ភ្នំពេញៈ កម្ពុជា-​អាមេរិក កំពុង​ស្វែងរក​ឱកាស​លើ​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​សាធាណការ និង​ដឹកជញ្ជូន​នៃ​ប្រទេស​ទាំង​ ២ ក្នុង​ការតភ្ជាប់​ពហុ​មធ្យោបាយ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ក្រុមហ៊ុន​អាមេរិក​ក្នុង​ការ​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា​លើ​វិស័យនេះ​។

រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោកស្រី ​កុយ សុដានី ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Moses An មន្ត្រី​ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ស្ថានទូត​សហរដ្ឋ-​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ១ ខែមិថុនា ឆ្នាំ​ ២០២២​។

លោកស្រី​ថ្លែងថា ជំនួប​នេះ​មាន​គោលបំណង​ ដើម្បី​ពិភាក្សា​ស្វែងយល់​អំពី​កាលានុវត្តភាព​ពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ក្នុង​គម្រោង​អភិវឌ្ឍន៍​នានា​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត ក៏ដូចជា​ដើម្បី​ស្វែងរក​ឱកាស​សម្រាប់​ការ​ផ្តល់ជំនួយ​បច្ចេកទេស​ដែល​អាចធ្វើ​ទៅបាន​តាមរយៈ​កម្មវិធី​ត​ភ្ជាប់​មេគង្គ​បូព៌ាបស្ចិម​ (​តាមរយៈ​ក្រសួង​ដឹកជញ្ជូន​សហរដ្ឋអាមេរិក​)​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​ទើប​ចាប់​ផ្តើម​ធ្វើការងារ​នេះ យើង​ផ្តោត​ទៅលើ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​។ យើង​នឹង​ជួប​ជាមួយ​ក្រសួង​សាធារណការ​អាមេរិក​តែម្តង​ នៅពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ពិនិត្យ​មើល​អាទិភាព​មួយណា​សំខាន់​ជាងគេ ក្នុង​ចំណោម​អាទិភាព​ ៦ ​ចំណុច ដែល​បាន​លើកឡើង​ក្នុងជំនួប​នោះ​»​។

លោកស្រី​ក៏បាន​ជម្រាបជូន​អំពី​គម្រោង​សម្រេច​បាន​គម្រោង​កំពុង​អនុវត្ត​បន្ត និង​គម្រោង​នាពេល​អនាគត ដែល​រួមមាន គម្រោង​អភិវឌ្ឍន៍​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ការដឹក​ជញ្ជូន​ផ្លូវគោក ការដឹក​ជញ្ជូន​តាមផ្លូវ​ដែក​។ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-​ក្រុងព្រះសីហនុ ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ក្នុងពេល​ឆាប់ៗ​នេះ​។ គម្រោង​អភិវឌ្ឍន៍​ការដឹកជញ្ជូន​តាម​​ផ្លូវទឹក​តាម​ទន្លេបាសាក់ និង​ការអភិវឌ្ឍ​កំពង់ផែ​ ដើម្បី​ចូលរួម​កាត់បន្ថយ​ការចំណាយ​ផ្នែក​ភ័ស្តុភារកម្ម​ជាដើម​។

លោកស្រី​លើកឡើង​ផងដែរ ទាក់ទង​ទៅនឹង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដែលជា​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​របស់​កម្ពុជា និង​ផែនការមេ​ភ័ស្តុភារកម្ម​កម្ពុជា ដែលមាន​គម្រោង​អភិវឌ្ឍន៍​ចំនួន​ ៣៣០ ​គម្រោង​។

លោកស្រី​បន្តថា បន្ថែម​ពីនេះ​ក្រសួង​ក៏បាន​បង្កើត​វិទ្យាស្ថាន​តេជោសែន សាធារណការ និង​ដឹកជញ្ជូន សម្រាប់​ការបណ្ដុះ​បណ្ដាល​វិស្វករ​ជំនាន់​ក្រោយ​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកប​ដោយ​គុណភាព ការធ្វើ​ទំនើបកម្ម​យានយន្ត​ដឹកជញ្ជូន​ទំនិញ ការប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ឆ្លងកាត់​ព្រំដែន​ជាដើម​។

នាឱកាស​នោះដែរ លោក Moses An បាន​សម្តែង​ចំណាប់​អារម្មណ៍​លើ​ការអភិវឌ្ឍ​វិស័យ​មួយចំនួន​ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​។ ក្នុង​នោះ​លោក​ចាប់​អារម្មណ៍​ទៅលើ​ការងារ រួមមាន ការធ្វើ​ផែនការ​ផ្អែកលើ​ការអនុវត្ត អភិបាលកិច្ច បញ្ហា​ឆ្លងកាត់​ព្រំដែន សុវត្ថិភាព​ផ្លូវថ្នល់ យេនឌ័រ បរិយាប័ន្ន​សង្គម សមធម៌ ភាពធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការតភ្ជាប់​ពហុមធ្យោបាយ​។

ទន្ទឹម​នោះ លោក Moses An បាន​ស្នើ​ឱ្យមាន​មន្ត្រី​ទទួល​បន្ទុក​ការងារ​ទំនាក់​ទំនង​រវាង​ភាគី​ទាំង ២ ដើម្បី​សម្រប​សម្រួល​លើ​ការងារ​ផ្សេងៗ​។ ជាពិសេស​សម្របសម្រួល​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ រវាង​ក្រសួង​ដឹកជញ្ជូន​របស់​សហរដ្ឋ​អាមេរិក និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​របស់​កម្ពុជា​នាពេល​ខាងមុខ ដើម្បី​ពិភាក្សា​លម្អិត​លើ​គម្រោង​សហការ​មួយចំនួន​។

ជា​ការ​ឆ្លើយតប លោកស្រី កុយ សុដានី បាន​បញ្ជាក់ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ខាង​ភាគី​កម្ពុជា​បាន​ត្រៀមខ្លួន​សហការ​ជានិច្ច​ជាមួយ​ក្រសួង​ដឹកជញ្ជូន​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ជជែក​ពិភាក្សា​លម្អិត​បន្តទៀត​លើ​បញ្ហា​នេះ​។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក​ ជា ចាន់ដារ៉ា បាន​ថ្លែងថា កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​សាធារណការ​នៃ​ប្រទេស​ទាំង​ ២​ មាន​សារៈសំខាន់​ណាស់ ដែល​នឹង​នាំ​មក​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​សម្រាប់​វិស័យសេដ្ឋកិច្ច បើ​ក្នុងករណី​ភាគី​ទាំង​ ២ ​ឈាន​ដល់​មាន​កិច្ចសហការ​គ្នា​ពិតមែន​។

លោក​បាន​បញ្ជាក់ថា​៖ «​ព្រោះ​រាល់​ទំនិញ​ដែល​ផលិត​បាន​នៅ​កម្ពុជា ជាពិសេស​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ គឺ​ភាគច្រើន​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក ហើយ​ការធ្វើ​វិនិយោគ សម្រាប់​ការនាំ​ចេញទៅ​អាមេរិក​ ១ ​ឆ្នាំ ទៅ​ ១​ ឆ្នាំ មានការ​កើនឡើង​ខ្ពស់ ហើយ​សម្រាប់​អាមេរិក នាំ​ចូលមក​កម្ពុជា​ក៏មាន​ច្រើន​ផងដែរ​»៕