ភ្នំពេញៈ រោង​សិប្បកម្ម​កែច្នៃ​ថង់​ប្លាស្ទិក​មួយកន្លែង​ បានរង​ការឆេះ​ខូចខាត​ស្ទើរ​អស់​ទាំង​ស្រុង​ក្នុង​គ្រោះ​អគ្គិភ័យ ​កាលពី​ រសៀល​ថ្ងៃទី៤ ​ខែមិថុនា ​នៅ​ចំណុច​ភូមិឫស្សី​ ក្រុម១៧​ សង្កាត់​ស្ទឹង​មានជ័យ​ទី២​ ខណ្ឌ​មានជ័យ​ រាជ​ធានី​ភ្នំពេញ។ នេះ​បើ​តាម​មន្ត្រី​នគរបាល​ពន្លត់​អគ្គិភ័យ។

លោក​ព្រហ្ម យ៉ន ​ប្រធាន​ការិយាល័យ​នគរបាល​បង្ការ ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ រាជធានី​ភ្នំពេញ ​បាននិយាយថា​ អគ្គិភ័យ​នេះ ​បានបង្ក​ការខូចខាត​ នូវ​គ្រឿង​ឧបករណ៍​សម្ភារ​ប្រើប្រាស់​ ប្លាស្ទិក ​អស់​ប្រមាណ​៧០​ភាគរយ​ និង​ ឆេះ​ខូចខាត​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម​ សម្រាប់​ផលិត​កែច្នៃ​ថង់​ប្លាស្ទិក ​ចំនួន ​២គ្រឿង ​ព្រមទាំង​ខូចខាត​សំណង់​ជា​ឃ្លាំង​ស្ដុក​សម្ភារ ​ទំហំ​ ២៥ម៉ែត្រ​ x ​៣០ម៉ែត្រ ​ស្ទើរ​ទាំង​ស្រុង។ ប៉ុន្តែ​មិនបង្ក​របួស ​ឬ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​បុគ្គលិក​កម្មករ​ណាម្នាក់​ឡើយ ​ព្រោះ​កម្មករ​ត្រូវបាន​អនុញ្ញាតឱ្យ​ឈប់​សម្រាក ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ចូលរួម​បោះ​ឆ្នោត​ឃុំ​-សង្កាត់។

លោក​ថ្លែងថា​៖«គ្រោះ​អគ្គិភ័យ​នេះ ​ក៏​មិនបង្ក​ការឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ​នៅ​ក្នុង​តំបន់​នោះ​ដែរ ​ព្រោះ​ក្រុម​កម្លាំង​កង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​យើង ​ បានជួយ​អន្តរាគមន៍​បាញ់​ទឹក​ទប់ស្កាត់​ផង ​និង​ បាញ់​ពន្លត់​ផង ​ទៅតាម​បច្ចេកទេស​របស់​ខ្លួន​បាន​យ៉ាង​ល្អ»។

លោក​បានបញ្ជាក់ថា​៖«តាម​ការពិនិត្យ ​និង​សួរនាំ​សាក្សី​នៅ​កន្លែង​កើតហេតុ ​ដែល​រួមទាំង​ម្ចាស់​រោង​សិប្បកម្ម​នោះ ​គ្រោះ​អគ្គិភ័យ​នេះ​បង្កឡើង​មកពី​ការផ្ទុះ​ឆ្លង​ចរន្ត​អគ្គិសនី»។

បើ​តាម​លោក​ព្រហ្ម យ៉ន ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ខាងលើ​នេះ ​កម្លាំង​សមត្ថកិច្ច​បានប្រើ​រយៈពេល​២ម៉ោង ​ទើប​រលត់​អស់​ទាំងស្រុង ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​១៦គ្រឿង ​និង​ប្រើប្រាស់​ទឹក​អស់​ ៦៤ ម៉ែត្រ​គុប។

យោង​តាម​ទិន្នន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​នគរបាល​បង្ការ ​ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ​នៃ​ក្រសួង​មហាផ្ទៃ​ ក្នុង​រយៈពេល​ ៥ ខែ​ ដើម​ឆ្នាំ ​២០២២ នេះ ​គ្រោះ​អគ្គិភ័យ ​បានបណ្ដាល​ឱ្យមាន​ជនរងគ្រោះ​ស្លាប់​ចំនួន ​១១ នាក់ ​និង​ ៣១ នាក់​ទៀត​រងរបួស ​ព្រមទាំង​ឆេះ​ខូចខាត​ផ្ទះ ​សរុប​៤០០ខ្នង ​និង​តូប​លក់ដូរ​ចំនួន​ ៤០តូប ​រួមទាំង​ទ្រព្យ​សម្បត្តិ​មួយចំនួន​ធំ៕

វីដេអូ៖