កណ្ដាលៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក​ស្រី ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ​អាណ​តិ្ត​ទី៥ នា​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា​នេះ​ នៅ​សា​លា​គរុកោ​សល្យ និង​វិក្រឹតការ ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល និង​មាន​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​រូប​ផង​ដែរ​។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​នៅ​ព្រឹកថ្ងៃ​អាទិត្យទី៥ ខែមិថុនា ឆ្នាំ​២០២២ នេះ​ បាន​ឱ្យដឹង​ថា​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ស្រី ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ទៅ​ចូល​រួម​បោះ​ឆ្នោត​នៅ​សា​លា​គរុកោ​សល្យ​និង​វិក្រឹតការ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល។​

លោក ​ហ៊ុន សែន បាន​សរ​សេរថា ៖ «ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី៥ ត្រូវ​ចាប់​ផ្តើម​នៅ​ព្រឹក​នេះ ចាប់​ផ្តើម​ពី​ម៉ោង៧​ព្រឹក រហូត​ដល់​ម៉ោង៣​រសៀល។ ការ​បោះឆ្នោ​ត​នេះ មាន​គណ​បក្សនយោ​បាយ​ចំនួន​១៧ បាន​ចូលរួម​ប្រកួត​ប្រជែងដោយ​បាន​ដាក់​បេក្ខ​ជន​ក្រុម​ប្រឹក្សាឃុំ/​សង្កាត់​សរុប ​៨៦ ០៩២​នាក់ ស្ត្រី២៧ ៨១៣​នាក់»​។

លោក​បាន​បន្តថា ដោយ​ឡែក​ឃុំ-សង្កាត់ ក្នុង​អាណត្តិ​ទី៥​នេះ​មាន​ចំនួន​១​៦៥២ ហើយ​ចំនួន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​នឹង​ត្រូវ​ជ្រើស​រើស​មក​បម្រើ​ការ​ងារ​ក្នុង​ឃុំ-សង្កាត់​ទាំង​អស់​នេះ​មាន​ចំនួន ​១១ ៦២២រូប។

យោង​តាម​គណៈ​កម្មាធិ​កា​រ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតបាន​ឱ្យដឹង​ថា ដំណើរកា​រ​បោះ​ឆ្នោ​តក្រុ​មប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី៥នេះ មាន​ការិ​យា​ល័យ​បោះ​ឆ្នោត​សរុប​ចំនួន ​២៣ ​៦០២ការិយា​ល័យ។ ប្រជា​ពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​សរុប​ចំនួន​ ៩ ២០៥ ៦៨១នាក់ ​ស្មើ​នឹង ៨៧,​៩៤ ភាគ​រយ នៃ​ប្រ​ជាជន​កម្ពុជា​ទាំង​អស់ ក្នុង​នោះ​មាន​ស្ត្រីចំនួន ៤ ៩០៤ ៨៣២​នាក់។

ដើម្បី​ធានា​បាន​នូវ​តម្លា​ភាព និង​យុត្តិធម៌​នៃ​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​នេះ មាន​អ្នក​សង្កេតការណ៍​ជាតិនិង​អន្តរជាតិ​សរុប​ជាង​៧​ពាន់​នាក់ មកពី៧៦ស្ថា​ប័នបាន​ចុះ​ឈ្មោះ​ចូលរួម​សង្កេត​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​។

មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រាជ​រដ្ឋាភិ​បាល​រួម​នឹង​ប្រជា​ពលរដ្ឋ​បាន​ប្រើ​សិទ្ធិ​របស់ខ្លួន​ក្នុងកា​រ​បោះឆ្នោ​ត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​នា​ព្រឹក​នេះ ​នៅ​ទូទាំង​ប្រទេស​ផង​ដែរ​៕