ភ្នំពេញៈ មន្ត្រី​ក្រសួង​បរិស្ថាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ និង​វិធានការ​ច្បាប់​ក៏ដូចជា​ដំណោះស្រាយ​នានា​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដែល​នៅសល់​ឱ្យនៅ​គង់វង្ស​។ ការបញ្ជាក់​នេះ​បាន​ធ្វើឡើង ​ក្រោយពី​មាន​ក្រុមយុវជន និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ២៧ បានចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ ១​ កាលពី​ថ្ងៃទី​ ២ ខែមិថុនា ដោយ​សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង ចំពោះ​វិបត្តិ​បរិស្ថាន ខណៈ​ដែល​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ និង​ការ​ឈូសឆាយ​វាត​យក​ដីព្រៃ​នៅតែ​បន្ត​កើតមាន​នៅឡើយ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ២ មិថុនា​ថា ការសម្តែង​ការ​ព្រួយបារម្ភ​របស់​ក្រុមយុវជន និង​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​គឺជា​សិទិ្ធ​របស់​ពួកគេ​។

លោក​ថា​៖ «​រាជរដ្ឋាភិបាល​បាន​ដាក់ចុះ​នូវ​គោលនយោបាយ និង​វិធានការ​ច្បាប់​ក៏ដូចជា​ដំណោះស្រាយ​នានា ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដែល​នៅសល់​ឱ្យនៅ​គង់វង្ស​»​។

ក្រុម​យុវជន សហគមន៍ សហជីព សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ២៧ កាលពី​ថ្ងៃទី​ ២ ខែមិថុនា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមមួយ ដោយ​បាន​សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង ចំពោះ​វិបត្តិ​បរិស្ថាន សិទ្ធិ​បរិស្ថាន និង​ការ​មិនទាន់​អនុវត្ត​ឱ្យបាន​ពេញលេញ គោលនយោបាយ​ស្ដីពី​កិច្ចការពារ​ថែរក្សា បរិស្ថាន និង​ពុំបាន​យកចិត្ត​ទុកដាក់ ដោះស្រាយ​នូវ​រាល់​សំណូមពរ ក៏ដូចជា​ក្តីកង្វល់​នានា ជុំវិញ​បញ្ហា​បរិស្ថាន​។

ក្រុម​ទាំងនេះ​លើកឡើងថា​៖ «​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ យើងខ្ញុំ​សង្កេតឃើញ​ថា ទោះបីជា​រាជរដ្ឋាភិបាល​បាន​ខិតខំ​បង្កើន​នូវ​ចំនួន​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ក្តី តែ​វា​ពុំបាន​ឆ្លើយតប​ជាមួយ​ការកើនឡើង​នូវ​សកម្មភាព​កាប់​បំផ្លាញ និង​ការឈូសឆាយ​ដី​ព្រៃ​ជាច្រើន​ហិកតា ទាំង​នៅក្នុង​ដែនជម្រក​សត្វព្រៃ ព្រៃឡង់ បឹងពែរ ព្រៃ​ព្រះរការ និង​តំបន់​ដទៃទៀត​ជា​រៀងរាល់​ថ្ងៃ​នោះទេ​»​។ សកម្មភាព​នេះ​បាន​ធ្វើឱ្យ​គម្រប​ព្រៃឈើ​របស់​កម្ពុជា​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ​បាន​បន្ត​ធ្លាក់ចុះ​រហូតដល់ ១៤,២៩% ត្រឹម​ឆ្នាំ​ ២០១៨​។

ទន្ទឹម​នឹងនេះ​និន្នាការ​នៃ​ការទន្ទ្រាន​ដី​យកមក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ដោយ​ខុសច្បាប់​បាន​បន្ត​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​បន្ថែមទៀត​ដល់​តំបន់​ព្រៃឈើ តំបន់​ការពារ​ធម្មជាតិ តំបន់​បឹង​ទន្លេសាប និង​ព្រៃ​សហគមន៍​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​បាន​ផ្ដល់​អនុសាសន៍​ដល់​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គួរ​យកចិត្ត​ទុកដាក់​លើ​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់ខ្លួន​តាម​បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ច្បាប់​ស្តីពី​ព្រៃឈើ​កម្មវិធី​ព្រៃឈើ​ជាតិ និង​គោលនយោបាយ​នានា​សម្រាប់​កិច្ចការងារ​អភិរក្ស និង​ការពារ ធនធាន​ធម្មជាតិ ប្រកបដោយ​ស័ក្ដិសិទ្ធិភាព​។ ក្រសួង​បរិស្ថាន គួរ​ធ្វើ​អធិការកិច្ច​លើ​គុណភាព​នៃ​ការបំពេញ​ការងារ​របស់​មន្ត្រី​ឧទ្យានុរក្ស ព្រមទាំង​បើក​លម្ហ​សិទ្ធិសេរីភាព សម្រាប់​ការចូល​ប្រកបដោយ​បរិយាប័ន្ន​។

ពួកគេ​ក៏បានផ្ដល់​អនុសាសន៍​ចំពោះ​បញ្ហា​ប្លាស្ទិក និង​សំរាម​ផងដែរ​ថា គួរ​បង្កើត​ឱ្យមាន​ចំណាត់​ពន្ធ និង​វិធានការ កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ក្នុង​កម្រិត​អតិបរមា​។ អនុវត្ត​ការផាកពិន័យ​លើ​ការ​បោះចោល​សំរាម ពាសវាល​ពាសកាល ការបោះ​សំរាម​ចូល​ទៅក្នុង​ប្រឡាយ បឹង និង​ទន្លេ ព្រមទាំង​ការគ្រប់គ្រង​កាកសំណល់​ឧស្សាហកម្ម​។

លោក ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​លើកឡើង​ថា ក្រុមយុវជន និង​អង្គការ​សង្គម​ស៊ីវិល ដែល​បានចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​នេះ រំពឹង​ខ្ពស់​ថា តាមរយៈ​អនុសាសន៍​ដែល​បានផ្ដល់​ទៅនេះ រាជរដ្ឋាភិបាល​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ នឹង​យក​ចិត្ដ​ទុកដាក់​ដោះស្រាយ​ពីព្រោះ​បញ្ហា​ទាំងនេះ​ គឺជា​បញ្ហា​រួម​ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ​។

លោក​ថ្លែងថា​៖ «​ការដោះស្រាយ​បញ្ហា​ទាំងអស់​នេះ គឺជា​ការឆ្លុះបញ្ចាំង​អំពី​ការទទួល​ខុសត្រូវ ចំពោះ​មុខងារ​សាធារណៈ និង​ការយក​ចិត្ដ​ទុកដាក់​របស់​អាជ្ញាធរ​។ បើសិនជា ក្នុង​ករណី​មិនមាន​ការយកចិត្ត​ទុកដាក់​ទេ ឆ្នាំក្រោយ​កម្ពុជា​នឹង​មាន​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ដ្រ វា​អាចជា​ផ្នែក​មួយ​ដែរ ដែល​ធ្វើឱ្យ​ពលរដ្ឋ​នឹង​ធ្វើការ​ពិចារណា​អំពី​ស្មារតី​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​ចំពោះ​ការសន្យា និង​ការ​ដោះស្រាយ​បញ្ហា​សាធារណៈ​នេះ​»​។

យ៉ាងណាក្តី លោក​ នេត្រ ភក្ត្រា លើកឡើង​ថា វិធាន​ការដែល​រាជរដ្ឋាភិបាល​ដាក់ចេញ​ ដើម្បី​ការពារ​ឱ្យបាន​នូវ​ធនធាន​ធម្មជាតិ បន្ថែម​ពីលើ​វិធានការ​អនុវត្ត​ច្បាប់ គឺ​ការបង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន​ក្នុង​បំណង​កាត់បន្ថយ​ការពឹង​អាស្រ័យ​ទាំងស្រុង​របស់​ពលរដ្ឋ លើ​ធនធាន​ធម្មជាតិ​ដោយ​អនុវត្ត​គោលការណ៍ «​រក្សា​ឈើ​ឈរ​ ដើម្បី​រក​ចំណូល​» តាមរយៈ​ការលក់​ឥណទាន​កាបូន និង​ទេសចរណ៍​ធម្មជាតិ​ផ្សារភ្ជាប់​ទឹកដី​។

លោក​ថា​៖ «​ជាមួយ​គ្នានេះ​កម្ពុជា​ក៏បាន​និង​ជំរុញ​លើ​ការប្រើប្រាស់​ថាមពល​​កកើត​ឡើងវិញ និង​ធ្វើ​អព្យាក្រឹត​កាបូន​ត្រឹម​ឆ្នាំ​ ២០៥០​។ នេះ​គឺជា​កិច្ចការ​​ជាក់ស្តែង​ដែល​រាជរដ្ឋាភិបាល​បាន​អនុវត្ត​លើ​កិច្ចការ​ការគ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​ការគ្រប់គ្រង​បរិស្ថាន​ប្រកប​ដោយ​ការទទួល​ខុសត្រូវ និង​ចក្ខុវិស័យ​ច្បាស់លាស់ មិនមែន​ត្រឹមតែ​និយាយ​ឱ្យ​ពីរោះ​នោះទេ​»៕

វីដេអូ៖