ភ្នំពេញៈ កម្ពុជា ​និង​អាស៊ែបៃហ្សង់ ​(Azerbaijan) ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​ សម្រាប់​អ្នក​កាន់​លិខិត​ឆ្លង​ដែន​ការទូត ​ដែលជា​ការបើក​ផ្លូវ​ដល់​ការលើកស្ទួយ​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​ការទូត​បន្ថែមទៀត​រវាង​ប្រទេស​ទាំង២។

កាល​ពី​ថ្ងៃទី១ ​ខែមិថុនា ​លោក​ចែម វីឌ្យ៉ា ​រដ្ឋលេខាធិការ ​នៃ​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ បានដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចពិគ្រោះ​យោបល់​ទ្វេភាគី ​រវាង​កម្ពុជា ​និង​អាស៊ែបៃហ្សង់ ​លើក​ទី៣​ នៅ​ទីក្រុង​បាគូ​ (Baku) ​ប្រទេស​អាស៊ែបៃហ្សង់។ លោក​ត្រូវបាន​ទទួល​ស្វាគមន៍ ​ដោយ​សមភាគី ​អាស៊ែបៃហ្សង់ ​គឺ ​លោក ​Elnur Israfil oglu Mammadov ​អនុរដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​អាស៊ែបៃហ្សង់។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​តាមរយៈ​ហ្វេសប៊ុក​នា​ថ្ងៃទី៣ ​ខែមិថុនា ​ថា ​កិច្ចពិគ្រោះ​យោបល់​ទ្វេភាគី​ទាំង​៣លើក​នេះ​ គឺជា​ផ្លែផ្កា ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​នៅ​ទីក្រុង​បាគូ ​កាលពី​ឆ្នាំ២០១៤។

ភាគី​ទាំង ២​ បានពិនិត្យ​ឡើង​វិញ​នូវ​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​ពេល​បច្ចុប្បន្ន ​និង​ចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់​ និង​អន្តរជាតិ ​ក៏ដូចជា​រៀបចំ​ជាត្រី​វិស័យ ​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ ​ក្នុង​ពេល​អនាគត ​ដើម្បី​ជំរុញ​បន្ថែមទៀត​នូវ​កិច្ចសហ​ប្រតិបត្តិការ ​និង​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​នៃ​ប្រទេស​ទាំង២។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់ថា​៖«ក្នុង​ឱកាស​នៃ​កិច្ចពិគ្រោះ​យោបល់​នេះ​ផងដែរ​ ក៏មាន​ការចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការលើកលែង​ទិដ្ឋាការ ​សម្រាប់​អ្នកកាន់​លិខិត​ឆ្លងដែន​ការទូត ​ដែលជា​ការបើក​ផ្លូវ​ដល់​ការលើក​ស្ទួយ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី ​ក្នុង​វិស័យ​ការទូត​បន្ថែម​ទៀត»។

នៅ​ថ្ងៃ​ដដែល ​លោក​ចែម វីឌ្យ៉ា ​ក៏បាន​ជួប​ជាមួយ​លោក​ហ៊ីកម៉ាត​ ហាជីយ៉ែវ ​(Hikmat Farhad oglu Hajiyev) ​ទីប្រឹក្សា​ប្រធានាធិបតី​អាស៊ែបៃហ្សង់ ​និង​បានពិភាក្សា​អំពី​ចំណុច​ជាប្រយោជន៍​រួម​នានា ​ដែល​អាចជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង២​កើនឡើង​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ​និង​ពហុភាគី។ ​ភាគី​ទាំង២ ​បានប្តេជ្ញា​ចិត្ត​ពង្រីក​ចំណង​មិត្តភាព ​រវាង​កម្ពុជា ​និង​អាស៊ែបៃហ្សង់​ថែម​ទៀត។

លោក ​Mammadov ​បានសរសេរ​នៅលើ ​Twitter ​នា​ថ្ងៃទី១ ​ខែមិថុនា ​ថា ​លោក​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការទទួល​ស្វាគមន៍​លោក ​ចែម វីឌ្យ៉ា ​សម្រាប់​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ជុំ​ទី៣​នៅ​ទីក្រុង​បាគូ។

លោក​បានថ្លែងថា​៖«[យើង]​ បានពិភាក្សា​អំពី​កិច្ចការ​អាទិភាព​របស់​យើង​ក្នុង​នាម​ជាប្រធាន​ចលនា​មិនចូល​បក្សសម្ព័ន្ធ​របស់​ Azerbaijan ​និង​ក្នុង​នាម​ជាប្រធាន​អាស៊ាន​របស់​កម្ពុជា។ [យើង] ​បានចុះ​ហត្ថលេខា​លើ​ការលើកលែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិត​ឆ្លងដែន​ការទូត»៕