ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) បាន​ប្រកាស​នៅក្នុង​សន្និសីទកាសែត​កាលពី​ម្សិលមិញ​ឱ្យដឹងថា ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ចំនួន​ជាង​ ៧,១២ ​លាន​នៃ​ចំនួន​សរុប​ជាង​ ៩,២​ លាន​នាក់ ស្មើ​ ៧៧,៩១ ​ភាគរយ​បាន​ចេញទៅ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ឃុំ​-​សង្កាត់ កាលពី​ម្សិលមិញ​នៅ​ទូទាំង​ប្រទេស ដោយ​បង្ហាញ​នូវ​បរិយាកាស​ជោគជ័យ គ្មាន​អំពើហិង្សា និង​ការគំរាមកំហែង សេរី និង​យុត្តិធម៌ ប៉ុន្តែ​មិនទាន់​អាច​បង្ហាញ​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​នៅឡើយ​ទេ​។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត ក្រោយ​ការបោះឆ្នោត​កាលពី​ម្សិលមិញ​ថា​៖ «​ដំណើរការ​បោះឆ្នោត​របស់​យើង​ប្រព្រឹត្ត​ទៅដោយ​​ជោគជ័យ​គ្មាន​អំពើហិង្សា​ និង​ការគំរាម​កំហែង សេរី​ និង​យុត្តិធម៌ ប៉ុន្តែ​មិនទាន់​អាច​បង្ហាញ​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​នៅឡើយ​ទេ​។

លោក ប្រាជ្ញ ចន្ទ ប្រធាន ​គជប បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត ក្រោយ​ការបោះឆ្នោត​កាលពី​ម្សិលមិញ​ថា​៖ «​ដំណើរការ​បោះឆ្នោត​របស់​យើង​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ គ្មាន​អំពើ​ហិង្សា និង​ការគំរាម​កំហែង​។ យើង​បាន​ប្រឹងប្រែង​ណាស់​ដើម្បី​ធ្វើឱ្យ​យុត្តិធម៌​ និង​សច្ចៈ​»​។

លោក​ ប្រាជ្ញ ចន្ទ បាន​ថ្លែងថា​៖ «​យើង​មិនទាន់​បាន​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​ទេ ដូច្នេះ​យើង​មិនទាន់​ដឹង​ទេ​។ ខ្ញុំ​គិតថា​ ៧៧,៩១​ ភាគរយ​ជា​ភាគរយ​ខ្ពស់​ (​នៃ​អ្នក​ដែល​បាន​ចេញ​ទៅ​បោះឆ្នោត​)»​។

គ.ជ.ប ឱ្យដឹងថា នៅវេលា​ម៉ោង ៧:០០ ​នាទី​ព្រឹក​ថ្ងៃអាទិត្យ​ទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២ ​នេះ ការិយាល័យ​បោះឆ្នោត​ទាំង ២៣ ៦០២ នៃ​រាជធានី ខេត្ត ទាំង​ ២៥ បាន​បើក​ដំណើរការ​ស្របតាម​ការកំណត់​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ធ្វើការ​បោះឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត ដែលមាន​បេក្ខជន​​ឈរឈ្មោះ​នៅ​តាម​ឃុំ សង្កាត់​​នានា សរុប​មាន​ចំនួន​ ១ ៦៥២ ​ឃុំ សង្កាត់ នៅ​ទូទាំង​ប្រទេស​ដែល​អាសនៈ​ក្រុមប្រឹក្សាឃុំ សង្កាត់​​វិញ មាន​សរុប​ចំនួន​ ១១ ៦២២ ​អាសនៈ​។

គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន ៩ ២០៥ ៦៨១​ នាក់ ស្មើនឹង ៨៧,៩៤ ភាគរយ​នៃ​ប្រជាជន​កម្ពុជា​ទាំងអស់​ក្នុង​នោះ​មាន​ស្រី​ចំនួន ៤ ៩០៤ ៨៣២​ នាក់​។ សន្លឹកឆ្នោត​ដែល​ត្រូវ​ប្រើប្រាស់​មាន​ចំនួន ១១ ៦១១ ៤០០ ​សន្លឹក និង​សន្លឹកឆ្នោត​បម្រុង​ជាង ១ ​លាន ២​ សែន​សន្លឹក (១ ២៣៩ ០០០​ សន្លឹក​)​។

ទឹកខ្មៅ​លុបលាង​មិន​ជ្រះ​មាន​ចំនួន ៥២ ០០០ ​ដប​។

សកម្មភាព​ពលរដ្ឋ​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​កាលពី​ថ្ងៃទី​ ៥ ​មិថុនា​។ ហេង ជីវ័ន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ភរិយា​របស់​លោក​បាន​បោះឆ្នោត​នៅ​សាលា​គរុកោសល្យ និង​វិក្រឹតការ​ក្រុង​តាខ្មៅ​នៅវេលា​ម៉ោង ៧:១៥ នាទី​ព្រឹក ប្រកប​ដោយ​ទឹកមុខ​រីករាយ និង​ពុំមាន​ថ្លែង​សារ​ណាមួយ​ទៅកាន់​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ នៅក្នុង​ការិយាល័យ​បោះឆ្នោត​នោះទេ​។ ខណៈ​មេដឹកនាំ មន្ត្រី និង​ប្រជាពលរដ្ឋ​បាន​ទៅ​បោះឆ្នោត​តាម​ការិយាល័យ​រៀងៗ​ខ្លួន​។

លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងថា ការឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​រយៈពេល​ ១៤ ​ថ្ងៃ និង​ថ្ងៃទី​ ៤ ខែមិថុនា ឆ្នាំ​ ២០២២​ ដែលជា​ថ្ងៃ ស រហូត​មក​ដល់​ព្រឹក​ថ្ងៃ​បោះឆ្នោត​ថ្ងៃទី​ ៥ ខែមិថុនា នេះ បរិយាកាស​ជារួម​នៃ​ដំណើរការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ក្នុង​បរិយាកាស​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ គ្មាន​អំពើហិង្សា និង​គ្មាន​ការ​គំរាម​កំហែង​។

លោក​បញ្ជាក់ថា ការិយាល័យ​បោះឆ្នោត​នីមួយៗ​បាន​បើកទ្វារ​ទទួល​ប្រជាពលរដ្ឋ​អញ្ជើញ​មក​បោះឆ្នោត​ជាមួយ​នឹង​វត្តមាន​អញ្ជើញ​មក​បោះឆ្នោត​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ដែលជា​ការបង្ហាញ​ឱ្យឃើញ​ថា​ប្រជាពលរដ្ឋ​បានផ្ដល់​ការគាំទ្រ​ខ្ពស់​ដល់​ដំណើរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​តាមរយៈ​យន្តការ​ជ្រើសរើស​មេដឹកនាំ​ដោយ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព​។

លោក ស ខេង បាន​ថ្លែងថា​៖ «​កម្ពុជា​បាន​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន​ ៥​ ដង​រួចហើយ​រាប់ទាំង​ការបោះឆ្នោត​នៅថ្ងៃនេះ​។ ការបោះឆ្នោត​អាណត្តិ​ទី​ ១​ បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​ ២០០២ និង​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​ ២០០៧ ឆ្នាំ​ ២០១២ ឆ្នាំ​ ២០១៧ និង​ឆ្នាំ​ ២០២២ ​នេះ​។ តាមរយៈ​ការបោះឆ្នោត​នេះ ប្រជាពលរដ្ឋ​ជា​អ្នក​ជ្រើសរើស​មេដឹកនាំ​ឃុំ​-​សង្កាត់​ខ្លួន​ដោយផ្ទាល់​ជា​រៀងរាល់​ ៥ ​ឆ្នាំ​ម្ដង​»​។

ទោះយ៉ាងណា​ក៏ដោយ អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ បាន​ថ្លែង​ដោយ​សម្តែង​ការព្រួយបារម្ភ បន្ទាប់ពី​អាជ្ញាធរ​បាន​បិទទ្វារ​មិនឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ឃ្លាំមើល នៅពេល​រាប់​សន្លឹកឆ្នោត​។

លោក​បន្តថា​៖ «​ខ្ញុំ​បានទទួល​ព័ត៌មាន​ពី​សហការី​របស់ខ្ញុំ​មក​ថា អាជ្ញាធរ​បាន​បិទ​ខ្លោងទ្វារ​សាលារៀន​នៅ​ការិយាល័យ​បោះឆ្នោត​មិនឱ្យ​ពលរដ្ឋ​ទៅ​សង្កេត​អំពី​ការរាប់​សន្លឹកឆ្នោត នេះ​ជា​អព្ភូតហេតុ​មិន​ត្រឹមត្រូវ​ទេ​បាទ​។ កាលពីមុន គ.ជ.ប បានប្រកាស​ថា អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាច​សង្កេត​បាន ប៉ុន្តែ​ឱ្យ​ឈរ​ចម្ងាយ ១៥ ម៉ែត្រ​ពី​ការិយាល័យ​នេះ ប៉ុន្តែ​ឥឡូវនេះ​គេ​បណ្តេញចេញ​ទាំងអស់ ហើយ​បិទ​របង​ទ្វារ​សាលា​ចាក់សោ អ៊ីចឹង​យើង​​ដឹង​ហើយ​ថា​វា​នឹង​ទៅជា​យ៉ាងណា លទ្ធផល​នឹង​ទៅជា​យ៉ាងម៉េច​»​។

យ៉ាងណា​ក្តី លោក​ ប្រាជ្ញ ចន្ទ ប្រធាន គជប បាន​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកកាសែត​នៅក្នុង​សន្និសីទ​កាសែត​ទាក់ទង​នឹង​បញ្ហា​នេះ​ថា ការបិទទ្វារ​ដើម្បី​រាប់​សន្លឹកឆ្នោត​មិនមាន​អ្វី​ខុស​នោះទេ ពីព្រោះ​នៅក្នុង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​នីមួយៗ គឺ​សុទ្ធ​តែមាន​អ្នកសង្កេតការណ៍​របស់​តំណាង​គណបក្ស​នយោបាយ​ និង​អ្នក​សង្កេតការណ៍​ឯករាជ្យ​ផ្សេងទៀត រង់ចាំ​ឃ្លាំមើល​យ៉ាង​ដិតដល់​រួចទៅហើយ​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សភាពការណ៍​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដោយ​សន្តិវិធី ហើយ​មាន​សណ្តាប់ធ្នាប់​ល្អ​។ លោក​បន្តថា តាម​លទ្ធផល​ក្រៅ​ផ្លូវការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួលបាន​គឺ ឈ្នះ​មេឃុំ​ស្ទើរ​គ្រប់​ឃុំ សង្កាត់​ទូទាំង​ប្រទេស​។

លោក​ថា​៖ «​តាម​ការ​គុណគូរ​គ្រប់​ការិយាល័យ ខ្ញុំ​សង្កេតឃើញ​ថា គណបក្ស​ប្រជាជន​ឈ្នះ​ឃុំ សឹងតែ​គ្រប់​ឃុំ សង្កាត់ ទូទាំង​ប្រទេស ក៏ប៉ុន្តែ​ដោយសារ​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ ជាធម្មតា​សំឡេង​ជំទប់​ ១​ ជំទប់​ ២ ​អាចមាន​ទៅ​គណបក្ស​ផ្សេង នេះហើយ​ឆ្លុះបញ្ចាំង​ឱ្យឃើញថា យើង​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​»​។

លោក​បញ្ជាក់​៖ «​មូលហេតុ​ដែលថា​គណបក្ស​ប្រជាជន​នៅ​បន្ត​ឈ្នះឆ្នោត​ដោយសារ ទី​ ១​ យើង​មាន​កម្មវិធី​នយោបាយ​ល្អ​ត្រឹមត្រូវ ផ្សារភ្ជាប់​ទៅនឹង​ផលប្រយោជន៍​ប្រទេស​ជាតិ និង​ប្រជាជន ទី​ ២ មន្ត្រី​របស់​យើង​ដាក់ខ្លួន ដាក់​កាយ​បម្រើ​ប្រជាជន​ដោយ​ស្មោះត្រង់ ហើយ​ទី​ ៣ យើង​មាន​សមិទ្ធផល​ជាច្រើន​ដែលជា​ផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ និង​សម្រាប់​ប្រជាជន​ដែល​ទទួលផល អ៊ីចឹង​ប្រជាជន​មើលឃើញ​ស្នាដៃ​នេះ​ដែល​គ្មាន​គណបក្ស​ណាមួយ​ប្រៀបធៀប​បានទេ អ៊ីចឹង​បាន​ប្រជាជន​បន្ត​បោះឆ្នោត​ជូន​គណបក្ស​បន្ត​ដឹកនាំ​ប្រទេស​ទៀត​»​។

អ្នកស្រី ជិន វុទ្ធី អាយុ ៦០ ឆ្នាំ រស់នៅក្នុង​ក្រុង​តាខ្មៅ​ និង​មាន​តួនាទី​ជា​គ្រូបង្រៀន នៅ​វិទ្យាល័យ​ ហ៊ុន សែន ​សេរីភាព បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្រោយ​ការបោះឆ្នោត​ថា ការបោះឆ្នោត​គឺមាន​សារៈសំខាន់ ដើម្បី​ចូលរួម​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត ជាពិសេស​ដើម្បីឱ្យ​ប្រទេស​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​។

អ្នកស្រី​បាន​ថ្លែងថា​៖ «​ទោះបី​បោះឆ្នោត​ឃុំ​ក៏ដោយ សកល​ក៏ដោយ គឺ​ខ្ញុំ​បោះ​រហូត​។ កូនចៅ​ខ្ញុំ​ឱ្យតែ​ដល់​អាយុ គឺ​ឱ្យធ្វើ​អត្តសញ្ញាណប័ណ្ណ ដើម្បី​បោះឆ្នោត ដើម្បី​បំពេញ​តួនាទី​ពលរដ្ឋ​ពេញសិទ្ធិ​។ ពលរដ្ឋ​កុំ​សម្តែង​មតិ​លើ​ការដឹកនាំ​យ៉ាងនេះ​ឬ​យ៉ាងនោះ យើង​ត្រូវ​ទៅ​បោះឆ្នោត​»​។

អ្នកស្រី ផាន់ ណារ៉េត អាយុ ៦៧ ឆ្នាំ​ដែល​រស់នៅក្នុង​ក្រុង​តាខ្មៅ​ដែរនោះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោកស្រី​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​ថ្នាក់ដឹកនាំ​សង្កាត់​នៅក្នុង​ក្រុង​តាខ្មៅ​មកពី​គណបក្ស​នេះ​បាន​យកចិត្ត​ទុកដាក់​មើលថែ​ប្រជាពលរដ្ឋ និង​ដឹកនាំ​ល្អ​មិនដែល​មាន​អ្វី​ជា​បញ្ហា​កើតឡើង​នៅក្នុង​សង្កាត់​លោកស្រី​រស់នៅ​នោះទេ​។

អ្នកស្រី​ថ្លែងថា​៖ «​គាត់​យកចិត្ត​ទុកដាក់​ពលរដ្ឋ ធ្វើការ​ល្អ​ពី​ ១​អាណត្តិ​ទៅ​ ១​ អាណត្តិ​មានការ​រីកចម្រើន​ភូមិ​ឃុំ​។ ខ្ញុំ​ស៊ីបាយ​អ្នកណា ខ្ញុំ​បោះឆ្នោត​ឱ្យ​អ្នកនោះ​។ ខ្ជិល​និយាយ​ច្រើន ខ្ញុំ​រស់នៅ​ជាមួយ​អ្នកណា ខ្ញុំ​បោះឆ្នោត​ឱ្យ​អ្នក​ហ្នឹង​»​។

លោក ម៉ក់ សុផានឬទ្ធិ ប្រធាន​មណ្ឌល​បោះឆ្នោត​អនុវិទ្យាល័យ​ ប៊ុន រ៉ានី ហ៊ុន សែន ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គិត​ត្រឹម​ម៉ោង​ ១០ ព្រឹក​ថ្ងៃ​បោះឆ្នោត​សង្កេតឃើញ​ពលរដ្ឋ​សម្រុក​មក​បោះឆ្នោត​ច្រើន ខណៈ​ការិយាល័យ​បោះឆ្នោត​នីមួយៗ​មាន​ការរៀបចំ​បានល្អ អ្វីដែល​គួរឱ្យ​កត់សម្គាល់​នោះ​ពុំមាន​បាតុភាព ហិង្សា ឬ​ភាពមិន​ប្រក្រតី​កើតឡើង​នោះទេ គឺ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

លោក​ថា​៖ «​ព្រោះ​នៅមុន​ថ្ងៃ​បោះឆ្នោត យើង​បាន​ចែក​បណ្ណព័ត៌មាន បិទ​សេចក្តី​ប្រកាស​ព័ត៌មាន អ៊ីចឹង​គាត់​មក​មើល​ឈ្មោះ​ម្តង​ហើយ​ម្តងទៀត ហើយ​បាន​សរសេរ​លេខ​រៀង​របស់​គាត់ ពេល​មកដល់​ការិយាល័យ​គាត់​ឱ្យ​មន្ត្រី ឬ​អ្នកសង្កេតការណ៍ ជួយ​រក​ឈ្មោះ​បាន​ចូល​បោះ​ភ្លាម និយាយ​ជារួម ពលរដ្ឋ​គាត់​មានការ​យល់ដឹង​ខ្ពស់​សម្រាប់​ការបោះឆ្នោត​លើក​នេះ​»​។

លោក​ថា ក្នុងនោះ​ក៏មាន​ពលរដ្ឋ​ច្រឡំ ការិយាល័យ​បោះឆ្នោត ១ ទៅ ​២ ករណី​ដែរ ដោយសារ​គាត់​មិន​បាន​មក​ផ្ទៀងផ្ទាត់​ឈ្មោះ​មុន​ថ្ងៃ​បោះឆ្នោត ដោយ​ពលរដ្ឋ​ខ្លះ​គាត់​អាង​តែមាន​ឈ្មោះ​អាណត្តិ​មុន គាត់​មិន​មក​ផ្ទៀងផ្ទាត់​ឈ្មោះ​សម្រាប់​អាណត្តិ​នេះ​ទេ ប៉ុន្តែ​ដល់ពេល​គាត់​មក​បោះឆ្នោត ឈ្មោះ​គាត់​មាន​នៅ​ការិយាល័យ​ផ្សេង នេះ​គឺជា​ធ្វេសប្រហែស​របស់​បុគ្គល​។ អ្នកស្រី ស៊ិន ចាន់នី ​អ្នកសង្កេតការណ៍​មកពី​នារីកម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​បាន​ថ្លែងថា ប្រជាពលរដ្ឋ​គាត់​សម្រុក​មក​បោះឆ្នោត​ច្រើន​តាំងពីព្រឹក អ្នកខ្លះ​ចំណាយពេល​មិន​ដល់​ ១០ ​នាទី​នោះទេ​ដោយសារ​គាត់​ដឹង​លេខ​បន្ទប់ និង​មាន​ទាំង​មន្ត្រី គ.ជ.ប អ្នកសង្កេតការណ៍​សង្គម​ស៊ីវិល​បាន​ជួយ​សម្រួល​ដល់​ពលរដ្ឋ​។

អ្នកស្រី​ថា​៖ «​ពលរដ្ឋ​គាត់​មិន​រង់ចាំ​យូរ​ដូច​មុនៗ​ទេ ហើយ​មាន​ពលរដ្ឋ​ចាស់ជរា យើង​អនុញ្ញាត​ឱ្យ​គាត់​ចូល​គូស​មុន ហើយ​ពលរដ្ឋ​គាត់​មក​បោះឆ្នោត​ដោយ​ស្ម័គ្រចិត្ត អត់​មាន​អ្នក​បង្ខំ​ទេ អត់​មាន​អ្នក​តវ៉ា ឬ​ឈ្លោះ​គ្នា អត់​មាន​ហិង្សា​កើតឡើង​ទេ​»​។

លោក វ៉ាន់ វេត រស់នៅ​សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ បន្ទាប់ពី​បោះឆ្នោត​ហើយ​ថា ក្នុង​នាម​ពលរដ្ឋ​ត្រូវតែ​មក​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ពេញចិត្ត​៕

វីដេអូ៖