
រូបភាព CRN News
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥ ០០០ ដុល្លារ ដល់ លោក ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol ព្រមទាំងស្នើឱ្យបញ្ចប់ការឆ្លងឆ្លើយគ្នាពាក់ព័ន្ធការប្រឡងច្រៀងនៅលើបណ្តាញសង្គមផ្សេងៗ។
កាកបាទក្រហមកម្ពុជាបានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ៤ ខែមិថុនានេះបានឱ្យដឹងថា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥ ០០០ ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol ព្រមទាំងស្នើឱ្យបញ្ចប់ការឆ្លងឆ្លើយគ្នាពាក់ព័ន្ធការប្រឡងច្រៀងនៅលើបណ្តាញសង្គមផ្សេងៗផងដែរ។
កាកបាទក្រហមកម្ពុជាបានឱ្យដឹងផងដែរថា ក្រៅពីការឧបត្ថម្ភថវិកា ៥ ០០០ ដុល្លារ លោក ហ៊ុន សែន និងភរិយាក៏បានឧបត្ថម្ភថវិកា ២ លានរៀលជូនជីដូនរបស់យុវជន ទុំ រដ្ឋា ដែលបានចិញ្ចឹមបីបាច់យុវជនកំព្រាឪពុកម្តាយរូបនេះផងដែរ។ កាកបាទក្រហមកម្ពុជាបញ្ជាក់ថា៖ «ចំពោះថវិកាឧបត្ថម្ភបានប្រគល់ជូនលោក ទុំ រដ្ឋា និងជីដូន រួចហើយ កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញ តាមរយៈ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន»។
លោក ទុំ រដ្ឋា បានសម្តែងក្តីរំភើបដល់ស្រក់ទឹកភ្នែកក្រោយពេលទទួលបានការយកចិត្តទុកដាក់ ជាពិសេសការលើកទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ដែលធ្វើឱ្យខ្លួនគេមានក្តីសង្ឃឹមក្នុងជីវិត និងបន្តខិតខំតស៊ូ ជម្នះរាល់ការលំបាក ដើម្បីសម្រេចបានក្តីស្រមៃ និងជោគជ័យក្នុងជីវិត៕