
ភ្នំពេញៈ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំបើកវគ្គបណ្តុះបណ្តាលអំពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន ដោយមិនគិតថ្លៃ ដែលនឹងធ្វើឡើងរៀងរាល់ព្រឹកថ្ងៃសៅរ៍ មានរយៈពេល ៧សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ តទៅ។
សេចក្តីប្រកាសព័ត៌មានរបស់ ក.អ.ក ចុះថ្ងៃទី ២ ខែមិថុនា បានឱ្យដឹងថា វិស័យសារព័ត៌មាននៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យចំនួនអ្នកប្រកបអាជីពជាអ្នកសារព័ត៌មានក៏កាន់តែមានចំនួនច្រើនឡើងៗ។ ទន្ទឹមនឹងនេះ ក៏មានយុវវ័យមួយចំនួនបានបង្ហាញបំណងចង់ក្លាយជាអ្នកសារព័ត៌មានអាជីព។ ក្លិបអ្នកកាសែតកម្ពុជាក៏ទទួលបានសំណូមពរពីសហការីជាច្រើនឱ្យក្លិបបន្តបើកវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានបន្ថែមទៀត។
ដើម្បីឆ្លើយតបនឹងសំណូមពរក៏ដូចជាសេចក្តីត្រូវការនៃវិស័យសារព័ត៌មានក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលអំពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មានក្នុងពេលឆាប់ៗនេះ។ ក.អ.ក បញ្ជាក់ថា៖ «វគ្គបណ្តុះ បណ្តាលនេះនឹងផ្តល់ឱកាសឱ្យអ្នកសារព័ត៌មាន ដែលចង់បង្កើនសមត្ថភាពលើការសរសេរព័ត៌មានឱ្យកាន់តែច្បាស់លាស់ រួមទាំងអ្នកដែលធ្វើការក្នុងវិស័យនេះយូរហើយតែមិនទាន់បានឆ្លងកាត់វគ្គសិក្សា ផ្នែកសរសេរ និងរាយការណ៍ព័ត៌មាន»។
ក្លិបអ្នកកាសែតកម្ពុជា បញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាល ដោយឥតគិតថ្លៃនេះនឹងធ្វើឡើងមានគ្រូបណ្តុះបណ្តាលសុទ្ធសឹងជាអ្នកដែលមានកេរ្តិ៍ឈ្មោះ និងបទពិសោធចាស់វស្សាក្នុងវិស័យសារព័ត៌មានដូចជា៖ លោកប៉ែន បូណា និពន្ធនាយកទូរទស្សន៍ PNN លោក ពុយ គា ប្រធានទីភ្នាក់ងារសារព័ត៌មាន Kyodo ប្រចាំកម្ពុជា លោក ទាវ សារៈមុនី និពន្ធនាយកកាសែតរស្មីកម្ពុជា លោក លាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ផាក់ ស៊ាងលី ប្រធានក្រុមអ្នកយកព័ត៌មានកាសែត ភ្នំពេញ ប៉ុស្តិ៍ លោក ថៃ សុធា សហស្ថាបនិក Cambonomist កញ្ញា ពៅរក្សា អនុប្រធានព័ត៌មានស្ថានីយទូរទស្សន៍ BTV និង លោក អ៊ឹង ចំរើន នាយកប្រតិបត្តិសារព័ត៌មានអេឡិចត្រូនិក ThmeyThmey៕