ភ្នំពេញៈ កម្ពុជា វៀតណាម និង​ឡាវ ប្រកាស​ប្តេជ្ញា​ចាត់​ទុក​បទល្មើស​សត្វ​ព្រៃ​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ និង​ឯកភាព​គ្នា​ចាត់​វិធានការ​អនុវត្ត​ការ​ដាក់​ទោស​ទណ្ឌ​ឱ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ជនល្មើស ខណៈ​ចំនួន​ករណី​បទល្មើស​សត្វ​ព្រៃ​ដែល​បាន​ឈាន​ដល់​តុលាការ​នៅ​ប្រទេស​ទាំង ៣ នេះ​មាន​កម្រិតទាប។

នា​ថ្ងៃទី ២-៣ ខែ​មិថុនា តំណាង​អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភព​លោក​ប្រចាំ​កម្ពុជា (WWF-កម្ពុជា) បាន​ចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​តំបន់​ស្តីពី​យុត្តិធម៌​សម្រាប់​ឧក្រិដ្ឋកម្ម​សត្វព្រៃ (Justice for Wildlife Crime) ដែល​ធ្វើ​ឡើង​នៅ​តុលាការ​កំពូល​កម្ពុជា និង​តាម​ប្រព័ន្ធ​វីដេអូ។

ក្នុង​សន្និសីទ​រយៈពេល ២ ថ្ងៃ​នេះ ចៅក្រម និង​ព្រះរាជ​អាជ្ញា​ពី​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម បាន​មក​ចូលរួម​ពិភាក្សា​អំពី​បទល្មើស​សត្វ​ព្រៃ ដោយសារ​ចំនួន​ករណី​បទល្មើស​សត្វ​ព្រៃ​ដែល​បាន​ឈាន​ដល់​តុលាការ​មាន​កម្រិត​ទាប។

WWF-កម្ពុជា បាន​ឱ្យ​ដឹង​តាមរយៈ​ហ្វេសប៊ុក​ថា៖ «ក្រោយ​ពី​បញ្ចប់​សន្និសីទ​នេះ ប្រទេស​ទាំង ៣ នឹង​ចេញ​ផ្សាញ​សេចក្តី​ថ្លែង​សារព័ត៌មាន​រួម ប្តេជ្ញា​ចាត់​ទុក​បទល្មើស​សត្វ​ព្រៃ​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ និង​ឯកភាព​គ្នា​ក្នុង​ការ​ចាត់​វិធានការ​ថ្នាក់​ជាតិ ដើម្បី​អនុវត្ត​ទោសទណ្ឌ​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​ជនល្មើស​ច្បាប់​ទាក់ទង​នឹង​សត្វ​ព្រៃ និង​កែ​លម្អ​កិច្ច​សហប្រតិបត្តិការ​ឆ្លង​ដែន»។

WWF-កម្ពុជា បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​តាម​បណ្តា​ប្រទេស​មួយ​ចំនួ​ននៅ​ក្នុង​តំបន់​អាស៊ី តម្រូវ​ការ​សាច់​សត្វ​ព្រៃ និង​ផលិតផល​ពី​សត្វ​ព្រៃ​ជាមួយ​គ្នា​នឹង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់ គឺ​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​ការ​ដាក់​អន្ទាក់​ចាប់​សត្វ​ព្រៃ​កើន​ឡើង។

បើ​តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ ២០២១ ក្រសួង​បរិស្ថាន និង​អង្គការ​ដៃ​គូរ​បាន​ដក​អន្ទាក់​សរុប​ចំនួន ជាង ៦ ម៉ឺន​អន្ទាក់ ចេញ​ពី​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៧២ និង​ច្រក​របៀង​ជីវចម្រុះ​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា។

WWF-កម្ពុជា បន្ត​ថា៖ «ដើម្បី​ជួយ​សង្គ្រោះ​សត្វ​ព្រៃ យើង​ត្រូវ​និយាយ​ថា​ទេ ចំពោះ​សាច់​សត្វ​ព្រៃ និង​ផលិតផល​ពី​សត្វ​ព្រៃ​គ្រប់​ប្រភេទ ហើយ​ចាប់​ផ្តើម​ស្តារ​ធនធាន​ធម្មជាតិ​របស់​យើង​ឡើង​វិញ»៕