
រូបភាព Hun Many
ភ្នំពេញៈ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. សមាជិក សមាជិកា ស.ស.យ.ក. ចំនួន ៣៨ ៨៣៣ នាក់នឹងចូលរួមសង្កេតការណ៍បោះឆ្នោត ដែលតួលេខនេះ អាចនិយាយថា ស.ស.យ.ក. ជាអង្គការក្រៅរដ្ឋាភិបាលដែលបានចុះឈ្មោះអ្នកសង្កេតការណ៍មានចំនួនលើសលប់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក ហ៊ុន ម៉ានី បានសរសេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី ៤ ខែមិថុនាថា ជំនួសមុខឱ្យគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមលោកផ្ទាល់ សូមកោតសរសើរ និងថ្លែងអំណរគុណ ដល់សមាជិក សមាជិកា ស.ស.យ.ក. ដែលបានចុះឈ្មោះជាអ្នកសង្កេតការណ៍ ហើយនឹងចូលរួមសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោតពីម៉ោង ៧ ព្រឹក ទៅដល់ម៉ោង ៣ ល្ងាច នៅថ្ងៃទី ៥ ខាងមុខនេះ ទាំងអស់គ្នា ដែលបានស្ម័គ្រចិត្តចូលរួម ដើម្បីជាសាក្សី និងចូលរួមជំរុញឱ្យគ្រប់ដំណាក់កាលនៃដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោកបញ្ជាក់ថា សមាជិក សមាជិកា ស.ស.យ.ក. បានចុះឈ្មោះរួចរាល់ ហើយនឹងមានការទទួលស្គាល់ពី គ.ជ.ប. សរុបចំនួន ៣៨ ៨៣៣ នាក់ ដែលតួលេខនេះអាចនិយាយថា ស.ស.យ.ក. ជាអង្គការក្រៅរដ្ឋាភិបាលដែលបានចុះឈ្មោះអ្នកសង្កេតការណ៍ក៏ដូចជាអ្នកបម្រុងដែលមានចំនួនលើសលប់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តសមាជិក សមាជិកា អ្នកសង្កេតការណ៍ ស.ស.យ.ក ទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តការងារឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមតួនាទី និងអ្វីដែលជាគោលការណ៍ណែនាំរបស់មន្ត្រី គ.ជ.ប. ក្នុងការិយាល័យនីមួយៗប្រកបដោយការយកចិត្តទុកដាក់បំផុត»។
ជាមួយគ្នានេះ លោកប្រធាន ស.ស.យ.ក. បានជូនពរឱ្យក្រុមការងារសម្រេចបេសកកម្មដ៏ប្រពៃ និងមានអត្ថន័យនេះ ដោយរលូន និងជោគជ័យ ស្របតាមអ្វីដែលជាផែនការ និងគោលដៅ។ លើសពីនេះទៀតសោត សូមថែរក្សាសុខភាព និងរក្សាបាននូវសុវត្ថិភាពទាំងមុន និងអំឡុងបំពេញការងារ៕