ភ្នំពេញៈ ​ក្នុង​រយៈពេល ​៥ ​ខែ ឆ្នាំ​ ២០២២ គ្រោះមហន្តរាយ​ពី​ធម្មជាតិ ដែល​បង្កឡើង​ពី​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​មាន​ការ​ថយចុះ​ពាក់កណ្តាល បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំមុន​។ នេះ​បើតាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ចេញ​កាលពី​ថ្ងៃទី ​១​ ខែមិថុនា ស្ដីពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​។

របាយការណ៍​ឱ្យដឹងថា ស្ថានភាព​អាកាសធាតុ​សម្រាប់​ ៥​ ខែ​ឆ្នាំ​ ២០២២ ​នេះ មាន​ភាព​ល្អប្រសើរ​ជាង​ឆ្នាំ​ ២០២១ ដោយសារ​កម្ពុជា​ទទួលរង​កម្រិត​កម្ដៅ​ខ្សោយ​ពុំ​ក្តៅ​ខ្លាំង​ដូច​ឆ្នាំ​ ២០២១ ហើយ​ភ្លៀង​កក់ខែ កើតមាន​ច្រើន​ក្នុង​រដូវប្រាំង ដែល​បាន​កាត់បន្ថយ​ការ​ប្រឈម​នូវ​ការខ្វះខាត​ទឹក​ប្រើប្រាស់ និង​ទឹក​សម្រាប់​ការ​បង្កបង្កើនផល ព្រមទាំង​ពុំសូវ​ទទួលរង​ឥទ្ធិពល​ពី​ព្យុះ​ក្នុង​តំបន់​នោះទេ​។

ក្នុងនោះ​ករណី​ខ្យល់​កន្ត្រាក់​បាន​កើតឡើង​ចំនួន ៧៩ ​លើក បណ្តាល​ឱ្យ​ផ្ទះ​រលំ និង​ខូចខាត​ធ្ងន់​ចំនួន​ ៥២៧ ​ខ្នង ផ្ទះ​របើក​ដំបូល ​១ ៧៧៧ ​ខ្នង មនុស្ស​ស្លាប់​ ២ ​នាក់ និង​របួស​ ១៦​ នាក់​។ ចំណែក​ករណី រន្ទះបាញ់​បាន​បណ្ដាល​ឱ្យស្លាប់​ ២២ ​នាក់ និង ១៧ ​នាក់​ទៀត​រងរបួស ព្រមទាំង​បណ្ដាល​ឱ្យ​ងាប់​សត្វ​គោ​-​ក្របី​សរុប ៥៣ ​ក្បាល​។

របាយការណ៍​បញ្ជាក់ថា​៖ «​ជារួម​ផលប៉ះពាល់​ដោយ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ ក្នុង​រយៈពេល​ ៥​ ខែ នៃ​ឆ្នាំ​ ២០២២ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ មានការ​ថយចុះ​ប្រមាណ​ពាក់កណ្តាល​ហើយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាននិង​កំពុង​បង្កើន​ការផ្សព្វផ្សាយ​ចូល​ជ្រៅ​ដល់​មូលដ្ឋាន​អំពី​វិធានការ​ការពារ​នៃ​គ្រោះមហន្តរាយ​នេះ​»​។

លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​តែង​កើតមាន​រៀងរាល់​ឆ្នាំ ទោះ​តិច ឬ​ច្រើន ដែល​ទាមទារ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ពិសេស​ក្នុង​រដូវវស្សា​នេះ​។ ទន្ទឹម​នឹងនេះ ជំនន់​ទឹកភ្លៀង​ក៏មាន​ផលប៉ះពាល់​ក្នុង​កម្រិត​ស្រាល​ផងដែរ នៅតាម​បណ្ដា​ខេត្ត​មួយចំនួន ដែល​ស្ថិត​នៅតាម​ទី​ទំនាប​ជាប់​ផ្លូវទឹក និង​ទី​ទំនាប​តាម​ជើងភ្នំ និង​ខ្ពង់រាប​ចាប់តាំងពី​ចុងខែ​មេសា ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។

លោក​ពន្យល់ថា ប្រសិនបើ​ស្ថានភាព​អាកាសធាតុ​ក្នុង​តំបន់​មានការ​ប្រែប្រួល ដែល​បង្ក​ឱ្យមាន​ភ្លៀង​ធ្លាក់​នៅ​អាង​ទន្លេមេគង្គ​លើ ទឹកទន្លេ​មេគង្គ​ក៏​អាចមាន​ចលនា​ជន់​ឡើង​ដែរ ទោះបី​ការព្យាករ​របស់​ក្រសួង​ជំនាញ​ថា ទឹកទន្លេ​មេគង្គ​នៅ​ស្ថានីយ​ជលសាស្ត្រ​បាសាក់​-​ចតុមុខ មាន​កម្ពស់​អតិបរមា ៩,៦៥ ​ម៉ ទាប​ជាង​កម្រិត​ប្រុងប្រយ័ត្ន ១០,៥០​ ម៉ ក៏ដោយ​។

លោក​ថ្លែងថា​៖ «​ចាប់ពី​ពេលនេះ​ទៅ យើង​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​ជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​ទន្លេមេគង្គ ដោយ​ត្រូវ​តាមដាន​ស្ដាប់​ព័ត៌មាន​ស្ដីពី​ការ​ព្យាករ​អាកាសធាតុ​ឱ្យបាន​ជាប់​ជាប្រចាំ ព្រោះ​បណ្ដា​ខេត្ត​មួយចំនួន​បាន​កើតមាន​ជំនន់​ទឹកភ្លៀង​កម្រិត​ស្រាល​រួច​ខ្លះ​មកហើយ​»៕