ភ្នំពេញៈ នៅ​ថ្ងៃ​បិទ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃទី​ ៣ ខែមិថុនា គណបក្ស ប្រជាជន​កម្ពុជា និង​គណបក្ស​ភ្លើងទៀន​ក្នុង​ចំណោម គណបក្ស​នយោបាយ​ទាំង​ ១៧ ដែល​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ នឹង​ហែ​ក្បួន​ធំ​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយ​មាន​​អ្នកចូលរួម​រាប់ម៉ឺន​នាក់ ខណៈ​គណបក្ស​ផ្សេងទៀត​នឹង​ជួបជុំ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​តូចៗ​នៅ​តាម​បណ្តា​រាជធានី ខេត្ត​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២ ខែមិថុនា ថា ការរៀបចំ​ជួបជុំ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​បិទបញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃទី​ ៣ មិថុនា អាស្រ័យ​ទៅលើ​គណៈកម្មការ គណបក្ស​នៅក្នុង​រាជធានី​-​ខេត្ត និង​មូលដ្ឋាន​ឃុំ សង្កាត់​នីមួយៗ​។

លោក ឃួង ស្រេង ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា នៅ​ថ្ងៃ​បិទ​បញ្ចប់​នេះ គណបក្ស​បានរៀបចំ​ជួបជុំ​យុវជន​អ្នកគាំទ្រ និង​សកម្មជន​មកពី​ទូទាំង​ខណ្ឌ​ទាំងអស់​នៃ​រាជធានី​-​ភ្នំពេញ នៅ​តំបន់​ផ្លូវ ៦០ ​ម៉ែត្រ ប្រមាណ​ជាង​ ៦​ ម៉ឺន​នាក់ ដោយមាន​ការហែក្បួន​ឆ្លងកាត់​ខណ្ឌ​ចំនួន​ ៥​។ ចំណែក ខណ្ឌ​ ៩ ទៀត ក៏​នឹង​រៀបចំ​ទៅតាម​ខណ្ឌ​របស់គេ​។ ជាមួយ​គ្នានេះ​ក្នុងនោះ ​១ ​ខណ្ឌៗ មាន​កម្លាំង​របស់​គណបក្ស ចំនួន ៣ ៥០០ ​នាក់​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ថា ឆ្លងកាត់​តាម​កិច្ចការងារ​ដែល​បម្រើ​ប្រជាពលរដ្ឋ​របស់​យើងខ្ញុំ ខ្ញុំ​សង្ឃឹមថា​នឹង​ទទួលបាន​ជោគជ័យ​ ១០៥ លើ​ ១០៥ ​សង្កាត់ នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​អាច​បាត់​អាសនៈ​តិចតួច ដោយ​កន្លែង​»​។

លោក ស៊ុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀនប្រាប់ ​ភ្នំ​ពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​២ ខែឧសភា​ថា គណបក្ស​ភ្លើងទៀន រាជធានី​-​ភ្នំពេញ នឹង​មាន​ការជួបជុំ​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃ​បិទ​បញ្ចប់ ដោយមាន​អ្នក​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​រចនាសម្ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​របស់​គណបក្ស​ភ្លើងទៀន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ប្រមាណ​ជាង ៣ ​ម៉ឺន​នាក់​។

គណបក្ស​ភ្លើងទៀន​នឹង​ជួបជុំ​គ្នា​នៅ​ផ្លូវជាតិ​លេខ​ ១ ក្បែរ​មន្ទីរពេទ្យ​ជោរៃ ខណ្ឌ​ច្បារអំពៅ នៅ​ម៉ោង ៧ ​ព្រឹក និង​ហែ​ក្បួន​ចេញពី​ទីនោះ​ឆ្ពោះទៅ​ត្រើយម្ខាង​ក្បែរ​សណ្ឋាគារ​សុខា សម្រាក​ថ្ងៃត្រង់ និង​ពេល​រសៀល​ចាប់ផ្តើម​ពី​ទីតាំង​នោះ ឆ្ពោះទៅ​រង្វង់​មូលចោមចៅ និង​រំសាយ​នៅ​ទីនោះ​។

លោក​ថ្លែងថា​៖ «​ការចូលរួម​ហែ​ក្បួន​នៅ​ថ្ងៃ​បញ្ចប់​នេះ​អាច​នឹង​ច្រើនជាង​មុន ព្រោះ​កាលពី​ថ្ងៃទី​ ១ មាន​អ្នកចូលរួម​ជិត ២ ម៉ឺន​នាក់ ហើយ​យើង​សង្ឃឹមថា យ៉ាងតិច​ណាស់​ក៏​លើសពី ៣ ម៉ឺ​នាក់​ដែរ ព្រោះ​មាន​អ្នកស្នើសុំ​មួក និង​អាវ​ច្រើន​»​។

បើតាម​លោក សុន ឆ័យ ការហែ​ក្បួន​ឃោសនា​បោះឆ្នោត​​ក្នុង​រយៈពេល ១៤ ​ថ្ងៃនេះ មិនមាន​អំពើហិង្សា​ណាមួយ​កើតឡើង​នោះទេ ដែល​អាច​ទទួល​យក​បាន ព្រោះ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ជាពិសេស​ថ្នាក់ដឹកនាំ​គណបក្ស​កាន់​អំណាច​ក៏បាន​អំពាវនាវ​ឱ្យមាន​ការ​យោគយល់ និង​អធ្យាស្រ័យ​ខ្ពស់​ក្នុង​យុទ្ធនា​ការឃោសនា​នេះ​។

លោក ឯម សុខសុវណ្ណ ប្រធាន​នាយកដ្ឋាន​កិច្ចការ​នយោបាយ​នៃ​គណបក្ស​យុវជន​កម្ពុជា​ថ្លែងថា គណបក្ស​យុវជន​កម្ពុជា មិនមាន​ការ​ជួបជុំ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ក្រុងភ្នំពេញ​ទេ ប៉ុន្តែ​គណបក្ស​នឹង​ជួបជុំ ហើយ​បិទ​បញ្ចប់​នៅឯ​ខេត្តស្វាយរៀង​។ ក្នុង​ការជួបជុំ​បិទបញ្ចប់​នៅ​ខេត្តស្វាយរៀង​នឹងមាន​អ្នកចូលរួម​ប្រមាណ ១០០ ​នាក់ ដោយ​ក្នុងនោះ​លោក ពេជ្យ ស្រស់​ប្រធាន​គណបក្ស​ក៏​នឹង​ចូលរួម​ដឹកនាំ ហែ​ក្បួន​រថយន្ត​ប្រមាណ ២០ ​គ្រឿង ម៉ូតូ ៣០ ​គ្រឿង និង​ម៉ូតូ​កង់​ ៣ ដោយ​បំពាក់​ទៅដោយ​ឧគ្ឃោសនស័ព្ទ និង​បដា​គណបក្ស​ជាដើម​។

លោក ញឿន រ៉ាដែន អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា នៅ​ថ្ងៃ​បិទបញ្ចប់​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិនមាន​ការរៀបចំ​ជួបជុំ​នៅ​ទីក្រុង​ភ្នំពេញ​ទេ ប៉ុន្តែ​នឹង​រៀបចំ​នៅតាម​ខេត្ត​មួយចំនួន​ដែលមាន​បេក្ខជន​ឃុំ សង្កាត់​ឈរឈ្មោះ ពីព្រោះ​នៅតាម​រាជធានី​ខេត្ត​មួយចំនួន​បាន​ហែ​ក្បួន​រួចហើយ​។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជារួម​ការឃោសនា​របស់​គណបក្ស​នយោបាយ​ទាំង​ ១៧ ប្រព្រឹត្ត​ទៅ​ដោយ​រលូន គ្មាន​អំពើហិង្សា មាន​សន្តិសុខ សុវត្ថិភាព​។

លោក​ថ្លែងថា​៖ «​យើង​ឃើញ​ល្អ​ច្រើន ត្រង់​ដែលថា​ល្អ គឺ​គូភាគី​ប្រឈម​បាន​ប្រើប្រាស់​យន្តការ​ដាក់ពាក្យ​បណ្តឹង​ប្រសើរ​ជាង​ប្រឈម​ដោយ​វោហារស័ព្ទ និង​អាកប្បកិរិយា​ផ្សេងៗ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ឃោសនា គឺ​អត់​មាន​ទេ​»​។

ការឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​មាន​រយៈពេល ១៤ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​ ២១ ខែឧសភា ដល់​ថ្ងៃទី​ ៣ ខែមិថុនា ខណៈ​ថ្ងៃទី​ ៥​ មិថុនា គឺជា​ថ្ងៃ​បោះឆ្នោត​។

ក្រសួង​ព័ត៌មាន​ពីថ្ងៃ​ទី​ ១ មិថុនា បាន​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ឱ្យ​បញ្ឈប់​គ្រប់​សកម្មភាព​ឃោសនា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅ​ថ្ងៃទី​ ៤ ខែមិថុនា មុន​បោះឆ្នោត ​១​ ថ្ងៃ​ ដើម្បី​រក្សា​ភាពស្ងៀមស្ងាត់​ឱ្យ​ពលរដ្ឋ​ដែលជា​ម្ចាស់​សំឡេងឆ្នោត ធ្វើការ​សម្រេចចិត្ត​ជ្រើសរើស តំណាង​ស្របច្បាប់​ទៅតាម​ឆន្ទៈ​របស់ខ្លួន​តាម​បទប្បញ្ញត្តិ​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​។

ជាមួយ​គ្នា​នេះ​លោក ស ខេង គណៈបញ្ជាការ​សន្តិសុខ​អចិន្រៃ្តយ៍ និង​លោក ប្រាជ្ញ ចន្ទ ប្រធាន គជប នៅ​ថ្ងៃទី ​២ ខែមិថុនា បាន​ណែនាំ​ឱ្យ​មាន​ការពង្រឹង​សន្តិសុខ សុវត្ថិភាព សម្រាប់​ព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ នេះ​ដោយ​ក្នុងនោះ គណបក្ស​នយោបាយ ឬ​/​និង​បេក្ខជន មិន​ត្រូវធ្វើ​សកម្មភាព កៀរគរ ប្រមូល​កម្លាំង​ពី​រាជធានី ខេត្ត​ណាមួយ​ទៅ​ធ្វើ​សកម្មភាព​នៅ​រាជធានី ឬ​ខេត្ត​ផ្សេង​ក្នុង​ចេតនា​បង្ក​ចលាចល អសន្តិសុខ​សង្គម ដើម្បី​បំផ្លាញ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ការបោះឆ្នោត​នោះឡើយ​។

សេចក្តី​ណែនាំ​នេះ​បន្តថា គណបក្ស​នយោបាយ ឬ​/​និង​បេក្ខជន និង​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ក្នុង​កិច្ចការពារ ថែរក្សា​បរិយាកាស​សន្តិសុខ​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ការបោះឆ្នោត​ឱ្យ​បាន​ល្អប្រសើរ ដោយ​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ ដែល​ផ្ទុយ​ពី​គោលការណ៍​នៃ​ច្បាប់​បោះឆ្នោត បទប្បញ្ញត្តិ និង​នីតិវិធី​នៃ​ការបោះឆ្នោត ក្រមសីលធម៌​សម្រាប់​គណបក្ស​នយោបាយ និង​បេក្ខជន​ក្នុង​ដំណើរការ​បោះឆ្នោត និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងៗ​ជា​ធរមាន​៕

វីដេអូ៖