អតីត​បុគ្គលិក​ណាហ្គាវើល៍​ចំនួន ៤ នាក់​បន្ថែម​ទៀត ក្នុង​ចំណោម​ជិត ៤០០ នាក់ បាន​សម្រេច​ទទួល​យក​ការ​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា ខណៈ​ក្រសួង​ការងារ​កំពុង​ស្វែងរក​ការងារ​ជូន​ពួក​គេ​ផង​ដែរ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃទី ២ ខែ​មិថុនា ការិយាល័យ​អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ថ្ងៃទី ២ ខែ​ឧសភា​នេះ បាន​ឱ្យ​ដឹង​ថា នាពេល​កន្លង​មក មាន​បងប្អូន​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មួយ​ចំនួន បាន​គោរព​ស្នើសុំ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឱ្យ​ជួយ​អន្តរាគមន៍ ក្រុមហ៊ុន​ផ្ដល់​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការងារ​ស្រប​តាម​ច្បាប់​ស្តីពី​ការងារ ចំពោះ​បងប្អូន​អតីត​បុគ្គលិក​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​រួម និង​ស្វែងរក​ឱកាស​ការងារ​ថ្មី ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ទៀងទាត់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

សេចក្តី​ជូន​ដំណឹង​បន្ត​ថា នាពេល​កន្លង​មក មន្ត្រី​ជំនាញ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ធ្វើ​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់ ការ​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន ហើយ​ពិនិត្យ​ឃើញ​ថា ការ​ទូទាត់​ចំនួន ៤ ចំណុច គឺ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋានគតិយុត្តិ​ពាក់ព័ន្ធ​នឹង​ការ​បញ្ឈប់​ពី​ការងារ​រួម។

សេចក្តី​ជូន​ដំណឹង​ថា «គិត​ត្រឹម​ថ្ងៃទី ២ ខែ​មិថុនា ឆ្នាំ ២០២២ នេះ មាន​អតីត​បុគ្គលិក​ចំនួន ៤ រូប​បន្ថែម​ទៀត ក្នុង​ចំណោម​អតីត​បុគ្គលិក​ដែល​មិន​ទាន់​ឯកភាព​ទទួល​យក​ការ​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា បាន​មក​ទទួល​យក​ដំណោះស្រាយ​តាមរយៈ​ការ​ធ្វើ​លិខិត​ព្រមព្រៀង​ទទួល​យក​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការងារ​ពី​ក្រុមហ៊ុន​រួច​ហើយ។ ដូចនេះ គិត​មក​ដល់​ថ្ងៃ​នេះ មាន​អតីត​បុគ្គលិក​សរុប​ចំនួន ១៩៦ រូប ក្នុង​ចំណោម ៣៧៣ រូប បាន​យល់​ព្រម​ទទួល​យក​ការ​ទូទាត់​នូវ​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន ដែល​ធ្វើ​ឱ្យ​ចំនួន​អតីត​បុគ្គលិក​ដែល​មិន​ព្រម​ទទួល​យក​សំណង​នៅ​សល់​ត្រឹម ១៧៧ រូប»។

តាមរយៈ​សេចក្តី​ជូន​ដំណឹង​នេះ បាន​គូស​បញ្ជាក់​ថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ត្រៀម​ខ្លួន​ដើម្បី ជួយ​សម្របសម្រួល​ពាក់ព័ន្ធ​នឹង​ការ​ជួយ​ស្វែងរក​ឱកាស​ការងារ​ថ្មី​សម្រាប់​បងប្អូន​អតីត​បុគ្គលិក​ផង​ដែរ៕