ភ្នំពេញៈ ការិយាល័យ​សិក្សា​នៅ​ប្រទេស​ជប៉ុន ​សម្រាប់​អាស៊ាន​ប្រចាំ​រាជធានី​ភ្នំពេញ ​នឹង​ត្រូវបើក​ដំណើរការ​ជាផ្លូវការ​នៅ​មជ្ឈ​មណ្ឌល​សហប្រតិបត្តិការ​ កម្ពុជា​-ជប៉ុន ​(CJCC)​ រាជធានី​ភ្នំពេញ ​នា​ថ្ងៃទី៦ ​ខែមិថុនា។

ការិយាល័យ​សិក្សា​នេះ ​នឹង​រៀបចំ​កម្មវិធី​សិក្ខា​សាលា​ពិសេស​នៅ​កម្ពុជា ​សម្រាប់​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​ តាម​អនឡាញ​ និង​ដោយ​ផ្ទាល់ ​ដើម្បី​អបអរសាទរ​ និង​រំឭក​ដល់​ការបើក​សម្ពោធ​ការិយាល័យ​សិក្សា​នេះ។

ទំព័រ​ហ្វេសប៊ុក ​OJEIC Cambodia/Study in Japan Global Network Project - ASEAN for Cambodia​ ឬ​ហៅ​ថា ​«គម្រោង​បណ្តាញ​សកល​នៃ​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​នៅ​អាស៊ាន)»​បញ្ជាក់​កាលពី​ថ្ងៃទី៣០​ ខែឧសភា ​និង​ត្រូវបាន​ចែក​រំលែក​បន្ត​(Share) ​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​នា​ថ្ងៃទី៤ ​មិថុនា ថា​៖«នៅ​ទីបំផុត ​បន្ទាប់ពី​រង់ចាំ​អស់រយៈ​ពេល​យ៉ាង​យូរ ​ការិយាល័យ​សិក្សា​នៅ​ប្រទេស​ជប៉ុន ​សម្រាប់​អាស៊ាន ​ប្រចាំ​នៅ​ភ្នំពេញ ​នឹង​បើកដំណើរការ ​ជាផ្លូវការ ​នៅ​ RUPP/CJCC ​នៅ​ថ្ងៃទី៦ ​ខែមិថុនា ​ឆ្នាំ២០២២​ខាង​មុខ​នេះ!»។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖«យើង​នឹង​ផ្តល់​វិញ្ញាបនបត្រ​ពិសេស ​សម្រាប់​អ្នកដែល​បានចូលរួម​សិក្ខាសាលា​ផ្ទាល់​នៅ​សាល​អង្គរ-​គីហ្សូណា ​[នៅ CJCC] ​និង​ជាសាក្សី ​ក្នុង​ការបើកសម្ពោធ ​នៃ​ការិយាល័យ​សិក្សា​នៅ​ប្រទេស​ជប៉ុន ​សម្រាប់​អាស៊ាន​ ភ្នំពេញ»។

សិក្ខា​សាលា​នេះ ​នឹង​ត្រូវបាន​បើកឱ្យ​ចូលរួម ​ដោយ​សេរី ​ដោយ​មាន​កម្មវិធី​បង្ហាញ ​នូវ​ព័ត៌មាន​អំពី​ការសិក្សា ​និង​អាហា​រូប​ករណ៍​នៅ​ប្រទេស​ជប៉ុន ​និង​ការណែនាំ​អំពី​សាកលវិទ្យាល័យ​នានា ​របស់​ជប៉ុន​ និង​ការចែករំលែក​បទពិសោធ​អំពី​ការសិក្សា​នៅ​ប្រទេស​ជប៉ុន។

សាកល​វិទ្យាល័យ​អូកាយ៉ាម៉ា ​(Okayama University) ​របស់​ជប៉ុន​ត្រូវបាន​ចាត់តាំង​ឱ្យ​អនុវត្ត​ «គម្រោង​បណ្តាញ​សកល​ការសិក្សា​នៅ​ប្រទេស​ជប៉ុន ​នៅ​អាស៊ាន» ​ដោយ​ក្រសួងអប់រំ ​វប្បធម៌ ​កីឡា​វិទ្យាសាស្ត្រ ​និង​បច្ចេកវិទ្យា​(MEXT) ​របស់​ជប៉ុន ​នៅ​ឆ្នាំ២០១៩ ​ក្នុង​គោល​បំណង​បង្កើន​ចំនួន​និស្សិត​អន្តរជាតិ​ពី​អាស៊ាន ​១,៥ដង​ក្នុង​រយៈពេល​៥ឆ្នាំ៕