ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) អះអាងថា ថ្ងៃទី ​៣ ខែមិថុនា ដែលជា​ថ្ងៃទី​ ១៤ និង​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឃុំ-សង្កាត់ របស់​គណបក្សនយោបាយ បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​មាន​សន្តិសុខ សុវត្ថិភាព និង​គ្មាន​ការគំរាមកំហែង​។​

​គជប បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី ​៣ ខែមិថុនាថា​៖ «​ចំពោះ​សភាពការណ៍​ទូទៅ​នៃ​ដំណើរការ​ឃោសនាបោះឆ្នោត​របស់​គណបក្សនយោបាយ ក្នុង​ថ្ងៃ​ចុងក្រោយ​នេះ គឺ​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ គ្មាន​អំពើហិង្សា និង​គ្មាន​ការគំរាមកំហែង​»​។​

​គជប បញ្ជាក់ថា ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនា​ការឃោសនា​នេះ គណបក្សនយោបាយ បានធ្វើ​សកម្មភាព​ឃោសនា​អំពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់ខ្លួន​តាម​កម្មវិធី​ដែល​គណបក្សនយោបាយ​នីមួយៗ​បាន​ដាក់ជូន​គណៈកម្មកា​រ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត និង​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការបោះឆ្នោត​។​

​គជប បញ្ជាក់ថា​៖ «​គណបក្សនយោបាយ​បានធ្វើ​សកម្មភាព​ឃោសនា​យ៉ាង​ផុលផុស នៅ​ទូទាំងប្រទេស​ជាពិសេស​មាន​សកម្មភាព​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​គួរឱ្យកត់សម្គាល់​»​។​

​គជប បន្តថា នៅ​រាជធានី​ភ្នំពេញ មាន​ការហែក្បួន​របស់​គណបក្សនយោបាយ​ចំនួន ៣ ដែលមាន​អ្នកចូលរួម​ជាង ៥​ម៉ឺន​នាក់​។

​នៅ​ខេត្តសៀមរាប​មាន​ការហែក្បួន​របស់​គ​ណ​បក្សនយោបាយ​ចំនួន ៣ ដែលមាន​អ្នកចូលរួម​ជាង ៧ ​ម៉ឺន​នាក់​។

​នៅ​ខេត្តស្វាយរៀង មាន​ការហែក្បួន​របស់​គណបក្សនយោបាយ​ចំនួន ​៤ ដែលមាន​អ្នកចូលរួម​ជាង ​៣ ​ម៉ឺន​នាក់​៕​

វីដេអូ៖