ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ក្រុម​អ្នក​សង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ ថា​ប្រទេស​កម្ពុជា​ដែល​ធ្លាប់តែ​ល្បីល្បាញ​អំពី​ការធ្វើ​សង្គ្រាម និង​ប្រល័យ​ពូជសាសន៍​បាន​ប្រែក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​។

លោក​ថ្លែង​ដូច្នេះ​នា​ថ្ងៃទី​ ៤ ខែមិថុនា ក្នុង​ជំនួប​ជាមួយ​អ្នកសង្កេតការណ៍​អន្តរជាតិ​ដែល​មក​សង្កេតការណ៍​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ ៥ ខែមិថុនា​។

ហ្វេសប៊ុក​លោកនាយ​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ក្រោយ​ជំនួប​នេះ​ថា​៖ «​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ប្រតិភូ​សង្កេតការណ៍​ទាំងអស់ ដែល​បាន​មក​ធ្វើការ​សង្កេតការណ៍​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​នាពេលនេះ ដោយ​សង្កេត​មើល​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​មួយ ដែល​ធ្លាប់តែ​ល្បីល្បាញ​អំពី​ការធ្វើ​សង្គ្រាម ការកាប់សម្លាប់​ប្រល័យ​ពូជសាសន៍ ប្រែក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​»​។

ហ្វេសប៊ុក​លោកនាយ​រដ្ឋមន្ត្រី​បន្ត​ថា ក្នុងជំនួប​នេះ​ប្រតិភូ​នៃ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (Centrist Democrat International) ដែល​ដឹកនាំ​ដោយ​លោក Andres Pastrana និង​ប្រតិភូ​ទាំង​ ១១ ​ក្រុម​ផ្សេងទៀត រួមទាំង​ប្រតិភូ​ខ្មែរ​សញ្ជាតិ​បរទេស​មកពី​ប្រទេស​អូស្ត្រាលី និង​កូរ៉េខាងត្បូង​បាន​ជូនពរ​ឱ្យ​ការបោះឆ្នោត​នេះ​ដំណើរការ​បាន​ល្អ មាន​សុវត្ថិភាព និង​គ្មាន​អំពើហិង្សា​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រំឭកថា កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម និង​របប​ប្រល័យ​ពូជសាសន៍ ដោយ​សម្លាប់​ប្រជាជន​កម្ពុជា​អស់​ជាង​ ៣ ​លាន​នាក់​។ ពេលដែល​លោក​ចូលមក​ភ្នំពេញ​ដំបូង លោក​បាន​ជួប​ប្រជាជន​តែ​៧០​នាក់​ប៉ុណ្ណោះ​។ រាជធានី​ភ្នំពេញ​ពេលនោះ​គឺជា​វាលរហោឋាន មិន​ដូច​ភ្នំពេញ​នាពេលនេះ​ទេ ដែល​មាន​ការកកស្ទះ​ចរាចរណ៍​ផង និង​អគារ​ខ្ពស់​ផង​។

លោក​ថ្លែងថា អង្គការ​សហប្រជាជាតិ​ធ្លាប់បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​មក​កម្ពុជា តែ​ពេលនេះ កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ​ទៅ​ប្រតិបត្តិការ​នៅ​ប្រទេស​ដទៃ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ថា ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​បាន​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​ ២០០២ ដែល​នេះ​ជាការ​បោះឆ្នោត​សកល ហើយ​ការបោះឆ្នោត​នេះ គឺជា​ការផ្ទេរអំណាច​ទៅ​ថ្នាក់ក្រោម​ជាតិ​ ដើម្បី​បោះឆ្នោត​អសកល​ជ្រើសរើស​ក្រុមប្រឹក្សា ស្រុក ខេត្ត និង​ព្រឹទ្ធសភា​។ ដំណើរការ​ឃោសនា​បោះឆ្នោត​ ១៤ ថ្ងៃ​កន្លង​មកនេះ​មាន​ភាពរលូន​ល្អ ដោយ​គ្មាន​អំពើហិង្សា​ទាំង​ពាក្យសម្ដី និង​កាយវិការ​៕