ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) អះអាងថា ក្នុង​រយៈពេល​ ១៤ ​ថ្ងៃ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឃុំ​-​សង្កាត់ ឆ្នាំ​ ២០២២ មាន​បញ្ហា​បន្តិចបន្តួច​ដែល​បាន​កើតឡើង តែ​ពុំមាន​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ​ណាមួយ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​ឃោសនាបោះឆ្នោត​នោះទេ​។

​លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ នា​ថ្ងៃទី​៣ ខែឧសភា ថា​៖ «​រយៈពេល ១៤​ថ្ងៃ នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ពុំមាន​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ​ណាមួយ​បានកើត​ឡើង ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​ឃោសនាបោះឆ្នោត ឬ​កើតមាន​អំពើហិង្សា​ឡើយ​។ មាន​បញ្ហា​បន្តិចបន្តួច​»​។​

​លោក​អះអាងថា បញ្ហា​បន្តិចបន្តួច​ទាំងនោះ​មានដូចជា ការប្រើប្រាស់​ពាក្យពេចន៍​ដៀមដាម ប្រមាថ រើសអើង ការចាក់​មេក្រូ​នៅ​ម៉ោង​ហាមឃាត់ ការ​ហែក​ស្លាក​គណបក្ស សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ យក​ម៉ោង​ប្រចាំការ​ទៅ​ហែ​ក្បួន​ឃោសនា​ឱ្យ​គណបក្សនយោបាយ​។

​លោក ឌឹ​ម សុ​វណ្ណា​រុំ បន្តថា ការហែក្បួន​ធំៗ​ត្រូវបានធ្វើ​នៅតាម​ខេត្ត រាជធានី នៅ​ថ្ងៃទី​១ នៃ​ការឃោសនា គឺ​ថ្ងៃទី​២១ ខែឧសភា និង​ថ្ងៃ​ចុងក្រោយ គឺ​ថ្ងៃទី​៣ ខែមិថុនា​។​

​លោក​អំពាវនាវ​ដល់គ​ណ​បក្សនយោបាយ​ទាំងអស់ «​ត្រូវតែ​»​បញ្ឈប់​សកម្មភាព​ឃោសនា​ក្នុង​រយៈពេល​២៤​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត ហើយ​លោក​ព្រមាន​ថា «​ជន​ណា​» ឬ​គណបក្សនយោបាយ​ណា​ដែល​បំពាន​ការហាមឃាត់​នេះ​នឹងត្រូវ​ទទួលពិន័យ​តាមច្បាប់​។​

​ការឃោសនាបោះឆ្នោត​ឃុំ សង្កាត់​មាន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ដល់​ថ្ងៃទី​៣ ខែមិថុនា ខណៈ​ថ្ងៃ​បោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែមិថុនា​៕