​ភ្នំពេញៈ តំណាង​កម្ពុជា​ប្រចាំ​ប្រទេស​ស្វ៊ី​ស​ ច្រានចោល​ការលើកឡើង​រប​ស់​មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​សហ​ប្រជា​តិ (​អ​.​ស​.​ប​) ដែលថា បេក្ខជន​មួយចំនួន​របស់​គណបក្ស​ប្រឆាំង​បានទទួល​រង​ការ​រឹតត្បិត និង​បំភិតបំភ័យ នៅមុន​ការបោះឆ្នោត​ឃុំ-សង្កាត់ ឆ្នាំ ​២០២២​។​

​កាលពី​ថ្ងៃទី ​២ ខែមិថុនា អ្នកនាំពាក្យ​នៃ​ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់ អ​.​ស​.​ប លោកស្រី Liz Throssell បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ថា បេក្ខជន​គណបក្សប្រឆាំង​បាន​ទទួលរង​ការគំរាមកំហែង ការបំភិតបំភ័យ និង​ការរារាំង នៅមុន​ការបោះឆ្នោត​ឃុំ-សង្កាត់​នៅ​កម្ពុជា​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ដោយមាន​ការដាក់​ពន្ធនាគា​រលើ​បេក្ខជន​មួយចំនួន ដែល​ហាក់ដូចជា​ត្រូវបាន​រៀបចំឡើង​ដើម្បី​ទប់ស្កាត់​យុទ្ធនាការ​នយោបាយ​។​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស នា​ថ្ងៃទី​៣ ខែឧសភា បានចេញ​សេចក្តីថ្លែងការណ៍ ដោយបាន​ចាត់ទុក​ការអត្ថាធិប្បាយ​របស់លោក​ស្រី Throssell ថា ជា​រឿង​មិន​ត្រឹមត្រូវ ជាការ​ធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម និង​ជ្រើសរើស​តែមួយ​ជ្រុង​។​

​សេ​ក្តី​ថ្លែងការណ៍​បញ្ជាក់ថា​៖ «​ការអះអាង​របស់​អ្នកនាំពាក្យ​ដែលថា បេក្ខជន​មួយចំនួន​ត្រូវ​ទទួលរង​ការ​រឹតត្បិត និង​បំភិតបំភ័យ គឺជា​ការមិន​សម​ហេតុផល​ទាល់តែសោះ​។ ពាក្យបណ្ដឹង​តវ៉ា​ពី​បេក្ខជន​ចូលរួម​ការប្រកួតប្រជែង​ការបោះឆ្នោត ជា​សក្ខីភាព​បង្ហាញឱ្យឃើញ​ពី​ការអនុវត្ត​ប្រកបដោយ​ភាពចាស់ទុំ និង​ស្របច្បាប់ នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគាត់​»​។​

​សេ​ក្តី​ថ្លែងការណ៍​នេះ​បន្តថា ពាក្យបណ្ដឹង​ទាំងនោះ​ពុំគួរ​ត្រូវបាន​ចាត់ទុក ជាការ​សងសឹក និង​ជាការ​រារាំង ប្រឆាំង​ក្រុម​ណាមួយ​នោះទេ​។ សិទ្ធិ​ចូលរួម​ក្នុង​កិច្ចការ​សាធារណៈ​ពុំមាន​ន័យ​ស្មើនឹង​សិទ្ធិ​ក្លែងបន្លំ​ឯកសារ បរិហារ​កេ​រិ៍ត និង​ជេរប្រមាថ និង​ញុះញង់​ឱ្យមាន​ការរើសអើង អំពើហិង្សា និង​ការ​ស្អប់ខ្ពើម​គ្នា នោះឡើយ​៕