គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់ គ.ជ.ប បាន​ឱ្យ​ដឹង​ថា ដំណើរការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ ក្នុង​ថ្ងៃទី ១៣ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​មាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់​ល្អ​គ្មាន​អំពើ​ហិង្សា និង​គ្មាន​ការ​គំរាម​កំហែង។

សេចក្តី​ជូន​ដំណឹង​របស់ គ.ជ.ប បាន​ឱ្យ​ដឹង​ថា ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២២ ជា​ថ្ងៃទី ១៣ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ ២០២២ ខណៈ​គណបក្ស​នយោបាយ​ដែល​មាន​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ បាន​ធ្វើ​សកម្មភាព​ឃោសនា​តាម​មណ្ឌល​បោះ​ឆ្នោត​នីមួយៗ ដើម្បី​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ និង​កម្ម​វិធី​នយោបាយ​របស់​គណបក្ស​នយោបាយ​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​ឃុំ-សង្កាត់។

គជប បន្ត​ថា ក្នុង​ថ្ងៃទី ១៣ គណបក្ស​នយោបាយ​បាន​ធ្វើ​សកម្មភាព​ឃោសនា​តាម​លទ្ធភាព និង​មធ្យោបាយ​ផ្សេងៗ​របស់​ខ្លួន តាម​កម្មវិធី​កំណត់។ តាម​ការ​កត់​សម្គាល់​នៅ​ខេត្ត​បាត់ដំបង គណបក្ស​ភ្លើង​ទៀន បាន​ធ្វើ​សកម្មភាព​ចំនួន ៦០ ឃុំ-សង្កាត់ ក្នុង​នោះ​មាន​ការ​ហែ​ក្បួន​ចំនួន ៣ ឃុំ-សង្កាត់។ គណបក្ស​ហ៊្វុនស៊ិនប៉ិច ធ្វើ​សកម្មភាព​ចំនួន ១២ ឃុំ-សង្កាត់ ក្នុង​នោះ​មាន​ការ​ហែ​ក្បួន​ចំនួន ២ ឃុំ-សង្កាត់។

គណបក្ស​ខ្មែរ​រួបរួម​ជាតិ ធ្វើ​សកម្មភាព​ចំនួន ១១ ឃុំ-សង្កាត់ ក្នុង​នោះ​មាន​ការ​ហែក្បួន ១ ឃុំ។ គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​សកម្មភាព​ចំនួន ១០៣ ឃុំ-សង្កាត់ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ធ្វើ​សកម្មភាព​ចំនួន ២១ ឃុំ-សង្កាត់។ ចំណែក​គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​តែ​មួយ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កែ​ទម្រង់​កម្ពុជា និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ធ្វើ​សកម្មភាព​ចំនួន ១ ឃុំ។

ដោយ​ឡែក​នៅ​ខេត្តប៉ៃលិន មាន​គណបក្ស​នយោបាយ​ចំនួន ២ បាន​ធ្វើ​សកម្មភាព​ឃោសនា ក្នុង​នោះ​គណបក្ស​ភ្លើង​ទៀន បាន​ហែ​ក្បួន​ចំនួន ៨ ឃុំ-សង្កាត់ និង​គណបក្ស​ប្រជាជនកម្ពុជា​បាន​ធ្វើ​ការ​ជួបប្រជុំ ចែក​ខិត្ត​ប័ណ្ណ និង​ចាក់​មេក្រូ​ផ្សព្វផ្សាយ​នៅ​ទីស្នាក់ការ​គណបក្ស និង​ចល័ត​តាម​ភូមិ​ក្នុង​ឃុំ-សង្កាត់​មួយ​ចំនួន។

គ.ជ.ប គូស​បញ្ជាក់​ថា៖ «ជា​រួម​សភាពការណ៍​ទូទៅ​នៃ​ដំណើរ​ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ក្នុង​ថ្ងៃទី ១៣ នេះ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​មាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់​ល្អ​គ្មាន​អំពើ​ហិង្សា និង​គ្មាន​ការ​គំរាមកំហែង»។

សូម​ជម្រាប​ជូន​ថា ការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ ២០២២ មាន​រយៈពេល ១៤ ថ្ងៃ ចាប់​ពី​ថ្ងៃទី ២១ ខែ​ឧសភា ដល់​ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២២ ហើយ​រាល់​សកម្មភាព​ឃោសនា​ត្រូវ​គោរព​ច្បាប់ បទបញ្ជា និង​នីតិវិធី រួម​ទាំង​សេចក្តី​ណែនាំ​របស់ គ.ជ.ប៕