ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​បើក​យុទ្ធនាការ «១ ​ម៉ឺន​រៀល ១​ ម៉ឺន​នាក់​» សម្រាប់​គន្ធបុប្ផា មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បានទទួល​ថវិកា​បរិច្ចាគ​ចំនួន​ជិត​ ១០​ ម៉ឺន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំងអស់​បន្ត​ចូលរួម​យុទ្ធនាការ​នេះ​រហូតដល់​ថ្ងៃទី ​៣០ ខែមិថុនា​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី ​៣ ខែមិថុនា​ថា​៖ «​មូលនិធិ​គន្ធបុប្ផា​កម្ពុជា សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​តែងតែ​បរិច្ចាគ​ចូលរួម​បន្ត​និរន្តរភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ ៥​ ទីតាំងនៅ​ទូទាំងប្រទេស​»​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​បើក​យុទ្ធនាការ​នេះ​រយៈពេល​ ១ ​ខែ ដោយ​ចាប់ផ្តើម​ក្នុង​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ដើម្បី​បំផុសស្មារតី​ខ្មែរ​ជួយ​ខ្មែរ​ចូលរួម​បរិច្ចាគ​ថវិកា​ឱ្យបាន ១ ម៉ឺន​នាក់ ក្នុង​ម្នាក់ ១ ម៉ឺន​រៀល​ដើម្បី​ជួយ​ដល់​កិច្ចដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​បន្តទៀត​៕​