ភ្នំពេញៈ បន្ទាប់ពី​មាន​ការសាទរ និង​ចាប់អារម្មណ៍​ខ្លាំង​ពី​សាធារណជន​ពី​រឿងរ៉ាវ​របស់​យុវជន ពេជ្រ មូន ជា​អតីត​ក្មេង​ឃ្វាលគោ​ម្នាក់ ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​ត្រូវបាន​ជីដូន​បង្កើត​នាំយក​ខ្សែ​គោ​ និង​ក្រមា​ចាស់​ពី​កម្ពុជា​ទៅ​ផ្ដល់ជូន​ជា​កាដូ​នៅ​ថ្ងៃ​ទទួល​សញ្ញាបត្រ​ពី​សាលា​បណ្ឌិត្យសភា​យោធា​អាមេរិក ​ដោយមាន​ការចូលរួម​លើក​ទឹកចិត្ត​ផ្ទាល់​ពី​លោក​ ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋអាមេរិក​នោះ មាន​សាច់ញាតិ​ ​និង​អ្នកភូមិ​ជិតស្និទ្ធ​របស់លោក​បាន​លើក​​ឡើង​ពី​ប្រវត្តិ​ត្រួសៗ​មុនពេល​លោក ពេជ្រ មូន សម្រេច​ក្ដី​សុបិន​នេះ​។

តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ជំរុញ​ឱ្យ​យុវជន​រូបនេះ​អាច​រៀនសូត្រ​រហូត​ឈាន​​ដល់​ការសម្រេច​នូវ​ក្ដី​សុបិន​របស់ខ្លួន​ដ៏​​ធំធេង​បែបនេះ​បាន​? ជុំវិញ​បញ្ហា​នេះ លោក ពេជ្រ រិទ្ធី អាយុ​ ៤១ ​ឆ្នាំ ដែលជា​បងប្រុស​បង្កើត​របស់​យុវជន ពេជ្រ មូន ដែលមាន​ឈ្មោះ​ពិត ថា «​ពេជ្រ ចន្ទ្រា​» ​គឺជា​មនុស្ស​ដែល​ឧស្សាហ៍​រៀនសូត្រ និង​ធ្វើ​កិច្ចការងារ​តាំងពីក្មេង​មក​ដោយ​​គ្មាន​ការ​រាថយ​ម្ដងណា​ឡើយ បើ​ទោះ​​ជា​គេ​ជួប​ឧបសគ្គ​បែបណា​ក៏ដោយ​។

លោក រិទ្ធី បាន​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​កោតសរសើរ​ចំពោះ​ឆន្ទៈ​របស់​ប្អូនប្រុស​ខ្ញុំ​ខ្លាំងណាស់ គាត់​មិនដែល​ត្អូញត្អែរ​ប្រាប់​បងប្អូន ឪពុកម្ដាយ ឬ ជីដូន អំពី​ការលំបាក​របស់​គាត់​ម្ដងណា​ឡើយ ពោលគឺ​គាត់​បាន​លាក់បាំង​នូវ​ទុក្ខលំបាក​របស់​គាត់​គ្រប់​បែបយ៉ាង ហើយ​ប្រឹងប្រែង​ដោះស្រាយ​ដោយ​ខ្លួនឯង​តាំងពី​តូច​មក​»​។

លោក​បាន​បន្តថា អ្វីដែល​គាត់​នៅចាំ​បាន​នោះ គឺ​គាត់​មិន​យល់​នូវ​ពាក្យ​មួយ​ឃ្លា​ដែល​ប្អូនប្រុស​របស់​គាត់​គឺ​លោក​ ពេជ្រ ចន្ទ្រា [​ពេជ្រ មូន​] បាន​សរសេរ​លើ​ឈើ​ធ្នឹម​ផ្ទះ​របស់​លោកយាយ​ដែល​គាត់​បាន​រស់នៅ​ជាមួយ​តាំង​​ពី​តូច​មក​នោះ​ថា​៖ «​នៅលើ​ផ្លូវ​ឆ្ពោះ​ទៅរក​ភាពជោគជ័យ​គឺ​គ្មាន​ជំហាន​របស់​មនុស្ស​ខ្ជិល​តែមួយ​ប៉ុណ្ណោះ​»​។

បើតាម​លោក​ រិទ្ធី ដោយសារ​ស្ថានភាព​គ្រួសារ​ជួប​ការលំបាក គាត់​ដែលជា​កូន​ទី​ ២​ ក្នុង​គ្រួសារ និង​បងស្រី​ធំ​ឈ្មោះ ពេជ្រ សម្ផស្ប បាន​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​ ១០ ហើយ​បាន​រក​ការងារ​សំណង់ និង​រោងចក្រ​ធ្វើ​ដើម្បី​ជួយ​ឪពុកម្ដាយ និង​ប្អូនៗ​រួមទាំង​ ចន្ទ្រា ផងដែរ​។

លោក​ថ្លែងថា​៖ «​ចន្ទ្រា ជា​ប្អូនប្រុស​តែ​ម្នាក់​គត់​ក្នុង​ចំណោម​បងប្អូន​ ៧​ នាក់​របស់ខ្ញុំ​ដែលមាន​ជោគវាសនា​ល្អ​ជាងគេ​។ ការតស៊ូ​រៀនសូត្រ​របស់គាត់​ និង​មាន​​ការជួយ​ជ្រោមជ្រែង​ពី​គ្រប់​មជ្ឈដ្ឋាន​អ្នក​ជុំវិញ​គាត់ ដែល​រាប់​តាំងពី​មិត្តភក្តិ លោកគ្រូ​-​អ្នកគ្រូ និង​គ្រូ​គង្វាល​មួយ​ចំនួន​នៅ​ព្រះវិហារ​លូធារ៉ាន់ បាន​ធ្វើឱ្យ​គាត់​បាន​សម្រេច​នូវ​ក្ដី​សុបិន​របស់គាត់ ដែល​ចង់​ក្លាយជា​មេបញ្ជាការ​នៃ​កងម៉ារីន​អាមេរិក​»​។

លោក​ ចូ បៃដិន និង​លោក ពេជ្រ មូន ក្នុង​ពិធី​ទទួល​សញ្ញាបត្រ​។ រូប ហ្វេសប៊ុក Moon Pich

ទន្ទឹម​នឹងនេះ លោក​ មាស ហុង មេភូមិ​គ្រួស ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុមគ្រួសារ ឪពុកម្ដាយ​របស់​លោក ចន្ទ្រា [​ពេជ្រ មូន​] បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ចន្ទ្រា គឺជា​យុវជន​គំរូ និង​មាន​ការតស៊ូ​បំផុត​ក្នុង​ជីវិត ទាំង​ការសិក្សា​រៀនសូត្រ និង​ការធ្វើ​ការងារ​។ ​លោក​បាន​បន្តថា លោក​ មូន ​គឺជា​កូន​ទី​ ៣ ​នៃ​គ្រួសារ​ក្រីក្រ​មួយ​របស់​លោក ពេជ្រ ទ្រី និង​អ្នកស្រី ឯក ម៉ុន ​ថា ដែលមាន​កូន​ ៧ ​នាក់ ក្នុង​បន្ទុក​។

លោក​បញ្ជាក់ថា​៖ «​ប៉ុន្តែ​តាំងពី​កុមារភាព​មក​ក្មួយ​ចន្ទ្រា គាត់​រស់នៅ​តែ​ជាមួយ​ជីដូន​ឈ្មោះ សៅ អ៊ី ប៉ុណ្ណោះ​»​។

បើតាម​លោក ហុង ឪពុក​របស់​ចន្ទ្រា ធ្លាប់បាន​ទៅ​រៀន​ផ្នែក​យោធា​នៅ​ប្រទេស​រុស្ស៊ី​កាលពី​អំឡុង​ឆ្នាំ​ ១៩៨៣ ហើយ​ក្រោយ​ត្រឡប់​ពី​រុស្ស៊ី​វិញ គាត់​ចូល​បម្រើ​កងទ័ព​ជើងទឹក​នៅ​រាម​។

ទាក់ទង​នឹង​ភាព​លេចធ្លោ​របស់​លោក ពេជ្រ មូន នេះ កាលពី​ថ្ងៃទី​ ២៨ ខែសីហា ឆ្នាំមុន សារព័ត៌មាន​កងទ័ព​អាមេរិក​មួយ​ឈ្មោះ United States Naval Institute ក៏បាន​ចុះផ្សាយ​អត្ថបទ​អំពី​ខ្សែជីវិត​របស់​លោក ពេជ្រ មូន កាលពី​កុមារភាព ដែល​ជា​អតីត​ក្មេង​ឃ្វាលគោ​ម្នាក់​ផងដែរ ដោយ​លើកឡើង​​ថា គាត់​បានចាប់ផ្ដើម​ក្ដី​ស្រមៃ​របស់ខ្លួន​នៅក្រោម​ដើមឈើ​មួយ​កាលពី​ជាង​ ១០ ​ឆ្នាំមុន​។

តាមរយៈ​ខ្លឹមសារ​នៃ​អត្ថបទ​សារព័ត៌មាន​នេះ លោក ពេជ្រ មូន កាលពី​កុមារភាព​ចូលចិត្ត​អាន​សៀវភៅ​នៅក្រោម​ដើមឈើ​ពេល​គាត់​ទៅ​ឃ្វាលគោ​នៅ​វាលស្រែ​ក្នុង​ភូមិកំណើត​របស់គាត់​គឺ​ភូមិ​គ្រួស ឃុំ​-​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។ ភូមិ​គ្រួសជា​តំបន់​ដាច់ស្រយាល ហើយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​មាន​ជីវភាព​ក្រីក្រ​។ វា​មិន​ងាយស្រួល​ឡើយ​សម្រាប់​គាត់​ដែល​រស់នៅ​ជាមួយ​ជីដូន​ចាស់ និង​ក្រីក្រ ដែល​រកប្រាក់​បាន​ប្រមាណ​ ២ ​ពាន់​រៀល​ ($០,៥) ក្នុង​ ១​ ថ្ងៃ ប៉ុន្តែ​សៀវភៅ​ដែល​គាត់​អាន​ ១ ​ក្បាល​តម្លៃ​ដល់​ ៨ ​ពាន់​រៀល​ ($២)​។

លោក​ មូន ​ត្រូវបាន​សារព័ត៌មាន​នោះ​​ដកស្រង់​សម្ដី​ថា​៖ «​ខ្ញុំ​ត្រូវ​សន្សំ​លុយ​ជាច្រើន​ខែ​ ដើម្បី​ទិញ​សៀវភៅ​ ១ ​ក្បាល​។

ខ្ញុំ​ចាំ​ថា រាល់​ពេលដែល​ខ្ញុំ​ទៅ​ឃ្វាលគោ​នៅក្រោម​ម្លប់​ដើមឈើ ខ្ញុំ​តែងតែ​មាន​សៀវភៅ ​១ ​ឬ​ ២ ​ក្បាល​សម្រាប់​អាន​»​។

បើតាម​សារព័ត៌មាន​កងទ័ព​អាមេរិក​នេះ នៅពេល​លោក​ មូន រៀន​នៅ​មធ្យមសិក្សា លោក​បាន​អាន​សៀវភៅ​អំពី​សង្គ្រាម​លោក​លើក​ទី​ ២ ដែល​បាន​រៀបរាប់​អំពី​ឧត្តមនាវីឯក Chester W.Nimitz ដែល​បានបញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​កងទ័ព​ជើងទឹក​អាមេរិក​ក្នុង​ឆ្នាំ​ ១៩០៥​។ ពេលនោះ​ហើយ​ដែល​លោក​ចាប់ផ្តើម​មាន​សុបិន​ធំ គឺ ចង់​ទៅ​រៀន​នៅ​សាលា​នោះ​។

កាសែត​ដដែល​បាន​ដកស្រង់​សម្ដី​ទៀតថា ប៉ុន្តែ​នៅពេល​នោះ​លោក​ មូន ​មិនដឹង​ថា ត្រូវធ្វើ​ដូចម្ដេច ដើម្បី​ឱ្យ​ក្ដីសុបិន​នេះ​កើតឡើង​ទេ ដូច្នេះ​លោក​ក៏បាន​សម្រេចចិត្ត​សរសេរ​សារ​លើក​ទឹកចិត្ត​ខ្លួនឯង​នៅលើ​ធ្នឹម​ឈើ​ក្នុងផ្ទះ​ដ៏​តូច​របស់គាត់​។ សារ​នោះ​មាន​ខ្លឹមសារ​ថា​៖ «​នៅលើ​ផ្លូវ​ឆ្ពោះ​ទៅរក​ភាពជោគជ័យ គ្មាន​ជំហាន​របស់​មនុស្ស​ខ្ជិល​តែមួយ​ប៉ុណ្ណោះ​»​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សរសេរ​នេះ​ទុក​ជា​ការ​ដាស់តឿន​កុំ​បោះបង់​ក្តីស្រមៃ​របស់ខ្ញុំ​ឱ្យ​សោះ​»​។ ជា​រៀងរាល់​ថ្ងៃ​មុនពេល​ចាប់ផ្តើម​ជិះ​កង់​ទៅ​សាលារៀន​ដែលមាន​ចម្ងាយ​ប្រមាណ​ជិត​ ១០ ​គីឡូម៉ែត្រ​ពី​ផ្ទះ គាត់​តែង​មើល​សារ​នោះ​ហើយ​ពោលថា ​«​ខ្ញុំ​អាចធ្វើ​បាន​»​។

បន្ទាប់មក លោក​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាលាពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ មូន ​បាន​ចាកចេញ​ពី​ភូមិ​មក​នៅ​ភ្នំពេញ​ដោយ​មិនមាន​ស្គាល់​នរណាម្នាក់​នោះទេ ប៉ុន្តែ​បញ្ហា​ប្រឈម​ទាំងនេះ​មិនបាន​បញ្ឈប់​នូវ​ក្ដីសុបិន​របស់​គាត់​ឡើយ​។

លោក​បាន​រៀបរាប់​ក្នុង​កាសែត​នោះ​ថា​៖ «​ដោយសារ​គ្មាន​លុយ​នៅ​យប់​មួយ​ខ្ញុំ​គ្មាន​អាហារ​បរិភោគ​នោះទេ​។ ​ខ្ញុំ​បាន​ស្វែងរក​អាហារ​ក្នុង​ធុងសំរាម​ដោយ​សង្ឃឹមថានឹង​រកឃើញ​ដុំ​តូច​មួយ​។ ទោះយ៉ាងណា ខ្ញុំ​បាន​រកឃើញ​អ្វីមួយ​ដែល​ធំ​ជាង​អាហារ ហើយ​វា​ផ្លាស់ប្តូរ​​ជីវិត​របស់ខ្ញុំ​។ នោះ​គឺជា​កាសែត​មួយ​ដែល​សរសេរ​អំពី​អាហារូបករណ៍​ទៅ​សាលា​ទ័ពជើងទឹក​សហរដ្ឋអាមេរិក​។

បន្ទាប់ពី​ខ្ញុំ​បាន​អាន​ព័ត៌មាន​រួច​ខ្ញុំ​បានដឹង​ថា ត្រូវធ្វើ​យ៉ាងណា​ ដើម្បី​ឱ្យ​សុបិន​របស់ខ្ញុំ​ក្លាយជា​ការពិត​»​។

១០ ​ឆ្នាំក្រោយ ការតស៊ូ​របស់​លោក​ មូន ​បាន​ធ្វើឱ្យ​សុបិន​គាត់​ក្លាយ​ជា​ការពិត ដោយសារ​គាត់​បាន​យក​ឧបសគ្គ​ដែល​ធ្លាប់​ឆ្លងកាត់​មក​ធ្វើ​បទពិសោធ​ជីវិត​ដែលនាំឱ្យ​គាត់​មកកាន់​បណ្ឌិត្យសភា​នៃ​ក្តីសង្ឃឹម​។ នៅ​ឆ្នាំ​ ២០២១​ ថ្នាក់ដឹកនាំ​បណ្ឌិត្យសភា​យោធា​អាមេរិក​បាន​ផ្ដល់​ទំនុកចិត្ត និង​ផ្ដល់​ការ​តែងតាំង​ដល់​គាត់​ធ្វើជា​មេបញ្ជាការ​កងអនុសេនាធំ​នៃ​កង​ម៉ារីន​អាមេរិក​។

យ៉ាងណា​ក៏ដោយ​លោក​ មូន​ នៅតែ​ចងចាំ​ថា គាត់​គ្រាន់តែ​ជា​យុវជន​សាមញ្ញ​ម្នាក់​ដែល​កើតជា​កូន​កសិករ​ក្រីក្រ​ ​និង​ចិញ្ចឹម​ដោយ​ជីដូន​ដែល​រកចំណូល​បាន​តិចជាង​ ៥០​ សេន​ក្នុង​ ១​ ថ្ងៃ​។​ លោក​បាន​បញ្ជាក់ថា​៖ «​អ្នក​ទំនង​ជា​ឆ្លាតជាង ខ្លាំង​ជាង និង​មាន​សមត្ថភាព​ជាង​ខ្ញុំ ប៉ុន្តែ​ក្តី​សុបិន​របស់ខ្ញុំ​បានក្លាយ​ជាការ​ពិត​»​។

ដោយសារ​ពាក្យ ​១ ​ឃ្លា​ដែល​គាត់​បាន​សរសេរ​នោះបាន​ធ្វើឱ្យ​គាត់​មើលឃើញ​បញ្ហា​ប្រឈម​ជា​ឱកាស ​ដើម្បី​រៀន និង​រីកចម្រើន​។ ចុងបញ្ចប់​គាត់​បាន​និយាយថា​៖ «​ខ្ញុំ​នឹងមិន​បោះបង់​កប៉ាល់​នោះឡើយ​»​។

ក្រោយពី​ទទួល​បាន​ជោគជ័យ អ្វីដែល​លោក​ មូន ​ធ្វើឱ្យមាន​ការចាប់​អារម្មណ៍​ខ្លាំង​គឺ​នៅពេល​លោក​បង្ហោះ​រូបភាព​ និង​សារ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ ៣០ ​ឧសភា​ពី​ការផ្ដល់​រង្វាន់​ក្រមា និង​ខ្សែគោ​ ១​ ចង្វាយ​ពី​ជីដូន​ដែល​ខំ​រក្សាទុក​អស់​ ១០​ ឆ្នាំ​សម្រាប់​ទុក​មើល​ពេល​នឹក​ដល់​លោក​ មូន ក្រោយពេល​ទទួល​បាន​សញ្ញាបត្រ​ពី​សាលា​បណ្ឌិត្យសភា​យោធា​អាមេរិក​ពីថ្ងៃ​ទី​ ២៧ ខែឧសភា​ឆ្នាំ​ ២០២២ ក្រោម​អធិបតីភាព​លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក​។

លោក​បាន​រៀបរាប់​ទៀតថា​៖ «​វា​ជា​កាដូ​ដ៏​មានតម្លៃ​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ​។ សូម​អរគុណ​លោកយាយ​ជាទីគោរព​ស្រឡាញ់​របស់​ចៅ​»​។

តាមរយៈ​ការ​បង្ហោះ​សារ​នេះ មាន​​អ្នក​បញ្ចេញមតិ​ជាច្រើន​បាន​កោតសរសើរ​ដោយ​ខ្លះ​ថា ​«​អាន​ប្រវត្តិ​ពិត​របស់​អ្នក​ហើយ ខ្ញុំ​ពិតជា​រំភើប និង​អាណិត​ក្នុង​ចិត្ត​។ ​ថ្ងៃនេះ​អ្នក​អាច​ធ្វើ​បាន​។ ការសម្រេច​ក្តីសុបិន​ដែល​មិនមែន​គ្រប់គ្នា​អាច​ទៅដល់​នោះទេ​»​។ ចំណែក​អ្នក​ខ្លះទៀត​បាន​សរសេរ​ថា​៖ «​ការងារ​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា កម្ពុជា​អាច​​ធ្វើបាន ហើយ​ប្រទេស​របស់​យើង​ពិតជា​មិន​ចាញ់​ប្រទេស​ដទៃ​ទេ​»​។

រីឯ​លោក​នាយក​រដ្ឋមន្ត្រី​វិញ​បាន​​សរសេរ​តាមរយៈ​សារ​បញ្ចេញមតិ​លើ​ហ្វេសប៊ុក​របស់​លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ផងដែរ​ថា​៖ «​គាត់​ [​លោកយាយ​] ​ធ្វើ​បែប​​នេះ​ជាការ​រំឭក​មួយ​សម្រាប់​ចៅ កុំឱ្យ​ភ្លេច​ប្រវត្តិ​ដ៏លំបាក​របស់​យើង​។ តា​ក៏​សូម​ជូនពរ​ឱ្យ​ចៅ​ជួបតែ​សេចក្តីសុខ និង​ចម្រើន​»៕