ការ​ជួស​ជុល​ខ្នាត​ធំ សំដៅ​ទៅលើ​ការ​រុះ​រើផ្ទះចាស់​ធ្វើផ្ទះថ្មី​។

ក្នុង​នោះដែ​រលោក​ថា ក្រុម​ការ​ងារ​សហគមន៍​បាន​ជួប​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដូច​ជា ការជួស​ជុល ឬសាង​សង់​មុន​ការ​ចុះពិនិត្យ​របស់​ក្រុម​ការងារ​ ការ​ប្រកាស​លក់ដី​ក្នុង​តំបន់​ការពារ​តាម​រយៈ​បណ្ដាញ​ទំនាក់ទំ​នង​សង្គម​ហ្វេក​ប៊ុក និង​ដាក់​ស្លាក (លក់​ដី) ផ្ទាល់​ក្នុងតំបន់​ការពារ​ នៅ​តែបន្ត​កើត​មាន​ទោះបី​អាជ្ញាធរ​ធ្លាប់​ផ្សព្វ​ផ្សាយ​ អប់​រំណែនាំ​ក៏ដោយ​។

លោក​ ឡុង កុសល បាន​ក្រើន​រំលឹក​ប្រជា​ពលរដ្ឋ​ សូម​បញ្ឈប់​សកម្មភាព​ប្រកាស​លក់​ដីឬ​ផ្ទះ​របស់​ខ្លួ​នដែល​មាន ទីតាំង​នៅ​ក្នុង​តំបន់​អង្គរ ដែល​ធ្វើ​ឱ្យប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សា​ធារណៈ ខណៈ​ការ​ទិញ​លក់​ដីក្នុង​តំបន់​អង្គរ​​ទៅឱ្យ​អ្នក​ចំណូល​ពីខាង​ក្រៅគឺ​ជាអំពើ​ខុស​ច្បាប់។

លោក​បន្តថា ជាទូទៅ​យើង​បាន​សហ​កា​រជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន ជាមួយ​សម​ត្ថកិច្ច​ធ្វើការ​ផ្នែក​ច្បាប់ ធ្វើការ​រុះរើ និ​ង​ដក​ហូត​ចេញ​វិញនូវ​សំណង់​ខុស​ច្បាប់​ទាំងនោះ​ ហើយ​ចំពោះ​អ្នក​ប្រកាស​លក់​ដី នៅក្នុង​តំបន់​អង្គរ​ យើង​តែង​ព្រមាន និង​តែង​តែផ្ត​ល់ព័ត៌​មាន​ជា​សាធា​រណៈ​ថា ការ​ទិញ​ លក់​ដីនៅ​ក្នុងតំបន់​អង្គរ ​គឺជាសកម្ម​ភាព​ខុស​ច្បាប់ ​។

លោក​ថា៖« បើសិន​ជាគាត់ជា​អ្នក​ភូមិ​ចាស់ ​គាត់​អាច​ត្រឹម​លក់​បន្តជូន​ទៅ​អ្នក​ភូមិ​ផងរបង​ជាមួយ​គ្នា ឬ​ផ្ទេរ​មរតក​ពី​ឪពុ​កទៅ​កូន ប៉ុន្តែ​មិន​អាច​មាន​សិទ្ធិ​លក់​ទៅ​ឱ្យ​អ្នក​ចំណូល​ក្រៅ​ទេ ឧទាហរណ៍​អ្នកពី​ខេត្ត​ផ្សេង មក​ទិញ​ដី​ឬ​ទិញ​ផ្ទះ នៅក្នុ​ងតំបន់​អង្គរ​ក៏មិន​បាន​ដែរ ហើយ​ពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​អង្គរ ក៏មិន​មាន​បណ្ណ​កម្ម​សិទ្ធិដីធ្លី​ដែរ​»។

អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ដឹង​ថា រាល់កា​រ​ស្នើសុំច្បាប់​ជួស​ជុល គឺពុំ​មាន​ការ​បង់​ប្រាក់​នោះទេ​។

លោក​ ឡុង កុសល ឱ្យដឹង​ថា​ គោល​ដៅប​ន្តរបស់​ក្រុម​ការងារ​សហ​គមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​ផ្សព្វ​ផ្សាយ​ អប់រំ​ប្រជា​ពលរ​ដ្ឋឱ្យ​យល់​កាន់តែ​ច្បាស់​ពីតួនាទី​ភារកិច្ច​រប​ស់អាជ្ញាធរ​ជាតិ​អប្សរា​ ការប្រើ​ប្រាស់​ដីធ្លី​ក្នុង​តំបន់​ការពារ​នៃ​រមណីយ​ដ្ឋាន​អង្គរ នីតិវិធី​នៃការ​ដាក់​ពាក្យ​ស្នើសុំជួស​ជុល និង​សាង​សង់​ផ្ទះ​ក្នុង​ឧទ្យាន​អង្គរ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាពទាន់​ពេល​វេលា​។

លោក​ថា​៖«អាជ្ញាធ​រ​ជាតិ​អប្សរា តែង​យកចិត្ត​ទុកដាក់​និង​ពិនិត្យ ព្រម​ទាំង​ពង្រឹង​ការងារ​របស់ខ្លួន​បន្ថែម តាំងពី​ដំណាក់​កាល​ទទួល​សំណើ​រហូតដល់​ដំណាក់កាល​ឆ្លើយតប​ទៅកាន់​ពលរដ្ឋ​វិញ ពោលគឺ​ធ្វើយ៉ាង​ណា​ឱ្យ​សេវា​កម្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ខិត​កាន់តែ​ជិត​ប្រជា​ពលរដ្ឋ​»៕