បន្ទាយ​មានជ័យៈ ប្រជា​កសិករ​និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំសឿ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មាន​ជ័យ បាន​អំពាវនាវ​សុំកិច្ច​អន្តរាគមន៍​ ពី​មន្ត្រី​ជំនាញ​ នៃអង្គភាព​ពាក់​ព័ន្ធ ជួយ​បូមទឹក​បញ្ចូល​ស្រែ ដើម្បី​សង្គ្រោះ​ស្រូវ​ពង្រោះ​​ របស់​ពួក​គាត់​ប្រមាណ​ជិត ២ ០០០​ហិក​តា ដែល​កំពុង​ប្រឈម​ការ​ខ្វះ​ទឹក​ស្រោច​ស្រព​។

លោក​ ជា ទី មេឃុំ​សឿ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដីស្រែ​ស្រូវ​ពង្រោះ​ ដើម​រដូវ​របស់​ប្រជា​កសិករ​ ក្នុង​ឃុំ​របស់​គាត់ ប្រមាណ​១ ៧០០​ហិកតា កំពុង​ប្រឈម​ខ្វះ​ទឹក ដោយ​សារ​មានការ​បិ​ទខ្ទប់​មុខ​ទឹក​មួយ​កន្លែង ស្ថិត​ក្នុង​ឃុំ​ព្រៃ​ខ្ពស់ ស្រុក​បវេល ខេត្ត​បាត់​ដំបង ដើម្បី​ស្ថាបនា​ជួស​ជុលឡើង​វិញ ​នូវ​សំណង់​ស្ទាក់​ទឹក​អូរ​សណ្ដាន់​ ដែល​រងកា​រ​ខូច​ខាត​ដោយ​គ្រោះ​ជំនន់​ទឹក​ភ្លៀង​កាលពី​ឆ្នាំ​មុន។

លោក​ថ្លែង​ថា​៖«តាម​គម្រោង​សំណង់​នោះ​ អាច​នឹង​ស្ថាបនារួច​ក្នុង​រយៈ​ពេល​២​ខែ​ទៀត ប៉ុន្តែ​បើបន្ត​បិទ​ខ្ទប់​ទឹក​មិន​ឱ្យ​ហូរចូល​តាមប្រឡាយ​មេ មក​កាន់​តំបន់​ដីស្រែ​របស់​កសិករយើ​ង​នៅ​ឃុំ​សឿទេ​នោះ ស្រូវ​របស់​កសិករ​យើង​ ប្រមាណ​ជិត​២ ០០០​ហិកតា​នេះ​ នឹង​​រង​ការ​ខូច​ខាត​អស់ ដោយ​សាខ្វះ​ទឹក​ស្រោច​ស្រព ព្រោះ​សណ្ឋាន​ដីប្រជា​កសិករ​យើង​ខ្ញុំ​ស្ថិត​នៅតំបន់​ទីទួល និង​ខ្វះ​ប្រភព​ទឹក»។

បើតាម​លោក ជា ទី ថ្មីៗនេះ ប្រជា​កសិករ បាន​ដាក់​សំណើ​ទៅ​រដ្ឋ​បាល​ឃុំ​សឿ ដើម្បី​ឱ្យជួយ​អន្តរាគមន៍ ​ទៅ​អង្គភាព​មន្ទីរ​ធន​ធាន​ទឹក​ និង​ឧតុនិយម និង​មន្ទីរ​កសិកម្ម ខេត្ត​បន្ទាយ​មាន​ជ័យ ជួយ​បូម​ទឹ​ក​ពីប្រព័ន្ធ​អូរ ព្រែក ស្ទឹង បឹង​ធម្មជាតិ​មួយ​ចំនួន ​ចាក់​ទៅ​ក្នុង​ប្រព័ន្ធ​ប្រឡាយ​មេ ដើម្បី​ឱ្យ​ប្រជា​កសិករ​ អាច​បូម​ទឹក​បន្ត​ទៅ​ជួយ​សង្គ្រោះ​ស្រូវ​របស់​ពួក​គាត់​ផង និង​ ដើម្បី​ឱ្យ​ដំណើការ​ស្ថាបនា​ជួស​ជុល​សំណង់​ស្ទាក់​ទឹក​អូរ​សណ្ដាន់ អាច​ប្រព្រឹត្ត​ទៅបាន​សម្រេច​តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក។

ជុំវិញ​ករណី​នេះ លោក ឡាយ ពុទ្ធី អនុ​ប្រធាន​មន្ទីរ​ធន​ធានទឹក និង ឧតុ​និយម ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ថ្លែង​ថា នៅពេល​នេះ ក្រុម​ការ​ងារ​នៃ​មន្ទីរ​ធន​ធាន​ទឹក បាន​ចល័ត​ម៉ាស៊ីន​បូម​ទឹក​ចំនួន​៤​គ្រឿង ដែល​មាន​កម្លាំង​៦៥​សេះ ចុះជួយ​អន្តរា​គមន៍​បូម​ទឹក​ទម្លាក់​ចូល​តាម​ប្រឡាយ​មេ ដើម្បី​ឱ្យ​ប្រជា​កសិករ មាន​ទឹក​បូម​បញ្ចូល​ស្រូវ​ដែលកំពុង​ខ្វះ​ទឹក នៅ​ទូទាំង​ឃុំនោះ​ហើយ​ និង​បាន​អំពាវ​នាវ​សុំ​ឱ្យ​ប្រជា​កសិករ យក​ចិត្តទុក​ដាក់​ស្ដាប់និ​ង​អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​ នៅក្នុង​ការដាំ​ដុះនិ​ងថែទាំ​ស្រូវរដូវវស្សា​នេះ ឱ្យបានច្បាស់​លាស់ ដើម្បី​ចៀសវាង​ផលប៉ះ​ពាល់​និង​ខូច​ខាត ដោយ​គ្រោះជំនន់​ទឹក​ភ្លៀង និង គ្រោះ​រាំង​ស្ងួត។

លោក​ថ្លែង​ថា​៖«មន្ត្រី​ជំនាញ​យើង កំពុង​ជួយ​អន្តរា​គមន៍បូម​ទឹក​ជួយ​សង្គ្រោះ​ស្រូវ​របស់​ពួក​គាត់​ហើយ ប៉ុន្តែ​យើង​ចង់​ឱ្យ​ពួកគាត់​ ចូល​រួម​អនុវត្តតាម​ការណែនាំ​របស់​យើង​ផងដែ​រ គឺអ្នក​ដីស្រែ​នៅ​ទីទួល ត្រូវ​ចេះទប់​ទឹក​រក្សា​ទុក ហើយ​អ្នក​មាន​ដីស្រែ​នៅ​ទីទំនាប ត្រូវ​ប្រើម៉ា​ស៊ីន​បូម​ទឹក ចេញ​ពីដី​ស្រែ កុំឱ្យ​ទឹក​វាជន​លិច​ខ្លាំង​ពេក​ងាប់​ស្រូវ​»។

បើតាម​លោក ពុទ្ធី ប្រជា​កសិករ ទាំង​អ្នក​មាន​ដីស្រែនៅ​ទីទួល និង ទីទំនាប មិ​នបាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​នោះ​ទេ ដោយ​ពួក​គាត់​បាន​នាំគ្នាកាយ​ភ្លឺ​ស្រែបង្ហូរ​ទឹក​ចេញ​ពីក្នុង​ស្រែ​អស់​ៗ​តែម្ដង ដោយ​មិន​គិត​អំពី​ផល​អវិជ្ជ​មាន នៅ​ពេល​មេឃ​រាំង​ភ្លៀង​នោះ​ទេ។ នេះ​ជាមូល​ហេតុ ដែល​ពួក​គាត់​មាន​ដីស្រែ​នៅទី​ទួល​ខ្ពស់ ជួប​ប្រឈម​ការ​ខ្វះទឹ​ក។​ ​

ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​និយាយ​ថា មក​ទល់​ពេល​នេះ មិ​នមាន​ស្រូវ​ដើម​រដូវ​វស្សា​នៅ​តំបន់​ណាមួ​យ ក្នុង​ខេត្ត​នេះ រង​ការ​ខូច​ខាត​ដោយ​ករណី​ខ្វះ​ទឹក​នោះ​ទេ ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ ស្ទើរ​គ្រប់​កន្លែង បើទោះ​ជា​ក្នុង​កម្រិត​ខ្សោយ​ក៏ដោយ។ ប៉ុន្តែ​មាន​ករណី​ខូច​ខាត​ស្រូវ​ពង្រោះ ​អស់​ជាង​២ ០០០ហិកតា ដោយ​គ្រោះជំ​នន់​ទឹក​ភ្លៀង នៅ​ក្នុង​ឃុំចំនួ​ន៣ គឺ ឃុំ​ចំណោម ឃុំ​ប្រាសា​ទ និង ឃុំរ​ហាត់​ទឹក នៃ​ស្រុក​មង្គល​បូរី កា​លពី​ដើម​រដូវ​វស្សា​ថ្មីៗ​នេះ​ ៕