ភ្នំពេញៈ សហរដ្ឋអាមេរិក​ប្រកាស​ប្តេជ្ញាចិត្ត​ក្នុង​ការពិភាក្សា​គ្នា​ដោយ​បើកចំហ​ជាមួយ​យុវជន​កម្ពុជា និង​ពង្រីក​ទំនាក់​ទំនង​យូរអង្វែង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រជាជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ស្រប​ពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០២២ នេះ​។

ស្ថានទូត​សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​តាមរយៈ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ៣ ខែមិថុនា ថា លេខា​ទី​ ១ នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​ជា​អ្នកសម្រប​សម្រួល​កិច្ចការ​អាស៊ាន លោកស្រី Bic Leu បាន​និយាយ​បែបនេះ​ទៅកាន់​និស្សិត​ចំនួន​ជិត​ ៤០ នាក់ ដែល​មកពី​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មជ្ឈមណ្ឌល AmCam របស់​ស្ថានទូត​អាមេរិក​កាលពី​ថ្ងៃទី ២៤ ខែ​ឧសភា​។

ប្រធានបទ​នៃ​កិច្ចពិភាក្សា​នេះ​គឺ​ស្តីអំពី​ភាពជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋ​អាមេរិក និង​សមាគម​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​សហរដ្ឋអាមេរិក និង​សមាគម​អាស៊ាន​កាលពី​ខែឧសភា​នៅ​ទីក្រុង​វ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក ដែល​រៀបចំ​ដោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden​។

ស្ថានទូត​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា និស្សិត​ដែល​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ​បាន​សួរ​សំណួរ «​ល្អ​ណាស់​» ទៅកាន់​លោកស្រី Bic Leu ស្តីពី​អនាគត​នៃ​ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក និង​សមាគម​អាស៊ាន​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖ «​សហរដ្ឋអាមេរិក​មាន​ការប្តេជ្ញាចិត្ត ចំពោះ​ការពិភាក្សា​គ្នា ដោយ​បើកចំហ​ជាមួយ​យុវជន​កម្ពុជា​។ ក្នុងពេល​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ ២០២២ នេះ យើង​សូម​អបអរ​ទំនាក់​ទំនង​យូរអង្វែង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រជាជន​នៅ​តំបន់​អាស៊ី អាគ្នេយ៍​»៕