ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​កម្ពុជា​អះអាង​ថា អាល្លឺម៉ង់​ប្តេជ្ញា​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជារ​បន្ថែមទៀត ​ដើម្បី​ជំរុញ​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា​ឱ្យមាន​វឌ្ឍនភាព​តទៅ​មុខ​។

ការប្តេជ្ញាចិត្ត​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​ ២​ មិថុនា ក្នុងជំនួប​រវាង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ដែល​នឹងត្រូវ​ចប់​បេសកកម្ម​ឆាប់ៗ​ក្នុងពេល​ខាងមុខ​។

ក្រសួង​មហាផ្ទៃ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា លោក ស ខេង បាន​កោតសរសើរ​ចំពោះ​ការបំពេញ​ការងារ​របស់​លោក Berger ដែល​បាន​ខិតខំ​អស់ពី​លទ្ធភាព​ជួយ​គាំទ្រ​ដល់​បុព្វហេតុ​នៃ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ព្រមទាំង​បាន​ដើរតួនាទី​យ៉ាង​សកម្ម​ក្នុងការ​រួមចំណែក​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២​។

លោក​រំឭកថា ក្នុង​អាណត្តិ​ការទូត​របស់​ឯកអគ្គ​រដ្ឋទូត​នៅ​កម្ពុជា ពិតជា​មាន​ទំនាក់ទំនង​ការងារ​ជាមួយ​ភាគី​ទាំង​ ២ ​យ៉ាង​ល្អប្រសើរ ព្រមទាំង​មាន​អនុស្សាវរីយ៍​ជាមួយ​គ្នា​យ៉ាងច្រើន​ពាក់ព័ន្ធ​នឹង​ទស្សនកិច្ច​សិក្សា និង​ការចុះ​ទៅកាន់​មូលដ្ឋាន​នានា​ ដើម្បី​ពិនិត្យ​ការងារ​ពាក់ព័ន្ធ​ដែល​គាំទ្រ​ដោយ​អាល្លឺម៉ង់ ក៏ដូចជា​ដៃគូ​មកពី​ប្រទេស​នានា​នៃ​សហភាព​អឺរ៉ុប​។

លោក ស ខេង ជឿជាក់​ថា ការធ្វើ​ទស្សនកិច្ច​រវាង​ភាគី​ទាំង​ ២ ​កន្លងមក​នឹង​ក្លាយជា​ការអនុវត្ត​ជាក់ស្តែង​លើ​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដោយសារ​ការងារ​នេះ​ពិតជា​មាន​សារៈសំខាន់​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ពុះពារ និង​ប្រឹងប្រែង​នាពេល​កន្លងមក​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា លោក Berger បានបង្ហាញ​ក្តី​រីករាយ​លើ​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ពីព្រោះ​អាល្លឺម៉ង់​ក៏​ជា​ប្រទេស​មួយ​ដែលមាន​បទពិសោធ​យូរ​ឆ្នាំ​ក្នុង​កិច្ចការ​នេះដែរ​។

ការងារ​នេះ​ជាការ​ចូលរួម​ចំណែក​យ៉ាង​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​មធ្យម និង​វែង​តទៅ​អនាគត​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ឯកឧត្តម [​លោក Berger] ក៏​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្ត​ទុកដាក់​ក្នុងការ​អនុវត្ត​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ ដំណាក់កាល​ទី​ ២ ​បន្តទៀត ផ្អែកលើ​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ​ដ៏​មាន​សារៈសំខាន់​នេះ ឯកឧត្តម​នឹង​បន្ត​ធ្វើ​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​ដែល​នឹងត្រូវ​បន្តការងារ​ ដើម្បី​ធ្វើយ៉ាងណា​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​បន្ថែមទៀត​ ដើម្បី​ជំរុញ​កិច្ចការងារ​នេះ​ឱ្យមាន​វឌ្ឍនភាព​តទៅ​មុខ​»​។

លោក ស ខេង ប្រាប់​លោក Berger ថា មកដល់​ពេល​នេះ​ពុំមាន​ព័ត៌មាន​អំពី​ហិង្សា​ណាមួយ​កើតឡើង​នោះទេ​នៅក្នុង​ស្ថានភាព​ទូទៅ​នៃ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ​៥ ខែមិថុនា​។

លោក​លើកឡើង​ថា ការចូលរួម​ពី​បណ្តា​គណបក្ស​នយោបាយ​នានា ព្រមទាំង​ប្រជាពលរដ្ឋ​បាន​បង្ហាញ​សកម្មភាព​យ៉ាង​ផុលផុស ក្នុង​យុទ្ធនាការ​បោះឆ្នោត ដោយ​គោរព​តាម​បទបញ្ជា និង​នីតិវិធី​៕