ភ្នំពេញៈ កម្ពុជា និង​អា​ស៊ែ​បៃ​ហ្ស​ង់ (Azerbaijan) ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត ដែលជា​ការបើកផ្លូវ​ដ​ល់​ការលើកស្ទួយ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​ការទូត​បន្ថែមទៀត​រវាង​ប្រទេស​ទាំង​ ២​។

​កាលពី​ថ្ងៃទី​ ១ ខែមិថុនា លោក ចែម វី​ឌ្យ៉ា រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​កម្ពុជា និង​អា​ស៊ែ​បៃ​ហ្ស​ង់​លើក​ទី ៣ នៅ​ទីក្រុង​បា​គូ (Baku) ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​។

​លោក​ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​សម​ភាគី​អា​ស៊ែ​បៃ​ហ្ស​ង់ គឺ​លោក Elnur Israfil oglu Mammadov អនុរដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​បញ្ជាក់​តាមរយៈ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​៣ ខែមិថុនា ថា កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​ទាំង​៣​លើក​នេះ គឺជា​ផ្លែផ្កា​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​បា​គូ កាលពី​ឆ្នាំ​ ២០១៤​។​

​ភាគី​ទាំង​ពីរបាន​ពិនិត្យឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ពេលបច្ចុប្បន្ន និង​ចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់ និង​អន្តរជាតិ ក៏ដូចជា​រៀបចំ​ជា​ត្រីវិស័យ​សម្រាប់​កិច្ចសហប្រតិបត្តិការ ក្នុងពេល​អនាគត ដើម្បី​ជំរុញ​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ និង​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រទេស​ទាំង​២​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​បញ្ជាក់ថា​៖ «​ក្នុងឱកាស​នៃ​កិច្ច​ពិគ្រោះ​យោបល់​នេះ​ផងដែរ ក៏មាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការលើកលែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត ដែលជា​ការបើកផ្លូវ​ដ​ល់​ការលើកស្ទួយ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​វិស័យ​ការទូត​បន្ថែមទៀត​»​។​

​នៅ​ថ្ងៃ​ដដែល លោក ចែម វី​ឌ្យ៉ា ក៏បាន​ជួប​ជាមួយ​លោក ហ៊ី​ក​ម៉ា​ត ហា​ជី​យ៉ែ​វ (Hikmat Farhad oglu Hajiyev) ទីប្រឹក្សា​ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ និង​បាន​ពិភាក្សា​អំពី​ចំណុច​ជា​ប្រយោជន៍​រួម​នានា ដែល​អាច​ជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​២​កើនឡើង​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។ ភាគី​ទាំង​២​បាន​ប្តេជ្ញាចិត្ត​ពង្រីក​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា និង​អា​ស៊ែ​បៃ​ហ្ស​ង់​ថែមទៀត​៕​