ភ្នំពេញៈ អង្គការ​សម្ព័ន្ធ​សន្តិភាព​សកល (UPF) ស្នើសុំ​ទស្សនៈ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សម្ព័ន្ធ​សន្តិភាព​សកល​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុង​ការ​ស្វែងរក​សន្តិភាព​សម្រាប់​ពិភពលោក​។ នេះ​បើ​តាម​ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

ការស្នើសុំ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​នា​ថ្ងៃទី​ ៤ ខែមិថុនា រវាង​លោក ហ៊ុន សែន និង​លោក យុន យ៉ុង ហូ (Yun Young Ho) អគ្គនាយក​អង្គការ UPF ក្នុងឱកាស​ដែល​លោក​មក​ប្រទេស​កម្ពុជា​នាពេលនេះ​ ដើម្បី​ចូលរួម​សង្កេត​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​។

បើតាម​ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី លោក Yun Young Ho លើកឡើងថា តាមរយៈ​ប្រវត្តិរូប​របស់​លោក ហ៊ុន សែន ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុងពេល​នៃ​ការទទួល​ពានរង្វាន់​ស៊ុនហាក់ ក្នុង​ប្រទេស​កូរ៉េ កាលពី​ពេល​កន្លងទៅ​បាន​ធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍ និង​ស្ញប់ស្ញែង​យ៉ាងខ្លាំង​នៅ​ទូទាំង​ពិភពលោក​។

ហ្វេសប៊ុក​ដដែល​បាន​ដកស្រង់​សម្ដី លោក Yun Young Ho ថា លោក ហ៊ុន សែន​ បាន​ឆ្លងកាត់ និង​ជម្នះ​នូវ​រាល់​បញ្ហា​យ៉ាងច្រើន​ ដើម្បី​រំដោះ​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍ បញ្ចប់​សង្គ្រាម​ផ្ទៃក្នុង និង​នាំមក​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ពិសេស ជម្នះ​បាន​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ​ ១៩ និង​ដំណើរការ​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖ «​ឯកឧត្តម [​លោក Yun Young Ho] បាន​សុំ​នូវ​ទស្សនៈ​របស់​សម្តេច​តេជោ​ធ្វើ​យ៉ាងណា​ឱ្យ​សម្ព័ន្ធ​សន្តិភាព​សកល ដើរតួនាទី​កាន់តែ​សំខាន់​ក្នុង​ការ​ស្វែងរក​សន្តិភាព​សម្រាប់​ពិភពលោក​»​។

លោក ហ៊ុន សែន បាន​អរគុណ​ដល់​លោក Yun Young Ho ដែល​បានមក​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​នៅ​កម្ពុជា ដែលជា​កត្តា​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

លោក​ស្នើឱ្យ​មាន​ការជួបជុំគ្នារ​វាង​ឥស្សរជន​ជាន់ខ្ពស់ និង​អ្នកវាយតម្លៃ​ធ្វើការ​សម្របសម្រួល ធ្វើការ​ជាមួយ​អង្គការ​ផ្សេងៗ​លើ​បញ្ហា​សន្តិភាព មិន​សម្រាប់តែ​អាស៊ី​ប៉ាស៊ីហ្វីក​ទេ ប៉ុន្តែ​សម្រាប់​ពិភពលោក​ទាំងមូល ជាពិសេស​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន​៕